អន្តរជាតិ
សមាជិកសភាដែលជាអ្នកប្ដូរភេទទីមួយរបស់ថៃ អស់តំណែងក្រោយល្មើសច្បាប់បោះឆ្នោត អ្នកស្រី Tanwarin Sukkhapisit ដែលសមាជិកសភាជាអ្នកប្ដូរភេទ ម្នាក់មកពីបក្ស វឌ្ឍនភាពទៅមុខ (Move Forward Party) ។ រូបភាព៖ បាងកកប៉ុស្តិ៍
× សភាថៃ បានបាត់បង់សមាជិកសភាប្ដូរភេទទីមួយរបស់ខ្លួន នៅថ្ងៃទី ២៨ ខែតុលា ក្រោយតុលាការធម្មនុញ្ញបានសម្រេចដកហូតអាសនៈសភាអ្នកស្រី ពាក់ព័ន្ធការល្មើសច្បាប់បោះឆ្នោត។ យ៉ាងណាមិញ ក្រុមអ្នករិះគន់ថៃ បានហៅទង្វើនេះថា ជាសកម្មភាពនយោបាយប្រឆាំងអ្នកគាំទ្រចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអាស៊ីអាគ្នេយន៍មួយនេះ។
តុលាការធម្មនុញ្ញថៃ បានរកឃើញថា អ្នកស្រី Tanwarin Sukkhapisit ដែលសមាជិកសភាម្នាក់មកពីបក្ស វឌ្ឍនភាពទៅមុខ (Move Forward Party) ល្មើសច្បាប់បោះឆ្នោត ដែលហាមឃាត់អ្នកនយោបាយកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ត៍ តុលាការក៏ហាមឃាត់អ្នកស្រីធ្វើនយោបាយទៀតផងដែរ។
អ្នកស្រី Tanwarin ជាអ្នកលើកស្ទួយដ៏សកម្មមួយសម្រាប់សមាគមន៍អ្នកស្រលាញ់ភេទដូចគ្នា (LGBT) នៅពេលអ្នកស្រីបានឈ្នះអាសនៈមួយក្នុងសភានៅការបោះឆ្នោតទូទៅកាលពីឆ្នាំមុន សម្រាប់បក្ស អនាគតឆ្ពោះទៅមុខ (Future Forward Party) របស់មហាសេដ្ឋីថៃ លោក Thanathorn ។
ក៏ប៉ុន្តែបក្សនេះ ត្រូវបានតុលាការថៃរំលាយចោលក្នុងខែកុម្ភៈឆ្នាំ២០២០នេះសម្រាប់ល្មើសច្បាប់ការបោះឆ្នោត ហើយលោក Thanathorn និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សនេះត្រូវបានហាមធ្វើនយោបាយ១០ឆ្នាំ ខណៈអ្នកស្រី Tanwarin និងអ្នកនយោបាយដទៃត្រូវបង្ខំចិត្តចូលរួមជាមួយបក្ស វឌ្ឍនភាពទៅមុខ (Move Forward Party) ។
«ខ្ញុំមិនភ្ញាក់ផ្អើលទេ។ ខ្ញុំបានរំពឹងទុកមុនហើយថារឿងនេះនឹងកើតឡើយ»។ អ្នក Tanwarin ដែលធ្លាប់ធ្វើតារាសម្តែងនិងផលិតករភាពយន្ត បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP មុននឹងបញ្ជាក់ថា អ្នកស្រីគិតថា ការសម្រេចចិត្តមិនពាក់ព័ន្ធនឹងអត្តសញ្ញាណភេទរបស់អ្នកស្រី។ ទោះអស់តំណែងនេះ អ្នកស្រី ប្តេជ្ញាចិត្តថានឹងបន្តប្រយុទ្ធសម្រាប់លើកស្ទួយសហគមន៍ LGBT តទៅទៀត។
សហគមន៍អ្នកប្ដូរភេទរបស់ថៃ មានឥទ្ធិពលគួរសមក្នុងសង្គមកាន់ព្រះពុទ្ធសាសនារបស់ថៃ តែត្រូវប្រឈមការរើងអើងនៅកន្លែងធ្វើការនិងកន្លែងអប់រំ។ ទោះអស់អ្នកស្រី Tanwarin មួយ សភាថៃនៅសល់សមាជិកសភាប្ដូរភេទ៣នាក់ទៀត។
មែនទែនទៅ អ្នកស្រី Tanwarin គឺជាជនរងគ្រោះចុងក្រោយបង្អស់របស់ច្បាប់ដែលអ្នករិះគន់ភាគច្រើន អះអាងថា រដ្ឋាភិបាលក្រុងបាងកក កំពុងប្រើប្រាស់ជាអាវុធនយោបាយពួកគេ។ សម្រាប់អ្នកវិទ្យាសាស្ត្រនយោបាយថៃម្នាក់ Titipol Phakdeewanich រដ្ឋាភិបាលថៃកំពុងប្រើប្រាស់យន្តការផ្លូវការប្រឆាំងនរណាក៏ដោយដែលពួកគេចាត់ទុកជាអ្នកគាំទ្រចលនាប្រជាធិបតេយ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com