សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌា និងអាមេរិកពង្រឹងចំណងយោធា ខណៈទំនាក់ទំនងជាមួយ​ចិនកំពុងតានតឹង
28, Oct 2020 , 10:15 am        
រូបភាព
(ពីឆ្វេងទៅស្តាំ) រដ្ឋមន្រ្តីការពារជាតិអាមេរិក រដ្ឋមន្រ្តីការបរទេសអាមេរិក ជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌា និងរដ្ឋមន្រ្តីការបរទេសឥណ្ឌា។ រូបភាព៖ ក្រសួងការបរទេសអាមេរិក
(ពីឆ្វេងទៅស្តាំ) រដ្ឋមន្រ្តីការពារជាតិអាមេរិក រដ្ឋមន្រ្តីការបរទេសអាមេរិក ជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌា និងរដ្ឋមន្រ្តីការបរទេសឥណ្ឌា។ រូបភាព៖ ក្រសួងការបរទេសអាមេរិក
​ឥណ្ឌា និង​សហរដ្ឋអាមេរិក  បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​មួយ ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ អាច​ផ្លាស់ប្តូរ​ព័ត៌មាន​ចារកម្ម​បាន​ កាលពី​ថ្ងៃទី​២៧ ខែតុលា។ កិច្ចព្រមព្រៀងទ្វេភាគី ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយនឹងចិនកំពុងតានតឹងខ្លាំង​។



​តាមរយៈ​ជំនួប​ផ្លូវរដ្ឋ​នៅ​ថ្ងៃទី​២៧ ខែតុលា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​រដ្ឋមន្ត្រី​ការពារជាតិ លោក ម៉ាក អេ​ស្ព័​រ បាន​ជជែក​ពិភាក្សា​ជាមួយ​សម​ភាគី​ឥណ្ឌា លោក ស៊ូប្រាម៉ានីយាំ​ជែសាន់កា (Subrahmanyam Jaishankar) និង លោក​​ រ៉ាចាណាត ស៊ីង  (Rajnath Singh)​ ។ ក្នុងជំនួប​ថ្នាក់​រដ្ឋមន្ត្រី ២​បូក​២ នេះ បញ្ហា​ជាច្រើន​ដូចជា សន្តិសុខ​ក្នុង​តំបន់ កិច្ចសហប្រតិបត្តិការ ការគំរាមកំហែង​រប​ស់​ចិន​ជាដើម ត្រូវបាន​លើក​យកមក​ជជែក​។ 
 
​ក្រៅពី​បញ្ហា​ខាងលើ អាមេរិក និង​ឥណ្ឌា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ និង​ការដោះដូរ​ព័ត៌មាន​មូលដ្ឋាន (BECA)​។ តាម​ការចុះផ្សាយ​របស់​កាសែត Nikkei Asia កិច្ចព្រមព្រៀងទ្វេភាគី​នេះ នឹង​ជួយ​ប្រទេស​ទាំងពីរ ក្នុងការ​ពង្រឹងសមត្ថភាព​លើ​អន្តរ​ប្រតិបត្តិការ ការចែករំលែក​ព័ត៌មាន​ទាក់ទិន​នឹង​ទិន្នន័យ និង​រូបភាព​, ទិន្នន័យ​សណ្ឋាន​ដី និង​ទឹក និង​បញ្ហា​ផ្សេងទៀត​ជាដើម​។ 
 
«​យើង​នឹង​ឈរ​ប្រកៀក​ស្មា​គ្នា ក្នុង​ការគាំទ្រ​យុទ្ធសាស្ត្រ​សេរី និង​បើកចំហ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​។ លោក​ម៉ាក អេ​ស្ព័​រ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បានលើកឡើង​បែបនេះ​បន្ទាបពី​ជំនួប​២​បូក​២ ដោយ​បន្ថែមថា កិច្ចសហប្រតិបត្តិការ​ខាងលើ គឺជា​យុទ្ធសាស្ត្រ ក្នុងការ​ទប់ស្កាត់​ការបង្កើន​សកម្មភាព​អុង​អាត់ និង​អស្ថិរភាព​របស់​ចិន​នៅក្នុង​តំបន់​។ បើតាម​លោក​អេ​ស្ព័​រ កិច្ចព្រមព្រៀង​ចារកិច្ច​ខាងលើនេះ នឹង​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ញូវដែលី អាច​ចែករំលែក​ព័ត៌មាន​យោធា​នៅក្នុង​តំបន់​បាន​។ 
 
​ក្រៅពី​កិច្ចព្រមព្រៀង​ខាងលើ ប្រមុខ​ការពារជាតិ​អាមេរិក បាន​បន្តទៀតថា អាមេរិក និង​ឥណ្ឌា កំពុងធ្វើការ​បន្ថែមទៀត លើ​កិច្ចសន្ទនា​អវ​កាស និង​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​ប្រឈម​នឹង​ការគំរាមកំហែង​ដែល​ទើប​លេចឡើង​។ 
 
​សូម​បញ្ចា​ក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ការទូត​អាមេរិក និង​ប្រមុខ​ការពារជាតិ​អាមេរិក ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក និង​ស្របពេល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ញូវដែលី កំពុងមាន​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ក្រុង​ប៉េកាំង ដោយ​រាប់​ចាប់ពី​បញ្ហា​ព្រំដែន សេដ្ឋកិច្ច ការទូត និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​៕ 

Tag:
 ​អាមេរិក​
  ឥណ្ឌា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com