ភ្នំពេញ៖ ក្រសួងអប់រំ នឹងសហការគ្នាជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តភា្ជប់ប្រព័ន្ធអ៊ីនធឺណិតដល់គ្រឹះស្ថានសិក្សាកម្រិតថ្នាក់ទី១ ដល់ថ្នាក់ទី១២តាមបណ្តាខេត្តចំនួន៣ពាន់កន្លែង ក្នុងរយៈពេល៤ឆ្នាំទៅមុខ ដោយអនុវត្តចាប់ពីឆ្នាំ២០២០ ដល់២០២៣ ដើម្បីឲ្យសិស្សានុសិស្សអាចសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា។
គម្រោងនេះត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន នាជំនួបពិភាក្សា និងវាយតម្លៃជ្រើសរើសអង្គភាព និងគ្រឹះស្ថានសិក្សាដែលតាំងចិត្តប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាដល់សិស្សានុសិស្ស ជាមួយនឹងលោក ជុន វ៉ាត អគ្គនាយក ICT នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៣ ខែតុលា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗថា គម្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតតាមគ្រឹះស្ថានសិក្សានេះនឹងជាមធ្យោបាយមួយសម្រាប់សម្រួលដល់យុវសិស្សអាចសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យាបានយ៉ាងរលូន។ លោកបានរៀបរាប់ដូច្នេះថា៖«គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថល»។
អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០រហូតដល់ឆ្នាំ២០២៣។ លោកបញ្ជាក់ថា ជាជំហានដំបូងនៅឆ្នាំនេះ ក្រសួងនឹងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតសម្រាប់សាលាចំនួន៣០០សាលា។
អ្នកនាំពាក្យក្រសួងអប់រំបានរៀបរាប់ដូច្នេះថា៖«ពីឆ្នាំ២០២០នេះទៅ សាលាគោលដៅចំនួន៣០០សាលា។ ហើយនៅឆ្នាំ២០២១ ជាជំហានបន្តបន្ទាប់នោះ នឹងមានសាលាចំនួន៦០០ ទៅ៧០០សាលាទៀត។ ក្រសួងអប់រំ នឹងជ្រើសរើសសាលាកម្រិតថា្នក់ទី១ ដល់ថ្នាក់ទី១២។ មួយទៀតសាលាធនធាន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ»។
មុននឹងសាលាទាំងនោះអាចទទួលបានគម្រោងនេះ លោក រស់ សុវាចា បានបញ្ជាក់ថា សាលាទាំងនោះគឺក្រសួងមានការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ធនធាន និងការតាំងចិត្តរបស់សាលារៀនក្នុងការអនុវត្តគម្រោងនេះជាមុនសិន។
ក្រសួងអប់រំ ក៏នឹងអនុវត្តគម្រោងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀនរហូតដល់១៥០សាលាផងដែរដោយមានលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំជាប្រធាន រួមជាមួយនឹងក្រុមការងារ ដឹកនាំ និងគ្រប់គ្រងគម្រោងនេះ។ គម្រោងនេះក៏នឹងបំពាក់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន១០០ Mbps ដោយឥតគិតថ្លៃផងដែរ ។
បើតាមលោក ហង់ជួន ណារ៉ុន ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀននេះ នឹងគ្រប់គ្រងលើការចុះឈ្មោះសិស្ស ប្រវត្តិរូបសិស្ស គ្រប់គ្រងពិន្ទុសិស្ស តាមដានវត្តមានសិស្ស ដោយមានការផ្ញើសារប្រាប់ពីការអវត្តមានសិស្ស គ្រប់គ្រងកាលវិភាគគ្រូ និងសិស្ស និងមានមុខងារផ្សេងៗទៀត។ បច្ចុប្បន្ននៅវិទ្យាល័យចំនួន២ គឺវិទ្យាល័យ ហ៊ុន សែនសេរីភាព ខេត្តកណ្តាល និងវិទ្យាល័យ១០មករា១៩៧៩ ខេត្តសៀមរាប កំពុងតែអនុវត្តគម្រោងនេះ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកទឹកចិត្តឲ្យគណៈគ្រប់គ្រងសាលា និងបុគ្គលិកអប់រំខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធនេះដើម្បីជំរុញឲ្យគ្រូមានចំណេះដឹងផ្នែកឌីជីថលដែលស្របតាមចក្ខុវិស័យរបស់ក្រសួងក្នុងការលើកស្ទួយវិស័យអប់រំបែបឌីជីថលនៅកម្ពុជា៕