UCL៖ Rashford ស៊ុត hat-trick ឯ Barca ឈ្នះ Juventus ដែល​គ្មាន Ronaldo
កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Rashford ស៊ុត hat-trick ឯ Barca ឈ្នះ Juventus ដែល​គ្មាន Ronaldo
29, Oct 2020 , 11:59 am        
រូបភាព
Marcus Rashford ដែល​ទើប​ប្តូរ​ចូល​នៅ​តង់​ទី​ពីរ​នាទី​៦៣​ទៅហើយ អាច​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង (hat-trick) ដើម្បី​ជួយ Manchester United ឈ្នះ RasenBallsport Leipzig ៥-០ ក្នុងការ​ប្រកួត UEFA Champions League​។ Juventus ដែល​គ្មាន​វត្តមាន Cristiano Ronaldo រង​បរាជ័យ​ក្នុង​ដី​ខ្លួនឯង​ដោយ​លទ្ធផល ២-០ ក្រោម​ថ្វី​ជើង Barcelona​។​



៣​គ្រាប់​របស់ Rashford សម្រេចបាន​នៅ​នាទី​៧៤, ៧៨ និង ៩០ ស្របពេល​រូបគេ​មិន​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ផង មុនពេល Mason Greenwood រក​គ្រាប់​នាំមុខ​នៅ​នាទី​២១ ក្នុងជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H នៅ​កីឡដ្ឋាន Old Trafford នា​រាត្រី​ថ្ងៃទី​២៨ ខែតុលា​។ Anthony Martial ដែល​រ៉ាប់រង​ការ​ស៊ុត​បាល់​ពី​ន័យ​១១​ម៉ែត្រ ធ្វើបាន​សម្រេច​នៅ​នាទី ៨៧​។​
 
​ជ័យជម្នះ ៥-០ លើ​ក្រុម​អាល្លឺម៉ង់ Leipzig បាន​នាំ​ក្រុម​លោក Ole Gunnar Solskjær ទទួលបាន​៣​ពិន្ទុ​បន្ថែម ដោយ​ឈរ​នៅ​កំពូល​តារាង​ពូ​ល H មាន​៦​ពិន្ទុ​ពេញ​។ ក្នុង​ពូ​ល​នេះដែរ Paris Saint-Germain ដែល​យកឈ្នះ Istanbul Basaksehir ២-០ ឡើងទៅ​ចំណាត់ថ្នាក់​ទី​២ ដោយមាន​៣​ពិន្ទុ​ស្មើ​ក្រុម​លេខ​៣ Leipzig​។ Basaksehir នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់ ក្រោយ​ចាញ់​ទាំងពីរ​ប្រកួត​ដំបូង​។​
 
​ដោយឡែក Juventus ឯណោះ​វិញ ទទួលបាន​លទ្ធផល​ខ​ក​ចិត្ត​នៅ​កីឡដ្ឋាន​ខ្លួន Allianz បន្ទាប់ពី​ចាញ់ Barcelona ក្នុង​លទ្ធផល ២-០​។ ជំនួប​ពូ​ល G រវាង​ក្រុម​យក្ស​ទាំងពីរ គ្មាន​វត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម Ronaldo ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័​យ​ដោយសារ​ឆ្លង COVID-19 ឡើយ ស្របពេល​គូប្រជែង​របស់គេ Lionel Messi បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​នៅ​ចុង​ម៉ោង បន្ទាប់ពី Ousmane Dembele រក​គ្រាប់​នាំមុខ​តាំងពី​នាទី​១៤​។​
 
​ខ្សែប្រយុទ្ធ Alvaro Morata ដែលមាន​ឱកាស​រក​គ្រាប់​បាល់​៣​គ្រាប់​ឲ្យ​ក្រុម​លោក Andrea Pirlo បែ​ជា​ខកខាន​ទៅវិញ​ដោយសារ VAR ពិនិត្យឃើញថា​ជា​បាល់ off side ទាំង​៣​លើក​។​
​ក្រុម​លោក Ronald Koeman រកបាន​៦​ពិន្ទុ​ពី​ការប្រកួត​២​លើក ឈរ​កំពូល​តារាង​ពូ​ល G ឯ​ក្រុម​សេះបង្កង់​នៅ​លេខ​២​មាន​៣​ពិន្ទុ​។ Dynamo Kyiv ដែល​ប្រកួត​ស្មើ Ferencvaros​ ​២-២ ទទួលបាន​១​ពិន្ទុ​រៀងខ្លួន​។​
 
​លទ្ធផល​ការប្រកួត​នៃ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នៅ​រាត្រី​ថ្ងៃទី​២៨ ខែតុលា​៖
 
​ពូ​ល E
FC Krasnodar ០-៤ Chelsea 
Sevilla ១-០ Rennes 
 
​ពូ​ល F
Borussia Dortmund ២-០ Zenit St. Petersburg 
Club Brugge ១-១ Lazio 
 
​ពូ​ល H
Istanbul Basaksehir ០-២ Paris Saint-Germain 
Manchester United ៥-០ RasenBallsport Leipzig 
 
 
 

Tag:
 Champions League
  Marcus Rashford
© រក្សាសិទ្ធិដោយ thmeythmey.com