ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីអប់រំ៖ យើងនឹងមិនយកសាលារៀននៅភ្នំពេញធ្វើជាទីតាំងចត្តាឡីស័កទៀតឡើយ
29, Oct 2020 , 10:45 am        
រូបភាព
​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា(រូបកណ្តាល) រួមទាំងលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួង និងលោក រស់ សុវាចា ​អ្នកនាំពាក្យក្រសួង(ខាងស្តាំ) ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៨ ខែតុលា
​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា(រូបកណ្តាល) រួមទាំងលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួង និងលោក រស់ សុវាចា ​អ្នកនាំពាក្យក្រសួង(ខាងស្តាំ) ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៨ ខែតុលា
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឲ្យបើកសាលារៀនពីកម្រិតថ្នាក់មត្តេយ្យឡើងទៅទាំងអស់ឡើងវិញនៅថ្ងៃទី២ ខែវិច្ឆិកា ដែលស្ថិតនៅក្នុងដំណាក់កាលទី៣។ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ចំណែកសាលារៀនមួយចំនួនដែលទុកជាកន្លែងធ្វើចត្តាឡីស័កកន្លងមកនោះមិនអនុញ្ញាតឲ្យបើកឡើងវិញឡើយ ដើម្បីបង្ការជំងឺឆ្លងកូវីដ-១៩។  ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានអះអាងថា សាលារៀននៅភ្នំពេញនឹងមិនក្លាយជាទីតាំងសម្រាប់ចត្តាឡីស័កទៀតឡើយនាពេលអនាគត។

 
ក្នុងសន្និសីទសារព័ត៌មានស្តីពី«វិធានការក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ» នាថ្ងៃទី២៨ ខែតុលា លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនមួយចំនួនដែលស្ថិតនៅតាមបណ្តាខេត្តដែលរៀបចំជាកន្លែងធ្វើចត្តាឡីស័កសម្រាប់ពលករចំណាកស្រុក និងអ្នកធ្វើដំណើរមកពីក្រៅប្រទេសស្នាក់នៅរង់ចំាលទ្ធផលតេស្តជំងឺកូវីដ-១៩កន្លងមកនោះ នៅតែអាចបើកដំណើរឡើងវិញបាន។  លើកលែងតែសាលារៀនពីរនៅរាជធានីភ្នំពេញប៉ុណ្ណោះដែលកំពុងតែដាក់អ្នកចត្តាឡីស័ក ដែលមិនអនុញ្ញាតឲ្យបើកដំណើរការឡើយ។
 
បើតាមលោករដ្ឋមន្ត្រីក្រសួងអប់រំ ការបិទមិនឲ្យសាលារៀនពីរនេះដំណើការឡើងវិញ គឺបានប៉ះពាល់ដល់សិស្សចំនួន២ពាន់នាក់។ ប៉ុន្តែពួកគេនឹងផ្ទេរទៅរៀននៅសាលាផ្សេងវិញ។ 
 
«នៅតាមខេត្តមិនមានបញ្ហាចោទទេ។ ប៉ុន្តែនៅរាជធានីភ្នំពេញ នៅមានសាលារៀនចំនួន២ ដែលជាប់ចត្តាឡីស័ក។ អ៊ីចឹងកន្លងមកនេះយើងបានសហការជាមួយនឹងសាលារាជធានីភ្នំពេញ ដើម្បីយកសាលាផ្សេង ដើម្បីអាចឲ្យសិស្សរៀននៅសាលាផ្សេង។ យើងនឹងយកសាលាពីរនេះធ្វើជាបញ្ហាមិនឲ្យបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ឡើយ»។ នេះជាការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន។ 
 
លោករដ្ឋមន្រី្តអប់រំបានបញ្ជាក់ថា នៅថ្ងៃអនាគតសាលារាជធានីភ្នំពេញនឹងមិនជ្រើសរើសសាលារៀនធ្វើជាកន្លែងធ្វើចត្តាឡីស័កទៀតឡើយ។ លោកបានរៀបរាប់ដូច្នេះថា៖«នៅថ្ងៃអនាគត សាលារាជធានីភ្នំពេញនឹងជ្រើសរើសកន្លែងចតា្តឡីស័កនៅកន្លែងផ្សេង»។ 
 
លោករដ្ឋមន្ត្រីអប់រំ ក៏បានអះអាងថា បើកាលណាសាលាណាមួយមានផ្ទុះនៅករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី សាលារៀននោះនឹងត្រូវបិទបណ្តោះអាសន្ន។ «ជាមួយគ្នានោះក្រសួងនឹងពិចារណាជាមួយនឹងក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ថានឹងត្រូវបិទសាលាម្តងទៀតឬអត់?»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីអប់រំ។  
 
បច្ចុប្បន្នក្រសួងសុខាភិបាលបានកំណត់កន្លែងចត្តាឡីស័កដែលឲ្យពលករ និងអ្នកធ្វើដំណើរពីក្រៅប្រទេសស្នាក់នៅរយៈពេល១៤ថ្ងៃ នៅតាមសាលារៀន មណ្ឌលកងទ័ពជើងអាកាស សណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ។
 
គិតត្រឹមថ្ងៃទី២៩ ខែតុលានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប២៩០ករណី ដោយសះស្បើយ ២៨៣នាក់។ នៅសល់អ្នកជំងឺ៧នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕
 
 

Tag:
 សាលា
 ចត្តាឡីស័ក
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com