ជាតិ
ក្រុម​ព្រឹទ្ធាចារ្យ​បុរាណ​វ័យ​ជិត​១០០​ឆ្នាំ នឹង​បង្ហាញ​ស្នាដៃ​កម្រ​របស់ខ្លួន នៅ​ថ្ងៃ​២៩ តុលា​
28, Oct 2020 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ស្រី ភឿង សកុណា ត្រូវ​បាន​កាន់​ដៃ​ដោយ​គ្រូរបាំ​ដែល​មាន​វ័យ​ចំណាស់(រូប​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ)
រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ស្រី ភឿង សកុណា ត្រូវ​បាន​កាន់​ដៃ​ដោយ​គ្រូរបាំ​ដែល​មាន​វ័យ​ចំណាស់(រូប​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ)
​ភ្នំពេញ​៖ ល្ខោនពោល​ស្រី​រឿង “​ជ័យ​ជេ​ត​” ដែលជា​ទម្រង់​សិល្បៈ​ល្ខោន​បុរាណ​ស្ទើរតែ​បាត់បង់ ហើយក៏​មិនសូវមាន​អ្នក​ធ្លាប់​បានឮ​នោះ នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃទី​២៩ ខែតុលា ក្នុងឱកាស​អបអរ​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​គម្រប់​ខួប​លើក​ទី​១៦ របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្នាដៃ​ដ៏​កម្រ​នេះ ជា​សមិទ្ធផល​របស់​គ្រូ​ល្ខោន​ចាស់ៗ និង​តន្ត្រីករ​ដែលមាន​ជន្មាយុ​ជិត​១០០​ឆ្នាំ សហការ​ជាមួយ​សិល្បករ​វ័យក្មេង នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជាច្រើនរូប​។​


​បើតាម​លោក ប៊ុត ចាន់ណា ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ល្ខោនពោល​ស្រី​រឿង​”​ជ័យ​ជេ​ត​” មាន​សិល្បករ រួមទាំង​តន្ត្រីករ​ចូលរួម​សម្ដែង​ប្រមាណ​ជាង​៤០​រូប​។ ការសម្ដែង​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ដោយមាន​ការផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ម៉ោង​៩​ព្រឹក​ផងដែរ​។​
 


«​ល្ខោនពោល​ស្រី​នេះ ក្រុមការងារ​នៅក្នុង​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​បាន​ស្រាវជ្រាវ ហើយ​សហការ​ជាមួយ​គ្រូ​ចាស់ៗ ដែលមាន​ជន្មាយុ​ជាង​៨០​ឆ្នាំ និង​ជាង​៩០​ឆ្នាំ ដើម្បី​ដំឡើង​រឿងនេះ​ឡើង​។ ល្ខោន​នេះ​ស្ទើរតែ​បាត់បង់​ទៅហើយ ដោយ​នៅសល់​ខ្លះ​ក្នុង​តំបន់​កៀនស្វាយ​។ រឿង​”​ជ័យ​ជេ​ត​”​នេះ នឹង​សម្ដែង​មួយ​រឿង​ពេញ ប៉ុន្តែ​យើង​សង្ខេប​ខ្លះ គិត​ទៅ​ប្រហែលជា​សម្ដែង​ជាង​១​ម៉ោង​។ នៅ​ថ្ងៃទី​២៩​នេះ នៅ​នាយកដ្ឋាន​មាន​ការថត​រឿង​ពីរ គឺ​ទម្រង់​ល្ខោនពោល​ស្រី​រឿង “​ជ័យ​ជេ​ត​” និង​ទម្រង់​ល្ខោនអាប៉េ​រឿង “​ស្រីក្ងោកមាស​”​។ រឿង​”​ជ័យ​ជេ​ត​” មាន​សម្ដែង​កាលពីមុន​ដែរ គឺ​ប្រហែល​ក្នុង​ឆ្នាំ​២០០២​ឬ​២០០៤ ខ្ញុំ​ចាំ​មិនសូវ​ច្បាស់ កាលនោះ​សម្ដែង​នៅ​មហោស្រប​ចាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៊ុត ចាន់ណា ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​។​
 
​សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ​ល្ខោន និង​ព្រឹទ្ធាចារ្យ​ភ្លេងបុរាណ នៃ​វត្ត​កៀនស្វាយក្រៅ ដែល​បាន​ចូលរួម​ដំឡើង​ស្នាដៃ​ល្ខោនពោល​ស្រី​នេះ​រួមមាន លោកយាយ គិ​ន យិន មាន​ជន្មាយុ​៨៤​ឆ្នាំ ឯកទេស​យក្ស​។ លោកយាយ អ៊ូ ណ​ម ជន្មាយុ​៨៩​ឆ្នាំ ឯកទេស​យក្ស​។ លោកយាយ ជា មុត ជន្មាយុ​៨៩​ឆ្នាំ ឯកទេស​នាយ​រោង និង​លោកតា នៅ ជា ជន្មាយុ ៩៥​ឆ្នាំ ជា​តន្ត្រីករ​។ ទោះជា​យ៉ាងណា ការដំឡើង​ស្នាដៃ​ដ៏​កម្រ​នេះ ក៏មាន​ការចូលរួម​ពី​សិស្ស​ល្ខោន​នៅ​វត្ត​កៀនស្វាយក្រៅ និង​សិល្បករ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផងដែរ​៕
 

Tag:
 សិល្បៈ​
  ល្ខោន​
  តន្ត្រីករ​
  ល្ខោនពោល​ស្រី​
  សិល្បៈ​បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com