អន្តរជាតិ
អាមេរិក ជំទាស់​បេក្ខភាព​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោយ​ចោទថា មាន​ទំនោរ​ទៅ​ចិន​
29, Oct 2020 , 7:29 pm        
រូបភាព
លោកស្រីNgozi Okonjo-Iweal បេក្ខភាពWTO។ រូបភាព៖ AFP
លោកស្រីNgozi Okonjo-Iweal បេក្ខភាពWTO។ រូបភាព៖ AFP
ដោយ:
​ការជ្រើសរើស​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​ថ្មី កំពុងស្ថិត​ក្នុង​ស​ភាពមិនច្បាស់លាស់ បន្ទាប់ពី​អាមេរិក​ច្រានចោល​សំណើ​តែងតាំង​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នី​ហ្សេ​រី​យ៉ា​ដែល​អង្គការ​នេះ​បាន​ជ្រើសតាំង​។​រដ្ឋាភិបាល​អាមេរិក​ចោទថា បេក្ខភាព​ថ្មី​នេះ​មាន​ទំនោរ​ទៅរក​ចិន​ថែមទៀត​។​


​បន្ទាប់ពី​មានការ​ជជែក​ពិភាក្សា​រយៈពេល​ជាច្រើន​សប្តាហ៍ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​អះអាង​តាំងពី​ថ្ងៃទី​២១ តុលា​ថា អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នី​ហ្សេ​រី​យ៉ា​លោកស្រី​Ngozi Okonjo-Iweala សាក​សម​នឹង​ទទួល​តំណែង​ជា​ប្រធាន​អង្គការ​នេះ​ដ្បិតអី​លោកស្រី​ទទួលបាន​សម្លេង​គ្រប់គ្រាន់​ពី​តំបន់​ទាំងអស់​។​
 
​យ៉ាងណាក៏ដោយ ការតែងតាំង​នេះ​ត្រូវបាន​ជំទាស់​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស ដ្បិតថា ដើម្បី​តែងតាំង​ប្រធាន​ស្ថាប័ន​នេះ វា​ចាំបាច់​ត្រូវមាន​ការយល់ព្រម​ជា​កុងសង់ស៊ីស​ពី​សំណាក់​ប្រទេស​សមាជិក​ចំនួន ១៦៤​។​
 
​លោក Keith Rockwell អ្នកនាំពាក្យ​អង្គការ WTO បាន​អះអាងថា ប្រទេស​ទាំងអស់​បង្ហាញ​ការគាំទ្រ​ដំណើរការ និង​លទ្ធផល​នៃ​ការជ្រើសរើស​ប្រធាន​ថ្មី លើកលែងតែ​ប្រទេសមួយ​ប៉ុណ្ណោះ​។ លោក​Rockwell ចង់​សំដៅទៅ​អាមេរិក​ដែល​ជំទាស់​នឹង​បេក្ខភាព​លោកស្រី Okonjo-Iweala​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជា​អ្នក​ចេញមុខ​ជំទាស់​នឹង​បេក្ខភាព​នេះ​ផ្ទាល់ ដោយ​លោក អះអាងថា លោកស្រី​Okonjo-Iweala ជា​មនុស្ស​មិនល្អ និង​មាន​ទំនោរ​ទៅរក​ចិន​។ 
 
​ស្របពេល​ជាមួយគ្នា​នោះ ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​អះអាងថា ខ្លួន​គាំទ្រ​បេក្ខជន​មួយរូប​ផ្សេងទៀត​ដែល​នៅសល់ គឺ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង​លោកស្រី Yoo Myung-hee ។ អាមេរិក​អះអាងថា លោកស្រី Myung-hee ជា​អ្នក​ច​ចារ​ពាណិជ្ជកម្ម​ដ៏​ជោគជ័យ និង​មាន​ជំនាញ​ក្នុង​ការដឹកនាំ​អង្គការ​ពាណិជ្ជកម្ម​។ 
 
​លើសពីនេះ អាមេរិក​បាន​បញ្ជាក់ថា អង្គការ WTO ត្រូវការ​អ្នកដឹកនាំ​ដែលមាន​បទពិសោធន៍​ផ្ទាល់ ដែល​ក្នុងន័យនេះ​អាមេរិក​ចង់​សំដៅ​ជា​ប្រយោល​ថា លោកស្រី Okonjo-Iweala ខ្វះ​ចំណេះដឹង​ក្នុង​ការចចារ​ពាណិជ្ជក​ម្ម​បែប​ពហុភាគី​។​
 
​តាមពិតទៅ​បេក្ខភាព​របស់លោក​ស្រី Okonjo-Iweala ទទួលបាន​ការយល់​គាំទ្រ​ពី​សំណាក់​ប្រទេស​អាហ្វ្រិក កា​រ៉ា​អ៊ី​ប និង​ប្រទេស​សមាជិក​ដទៃទៀត​ក្នុង​រយៈពេល​បួន​ខែ​នៃ​នីតិវិធី​ជ្រើសតាំង​ប្រធាន​ថ្មី​។ ចំណែក​សហភាព​អឺរ៉ុប​វិញ ក៏​គាំទ្រ​បេក្ខភាព​របស់លោក​ស្រី​ដែរ កាលពី​ថ្ងៃទី​២៦ តុលា​។​
 
​ត្រឡប់មកវិញ មូល​ហេតុដែល​អង្គការ WTO ត្រូវ​ជ្រើសរើស​ប្រធាន​ថ្មី គឺ​ដោយសារ​អតីត​ប្រធាន​អង្គការ​នេះ លោក​Roberto Azevedo សម្រេច​ចុះចេញ​ពី​តំណែង​។ បច្ចុប្បន្ននេះ WTO កំពុង​ដឹកនាំ​ជា​បណ្តោះអាសន្ន​ដោយ​អនុប្រធាន​ចំនួន​បួនរូប​។​
 
​លោកស្រី Okonjo-Iweala មាន​វ័យ​៦៦​ឆ្នាំ ធ្លាប់​បំពេញការងារ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នី​ហ្សេ​រី​យ៉ា និង​ធ្លាប់​បម្រើ​ការងារ​នៅ​ធនាគារពិភពលោក​ផង​។ បច្ចុប្បន្ន លោកស្រី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​វ៉ាក់សាំង​GAVI​។ លោកស្រី​អះអាងថា WTO គួរ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ប្រទេស​ក្រីក្រ​ឲ្យ​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។​
 
​ក្នុងករណី​លោកស្រី​ក្លាយជា​ប្រធាន WTO លោកស្រី​ក៏​នឹងត្រូវ​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ ជាពិសេស​គឺ​ការ​ស្រោចស្រង់​ការធ្វើ​ពាណិជ្ជកម្ម​ឡើងវិញ​អំឡុងពេល និង​ក្រោយពេល​COVID-19​។ បន្ថែម​ពីនេះ លោកស្រី​ក៏ត្រូវ​ទប់ទល់​នឹង​ចរន្ត​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​គាំពារ​និយម​ដែល​សុទ្ធសឹង​ជា​គោលជំហរ​មួយ​ផ្ទុយទៅនឹង​គោលការណ៍​របស់​ស្ថាប័ន​ពាណិជ្ជ​ពិភពលោក​នេះ​៕
 

Tag:
 WTO
  អាមេរិក​
  Ngozi Okonjo-Iweala
© រក្សាសិទ្ធិដោយ thmeythmey.com