ជាតិ
​ទឹកជំនន់​ជិត​មួយខែ​កន្លងមកនេះ ខេត្តបន្ទាយមានជ័យរ​ង​គ្រោះ​ខ្លាំងជាងគេ
28, Oct 2020 , 10:29 pm        
រូបភាព
លោកអភិបាល អ៊ុំ រាត្រី អគ្គកុងស៊ុលជប៉ុនប្រចាំកម្ពុជា និងតំណាង Jica យកអំណោយ របស់ប្រជាជនជប៉ុន ចែកជូនពលរដ្ឋនៅបន្ទាយមានជ័យ
លោកអភិបាល អ៊ុំ រាត្រី អគ្គកុងស៊ុលជប៉ុនប្រចាំកម្ពុជា និងតំណាង Jica យកអំណោយ របស់ប្រជាជនជប៉ុន ចែកជូនពលរដ្ឋនៅបន្ទាយមានជ័យ
ដោយ:
​ទឹកជំនន់​នៅ​កម្ពុជា បាន​បង្ក​ឲ្យ​ដំណាំ​ស្រូវ និង​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​ជិត ៣៨​ម៉ឺន​ហិកតា​ជន់​លិច​។ ក្នុងនោះ​ដំណាំ​កសិកម្ម​នៅ​ខេត្តបាត់ដំបង ប៉ះពាល់​ច្រើនជាងគេ បន្ទាប់មក​គឺ​ខេត្តបន្ទាយមានជ័យ និង​ពោធិ៍សាត់​។ សម្រាប់​ខេត្តបន្ទាយមានជ័យ ក្រៅតែពី​មាន​អ្នក​បាត់​បង់ជីវិត​ច្រើនជាងគេ​ហើយ  ដំណាំ​កសិកម្ម​ដែល​ត្រូវបាន​ទឹកជំនន់​ជន់​លិច ក៏​ខ្លាំងណាស់ ពោលគឺ​ចាញ់​តែ​ខេត្តបាត់ដំបង​មួយ​ប៉ុណ្ណោះ​។​

 
​រយៈពេល​ជិត​មួយខែ​ហើយ ដែល​កម្ពុជា​បាន​ប្រទះ​នឹង​គ្រោះទឹកជំនន់​។ គិត​ត្រឹម​ថ្ងៃទី​២៧ ខែតុលា គ្រោះធម្មជាតិ​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ដល់​ទៅ​៤៤​នាក់​ហើយ​បាត់បង់​ជីវិត  ខណៈដែល​ពលរដ្ឋ​ជិត​៦០​ម៉ឺន​នាក់​ទៀត​រង​ការប៉ះពាល់​។ តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុងចំណោម​អ្នកស្លាប់​ទាំង​៤៤​នាក់ មាន​២៦​នាក់ រស់នៅ​ខេត្តបន្ទាយមានជ័យ ៧​នាក់​នៅ​កំពង់ធំ ៦​នាក់​នៅ​ពោធិ៍សាត់ ២​នាក់​នៅ​ព្រះសីហនុ ១​នាក់​នៅ​ប៉ៃលិន ១​នាក់​នៅ​កំពង់ឆ្នាំង និង​១​នាក់​នៅ​ខេត្តស្ទឹងត្រែង​។  
 
​សម្រាប់​ខេត្តបន្ទាយមានជ័យ ក្រៅតែពី​មាន​អ្នក​បាត់​បង់ជីវិត​ច្រើនជាងគេ​ហើយ ដំណាំ​កសិកម្ម​ដែល​ត្រូវបាន​ទឹកជំនន់​ជន់​លិច ក៏​ច្រើនជាង​បណ្តា​ខេត្ត​រងគ្រោះ​ដទៃ​ដែរ ពោលគឺ​ចាញ់​តែ​ខេត្តបាត់ដំបង​មួយ​ប៉ុណ្ណោះ​។ បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ទឹកជំនន់​បានធ្វើ​ឲ្យ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ដទៃទៀត សរុប​ជិ​៣៨​ម៉ឺន​ហិកតា លិចលង់ ក្នុងនោះ​ដំណាំ​កសិកម្ម​ក្នុង​ខេត្តបាត់ដំបង​ប្រមាណ​ជិត ១៩​ម៉ឺន​ហិកតា បន្ទាប់មក​ខេត្តបន្ទាយមានជ័យ​ជាង ៨​ម៉ឺន​ហិកតា​។ ដោយឡែក​ខេត្តពោធិ៍សាត់ ស្រូវ និង​ដំណាំ​ជិត ៥​ម៉ឺន​ហិកតា ក៏ត្រូវ​បាន​ជន់​លិច​ដែរ​។ 
 
​ពាក់ព័ន្ធ​នឹង​ការ​ជន់​លិច​នេះដែរ ដោយ​ឃើញថា ស្ថានភាព​ទឹកជំនន់​បាន​ថមថយ​ចុះ និង​មាន​ភាព​ធូរស្រាល​ជា​បណ្ដើៗ​ហើយ​នោះ ក្រសួងកសិកម្ម ក៏បាន​ចាប់ផ្ដើម​យុទ្ធនា​ស្ដារឡើងវិញ លើ​ផលដំណាំ​ដែល​បាន​រង​ការខូចខាត នៅ​ខេត្ត​គោលដៅ​អាទិភាព​ចំនួន​៤ គឺ​ខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ តាមរយៈ​យុទ្ធនា​នេះ ក្រសួងកសិកម្ម នឹង​វាយតម្លៃ​ផលប៉ះពាល់ និង​ខូចខាត​ជារួម​នៃ​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ ដោយសារ​ជំនន់​ទឹកភ្លៀង និង​នាំយក​ពូជស្រូវ ពូជ​ដំណាំ ពូជ​ត្រី និង​កង្កែប​ទៅ​ចែកជូន​ប្រជាកសិករ​តាម​ខេត្ត​គោលដៅ​ទាំង​៤​ផងដែរ​។​
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​មាន​រាជធានី​-​ខេត្ត​ចំនួន​២០  ដែល​រង​ការប៉ះពាល់​ដោយ​ទឹកជំនន់ ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ​៕

Tag:
 ​កសិកម្ម​
 ​ជំនន់​
 ​ស្រូវ​
 ​ដំណាំ
© រក្សាសិទ្ធិដោយ thmeythmey.com