ជាតិ
សង្គមជាតិ
អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រុះរើ​សំណង់​នៅតាម​បុរី ដែល​ប៉ះពាល់​ប្រព័ន្ធ​បង្ហូរទឹក​បង្កឱ្យមាន​ទឹក​ជំនន់​
29, Oct 2020 , 3:36 pm        
រូបភាព
ក្រុមការងារ​របស់រ​ដ្ឋ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្តសកម្មភាព​បាញ់​ពាក្យ​«​រុះរើ​»​នៅលើ​សំណង់​នានា​របស់​ពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​២៩​តុលា ឆ្នាំ​២០២០​។ រូបថត​៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
ក្រុមការងារ​របស់រ​ដ្ឋ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្តសកម្មភាព​បាញ់​ពាក្យ​«​រុះរើ​»​នៅលើ​សំណង់​នានា​របស់​ពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​២៩​តុលា ឆ្នាំ​២០២០​។ រូបថត​៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​រុះរើ​គ្រប់​សំណង់​នៅតាម​បុរី​នានា ដែល​ពលរដ្ឋ​បាន​សាងសង់​បន្ថែម ក្រោម​ហេតុផល​ថា សំណង់​ទាំងនោះ​ធ្វើឱ្យប៉ះពាល់​ដល់​ប្រព័ន្ធ​បង្ហូរទឹក និង​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង ឬ​ទឹកជំនន់​។​


​លោក ហែម ដា​រិ​ទ្ធិ បាន​អះអាងថា មាន​ពលរដ្ឋ​រស់នៅ​តាម​បុរី​មួយចំនួន បាន​សាងសង់​សំណង់​បន្ថែម​នៅលើ​សំណង់​ចាស់ ដែលមាន​ស្រាប់​ខុសពី​ច្បាប់​អនុញ្ញាតឱ្យ​សាងសង់ ហើយ​មាន​សំណង់​ខ្លះ​ធ្វើ​បិទ​អណ្តូង​លូ និង​ប្រព័ន្ធ​បង្ហូរទឹក​ថែមទៀត​។ 
 
​លោក ហែម ដា​រិ​ទ្ធិ បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី​២៨​តុលា ឆ្នាំ​២០២០ ថា ការរុះរើ​សំណង់​ខុសច្បាប់​ទាំងនេះ គឺ​ដើម្បី​ស្តារអណ្តូង​លូ និង​កែលម្អ​ប្រព័ន្ធ​លូបង្ហូរទឹក​ឡើងវិញ ជាពិសេស​ចៀសវាង​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង ឬ​ទឹកជំនន់​ផ្សេងៗ​។ 
 
​ក្រោយ​ចេញ​សេចក្តីជូនដំណឹង អាជ្ញាធរ​ក៏​ចុះ​ប្រតិបត្តិការ​ការងារ​នៅតាម​បុរី​នានា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៅ​ថ្ងៃទី​២៩ តុលា​នេះ ដោយមាន​សរសេរ​ពាក្យ​ថា «​រុះរើ​» នៅលើ​ជញ្ជាំង​សំណង់​បន្ថែម​របស់​ពលរដ្ឋ​ទាំងនោះ ។​
 
​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey.com) មិនអាច​ទាក់ទង​ទៅ​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សុំ​ព័ត៌មាន​លម្អិត​ពី​ការរុះរើ​សំណង់​បន្ថែម​របស់​ពលរដ្ឋ​នេះឡើយ ។ 
 
​សម្រាប់ លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ក៏​មិន​ជំទាស់​នឹង​វិធានការ​អនុ​វត្ត​របស់​អាជ្ញាធរ​ដែរ ព្រោះ​លោក​ក៏​មើលឃើញថា គ្រោះទឹកជំនន់​ដែល​ធ្វើឱ្យ​លិច​បុរី​នេះ បណ្តាលមកពី​ពលរដ្ឋ​រស់នៅ​ទីនោះ បាន​សាងសង់​សំណង់​ផ្សេងៗ​បន្ថែម ដែល​ធ្វើឱ្យ​ខូច​ដល់​បណ្តាញ​លូបង្ហូរទឹក រួមទាំង​ការ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​ធ្វើឱ្យ​ស្ទះ​ប្រព័ន្ធ​លូបង្ហូរទឹក​។ មិនតែប៉ុណ្ណោះ ការសាងសង់​លំនៅដ្ឋាន របស់​ម្ចាស់​គម្រោង​ឬ​អ្នក​អភិវឌ្ឍ ក៏​មិន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​នៃ​ប្រព័ន្ធ​លូបង្ហូរទឹក​។​
 
«​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍​គឺ​បណ្តាញ​លូ​។ នៅពេល​សាងសង់​សំណង់​ហើយ តើ​ប្លង់​មេ​របស់​ប្រព័ន្ធ​លូ​ហ្នឹង តម្កល់​បានល្អ​ដែរឬទេ​។ ហើយ​អ្នកណា ជា​អ្នក​ទុកដាក់​ឯកសារ​ទាំងអស់​នេះ នៅពេលដែល​ពលរដ្ឋ​ឬ​មហាជន​ត្រូវការ​វា​ដើម្បី​ដោះស្រាយ​បញ្ហា​ពេល​មានទឹក​លិច​»​។ នេះ​ជាការ​លើកឡើង​របស់ លោក សន ជ័យ ដោយ​បន្ត​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ បន្ថែម​ដូច្នេះ​«៖​យើង​សង្ស័យថា​លូ​ដែល​ដាក់​នេះ គឺ​តូចៗ​ពេក​។ [​លូបង្ហូរទឹក​]​តូច​ចឹ​ង​ទៅ វា​ងាយ​ធ្វើឱ្យ​កកស្ទះ​»​។​
 
​បើតាម​លោក សន ជ័យ ប្រព័ន្ធ​បង្ហូរទឹក​របស់​បុរី​ក្នុង​តំបន់​ដែល​លោក​រស់នៅ​ជាង​១០​ឆ្នាំ​មកនេះ គឺអាច​កកស្ទះ​នូវ​សំរាម​ផ្សេងៗ​ដោយសារ​ប្រព័ន្ធ​លូ​តូច​ពេក ដែល​ធ្វើឱ្យ​ទឹកជំនន់​លិច​បុរី​កាន់តែខ្លាំង និង​មាន​រយៈពេល​កាន់តែ​យូរ​។ ទន្ទឹមនឹង​អាជ្ញាធរ កំពុង​ចាត់វិធានការ​រុះ​រើ​សំណង់​បន្ថែម​របស់​ពលរដ្ឋ​នោះ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​រូបនេះ ក៏​ទាមទារ​ឱ្យអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងឡាយ ត្រូវ​ពិនិត្យឡើងវិញ​នូវ​ការគ្រប់គ្រង​លូបង្ហូរទឹក ឬ​បណ្តាញ​លូ និង​បណ្តាញ​មេបង្ហូរទឹក ​ជាដើម​។​
 
​លោក​បាន​និយាយ​ដូច្នេះ​៖«​ឆ្នាំនេះ​[២០២០] គឺជា​ឆ្នាំ​មួយ​គួរ​កំចាត់ ការបំពាន​លើ​បណ្តាញ​លូ ការបំពាន​លើ​ប្រឡាយ​មេ​[​បង្ហូរទឹក​]​ជាដើម និង​ត្រូវ​ពិនិត្យមើលប្រព័ន្ធគ្រប់គ្រង​ប្រឡាយ​»​។ លោក សន ជ័យ បាន​សង្កត់ធ្ងន់ថា​៖«​ធ្វើ​យ៉ាងម៉េច​រៀបចំ​ប្រឡាយ​មេ​[​បង្ហូរទឹក​]​ហ្នឹង ឱ្យ​ប្រជាពលរដ្ឋ​មើលឃើញ​ទឹក​ហូរ​ឱ្យ​ច្បាស់ៗ​។ កុំ ទឹក​ហូរ​ក្រោម​ស្មៅ ទឹក​ហូរ​ក្រោម​កំប្លោក ទឹក​ហូរ​ក្រោម​សំរាម​ដូច​សព្វថ្ងៃ​»​។ 
 
​កាលពី​ខែ​ដើម​តុលា ឆ្នាំ​២០២០ រាជធានី និង​បណ្តា​ខេត្ត​មួយចំនួន​របស់​កម្ពុជា​ជួបប្រទះ​នូវ​គ្រោះទឹកជំនន់​ដោយសារ​ភ្លៀង​ធា្ល​ក់​ខ្លាំង​យ៉ាងគំហុក​ជា​បន្តបន្ទាប់​។  ជំនន់​ទឹកភ្លៀង​នេះ ក៏បាន​ធ្វើឱ្យ​ផ្ទះ​ឬ​បុរី​នានា​របស់​ពលរដ្ឋ​នៅ​ខណ្ឌ​ចំនួន​នៃ​រាជធានី​ភ្នំពេញ ពិសេស​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជន់​លិច​យ៉ាងខ្លាំង ។ រហូតដល់​សព្វថ្ងៃនេះ ជំនន់​ទឹកភ្លៀង​នៅក្នុង​បុរី​ទាំងនោះ​មិន​ស្រក់​អស់​បានល្អ​ប្រសើរ​នៅឡើយ ខណៈ​ទឹកជំនន់​នៅតាម​តំបន់​និង​ខេត្ត​ផ្សេងៗ គឺ​ស្រក​ចុះ​អស់ហើយ​៕

Tag:
 សំណង់​
  ជំនន់​ទឹកភ្លៀង​
  ប្រព័ន្ធ​លូ​
  ខណ្ឌ​ពោធិ៍​សែន​ជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com