ជាតិ
សង្គមជាតិ
ជួបគ្រោះទឹកជំនន់៖ កម្ពុជា-វៀតណាម បង្ហាញសមានចិត្តនឹងគ្នាទៅវិញទៅមក
28, Oct 2020 , 1:50 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម (រូបពី AFP)
មេដឹកនាំកម្ពុជានិងមេដឹកនាំវៀតណាម បានសរសេរលិខិតផ្ញើឲ្យគ្នាទៅវិញមក ដើម្បីបង្ហាញការឈឺឆ្អាលពីគ្នា ខណៈប្រទេសជាអ្នកជិតខាងទាំងពីរនេះ សុទ្ទតែកំពុងជួបគ្រោះទឹកជំនន់។



ជុំវិញរឿងទឹកជំនន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតតបទៅលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាមវិញ។ សម្តេច ហ៊ុន សែន បានអរគុណលោក ង្វៀន សួនហ្វុក ដែលបានសរសេរលិខិតជូនសម្តេច ដើម្បីបង្ហាញការបារម្ភពីកម្ពុជា ដែលកំពុងជួបគ្រោះទឹកជំនន់។

តាមរយៈលិខិតឆ្លើយតប ចុះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញសមានចិត្តទៅវៀតណាមវិញ ដែលកំពុងជួបគ្រោះទឹកជំនន់ ដូចកម្ពុជា។ នាយករដ្ឋមន្រ្តីកម្ពុជា សរសេរទៅកាន់នាយករដ្ឋមន្រ្តីវៀតណាមថា៖«ខ្ញុំ មានសេចក្តីសោកសង្រេងយ៉ាងខ្លាំង ដែលបានទទួលព័ត៌មានអំពីការបាត់បង់អាយុជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំនិងទ្រព្យសម្បត្តិធ្ងន់ធ្ងរនៅភាគកណ្តាលនិងតំបន់ខ្ពង់រាបកណ្តាល ជាពិសេសនៅខេត្តធឿនធានហ៊្វេនិងខេត្តក្វាងជិនៃប្រទេសវៀតណាម ដោយសារទឹកជំនន់និងការបាក់ដី ដែលបង្កមកពីព្យុះលីនហ្វា និង [ព្យុះ] ណាងកា នាពេលថ្មីៗនេះ»។

តាងនាមឲ្យរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានចូលរួមរំលែកទុក្ខជាមួយលោក ង្វៀន សួនហ្វុក រួមទាំងប្រជាជនវៀតណាម ពិសេសក្រុមគ្រួសារនៃសពនិងជនរងគ្រោះនៅក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។

លោក ង្វៀន សួនហ្វុក បានសរសេរលិខិតមកសម្តេច ហ៊ុន សែន មុន។ នាយករដ្ឋមន្រ្តីវៀតណាម រំលេចសារក្នុងលិខិត ដែលចុះនៅថ្ងៃទី១៨ ខែតុលា ថា៖«ខ្ញុំ មានក្តីព្រួយចិត្ត និងបារម្ភយ៉ាងខ្លាំង ពេលទទួលដំណឹងថា ការអូសបន្លាយនៃការធ្លាក់ភ្លៀង បានធ្វើឲ្យខេត្ត-ក្រុងជាច្រើនរបស់ប្រទេសកម្ពុជា រងផលប៉ះពាល់ បង្កការជន់លិច និងការខូចខាតដ៏ធ្ងន់ធ្ងរដល់មនុស្សនិងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា»។

លោក ង្វៀន សួនហ៊្វុក បានជម្រាបសម្តេច ហ៊ុន សែន ថា លោក ជំនួសមុខឲ្យរដ្ឋាភិបាលនិងប្រជាជនវៀតណាម សូមផ្ញើការសួរសុខទុក្ខដោយស្មោះនិងជ្រាលជ្រៅបំផុត ជូនសម្តេច អាជ្ញាធរ និង ប្រជាជនកម្ពុជាតាមបណ្តាខេត្ត-ក្រុង ដែលរងផលប៉ះពាល់ ព្រមទាំងបណ្តាក្រុមគ្រួសារដែលមានសមាជិករងគ្រោះធម្មជាតិ។

ក្នុងលិខិតដែលផ្ញើជូនគ្នាទៅវិញទៅមក នាយករដ្ឋមន្រ្តីទាំងពីរ បានបង្ហាញជំនឿរៀងៗខ្លួនថា ប្រទេសទាំងពីរនេះ នឹងអាចដោះស្រាយបានចំពោះបញ្ហាទឹកជំនន់ ហើយនឹងមានភាពល្អប្រសើរឡើងវិញ។

ក្រៅពីនាយករដ្ឋមន្រ្តី ថ្នាក់រដ្ឋមន្រ្តី ក៏មានការផ្ញើលិខិតជូនគ្នាដែរ ដើម្បីចូលរួមរំលែកទុក្ខនិងបង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតមនុស្សនិងការខូចខាតទ្រព្យសម្បត្តិ ដោយគ្រោះធម្មជាតិ។ សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ផ្ញើលិខិតជូនទៅលោក  ង៉ូ ស៊ុនលិច រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ហើយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតជូនលោក ផាម ប៊ិញមិញ រដ្ឋមន្រ្តីក្រសួងបរទេសវៀតណាម។

គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កម្ពុជា មានប្រជាពលរដ្ឋ៤៤នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះទឹកជំនន់ ខណៈនៅវៀតណាម ស្លាប់ជាង១០០នាក់៕

Tag:
 កម្ពុជា-វៀតណាម
  គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com