សង្គមអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា និងអាមេរិកពង្រឹងចំណងយោធា ខណៈទំនាក់ទំនងជាមួយចិនកំពុងតានតឹង (ពីឆ្វេងទៅស្តាំ) រដ្ឋមន្រ្តីការពារជាតិអាមេរិក រដ្ឋមន្រ្តីការបរទេសអាមេរិក ជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌា និងរដ្ឋមន្រ្តីការបរទេសឥណ្ឌា។ រូបភាព៖ ក្រសួងការបរទេសអាមេរិក
× ឥណ្ឌា និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយ ដែលអនុញ្ញាតឲ្យភាគីទាំងពីរ អាចផ្លាស់ប្តូរព័ត៌មានចារកម្មបាន កាលពីថ្ងៃទី២៧ ខែតុលា។ កិច្ចព្រមព្រៀងទ្វេភាគី ត្រូវបានធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយនឹងចិនកំពុងតានតឹងខ្លាំង។
តាមរយៈជំនួបផ្លូវរដ្ឋនៅថ្ងៃទី២៧ ខែតុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ៃ ប៉ុមប៉េអូ និងរដ្ឋមន្ត្រីការពារជាតិ លោក ម៉ាក អេស្ព័រ បានជជែកពិភាក្សាជាមួយសមភាគីឥណ្ឌា លោក ស៊ូប្រាម៉ានីយាំជែសាន់កា (Subrahmanyam Jaishankar) និង លោក រ៉ាចាណាត ស៊ីង (Rajnath Singh) ។ ក្នុងជំនួបថ្នាក់រដ្ឋមន្ត្រី ២បូក២ នេះ បញ្ហាជាច្រើនដូចជា សន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការ ការគំរាមកំហែងរបស់ចិនជាដើម ត្រូវបានលើកយកមកជជែក។
ក្រៅពីបញ្ហាខាងលើ អាមេរិក និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងការដោះដូរព័ត៌មានមូលដ្ឋាន (BECA)។ តាមការចុះផ្សាយរបស់កាសែត Nikkei Asia កិច្ចព្រមព្រៀងទ្វេភាគីនេះ នឹងជួយប្រទេសទាំងពីរ ក្នុងការពង្រឹងសមត្ថភាពលើអន្តរប្រតិបត្តិការ ការចែករំលែកព័ត៌មានទាក់ទិននឹងទិន្នន័យ និងរូបភាព, ទិន្នន័យសណ្ឋានដី និងទឹក និងបញ្ហាផ្សេងទៀតជាដើម។
«យើងនឹងឈរប្រកៀកស្មាគ្នា ក្នុងការគាំទ្រយុទ្ធសាស្ត្រសេរី និងបើកចំហក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ លោកម៉ាក អេស្ព័រ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងបែបនេះបន្ទាបពីជំនួប២បូក២ ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការខាងលើ គឺជាយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ការបង្កើនសកម្មភាពអុងអាត់ និងអស្ថិរភាពរបស់ចិននៅក្នុងតំបន់។ បើតាមលោកអេស្ព័រ កិច្ចព្រមព្រៀងចារកិច្ចខាងលើនេះ នឹងបើកផ្លូវឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដែលី អាចចែករំលែកព័ត៌មានយោធានៅក្នុងតំបន់បាន។
ក្រៅពីកិច្ចព្រមព្រៀងខាងលើ ប្រមុខការពារជាតិអាមេរិក បានបន្តទៀតថា អាមេរិក និងឥណ្ឌា កំពុងធ្វើការបន្ថែមទៀត លើកិច្ចសន្ទនាអវកាស និងប្រព័ន្ធអ៊ីនធឺណិត ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីប្រឈមនឹងការគំរាមកំហែងដែលទើបលេចឡើង។
សូមបញ្ចាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក និងប្រមុខការពារជាតិអាមេរិក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក និងស្របពេលក្រុងវ៉ាស៊ីនតោន និងក្រុងញូវដែលី កំពុងមានបញ្ហាចម្រូងចម្រាសជាមួយក្រុងប៉េកាំង ដោយរាប់ចាប់ពីបញ្ហាព្រំដែន សេដ្ឋកិច្ច ការទូត និងបញ្ហាជាច្រើនផ្សេងទៀត៕
Tag:
អាមេរិក
ឥណ្ឌា
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com