​ទីប្រឹក្សាសន្តិសុខកូរ៉េខាងត្បូង៖ វត្តមានកូរ៉េខាងត្បូងក្នុងសម្ព័ន្ធភាពសន្តិសុខ«Quad» នឹងបំផ្លាញសន្តិសុខតំបន់
សង្គមអន្តរជាតិ​
អន្តរជាតិ
​ទីប្រឹក្សាសន្តិសុខកូរ៉េខាងត្បូង៖ វត្តមានកូរ៉េខាងត្បូងក្នុងសម្ព័ន្ធភាពសន្តិសុខ«Quad» នឹងបំផ្លាញសន្តិសុខតំបន់
28, Oct 2020 , 12:29 pm        
រូបភាព
លោក Moon Chung-in ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ Yonhap
លោក Moon Chung-in ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ Yonhap
ការចូលរួមរបស់កូរ៉េខាងត្បូង ក្នុងវេទិកាសន្ទនាសន្តិសុខចតុភាគី (Quad) នឹងអាចបំផ្លាញសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែតុលា។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូមួយ ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សានៃមូលនិធិអាត្លង់ទិកនិងអាស៊ីបូព៌ា (Atlantic and East Asia Foundation) លោក Moon Chung-in ទីប្រឹក្សាសន្តិសុខពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា៖ «អាមេរិក គឺជាសម្ព័ន្ធមិត្តតែមួយគត់របស់យើង ខណៈចិនគឺជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្ត»។ ក្នុងន័យនេះ ទីប្រឹក្សាសន្តិសុខរូបរបស់ប្រធានាធិបតី បានបញ្ជាក់ថា ប្រសិនបើកូរ៉េខាងត្បូងផ្តោតអាទិភាពរបស់ខ្លួនលើអាមេរិក ខ្លួននឹងប្រឈមបញ្ហាជាមួយចិន។​
 
កន្លងមកអាមេរិក បានអំពាវនាវឲ្យប្រទេសសម្ព័ន្ធមិត្ត នៅក្នុងតំបន់ចូលរួមក្នុងកិច្ចសន្ទនាសន្តិសុខចតុភាគី។ យ៉ាងណាក៏ដោយ អាមេរិកមិនបានអញ្ជើញកូរ៉េខាងត្បូង ជាផ្លូវការឲ្យចូលរួមក្នុងសម្ព័ន្ធភាពចតុភាគី «Quad» នេះឡើយ។ 

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានYonhap លោកMoon បានបន្ថែមថា ប្រសិនបើអាមេរិក ជំរុញកូរ៉េខាងត្បូងឲ្យចូលរួមក្នុងវេទិកាសន្ទនាសន្តិសុខ​​ចតុភាគី «Quad» ប្រាកដណាស់ថាចិន នឹងចាត់ទុកកូរ៉េខាងត្បូងជាសត្រូវ។ ចំណុចនេះហើយគឺជាអ្វីដែលកូរ៉េខាងត្បូងត្រូវប្រឈម និងបារម្ភ។ ដូច្នេះហើយ សម្រាប់រូបលោក កូរ៉េខាងត្បូង មិនគួរចូលរួម ក្នុងកិច្ចសន្ទនាខាងលើឡើយ ដើម្បីបញ្ចៀសបញ្ហាផ្សេងជាមួយចិន ដែលជាប្រទេសជិតខាង។ 
 
បើតាមការយល់ឃើញរបស់សាស្រ្តាចារ្យចូលនិវត្តន៍របស់សកលវិទ្យាល័យYonsei នៅក្នុងទីក្រុងសេអ៊ូលរូបនេះ វត្តមានរបស់កូរ៉េខាងត្បូងក្នុង Quad អាចអនុញ្ញាតឲ្យចិន បង្កើតបក្សសម្ព័ន្ធត្រីភាគីជាមួយរុស្ស៊ី​ និងកូរ៉េខាងជើងបាន។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យចិន ចាប់ផ្តើមផ្តល់ជំនួយយោធាដល់កូរ៉េខាងជើងវិញផងដែរ ដែលជំនួយនេះ បានផ្អាកតាំងពីឆ្នាំ ១៩៥៨ មកនោះ។
 
សូមបញ្ជាក់ថា កិច្ចសន្ទនាសន្តិសុខចតុភាគី គឺមានប្រទេសចំនួន៤ ចូលរួម ក្នុងនោះមានដូចជាអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី។ ប្រសិនគ្មានការប្រែប្រួលទេ ក្រុមប្រទេសទាំងនេះ នឹងធ្វើសមយុទ្ធយោធានៅក្នុងខែវិច្ឆិកាខាងមុខនេះ នៅក្នុងសមុទ្រ​អារ៉ាប់ និង​ឈូង​សមុទ្រ​បេង​ហ្កា​ល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន៕ 
 

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com