ជាតិ
ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​សត្វព្រៃ​ដែល​រង​ការគំរាមកំហែង ១៣​ប្រភេទ និង​រុក្ខជាតិ​៧៥​ប្រភេទ
30, Oct 2020 , 8:00 am        
រូបភាព
ទោចថ្ពាល់លឿង
ទោចថ្ពាល់លឿង
ដោយ:
​ភ្នំពេញ​៖ សត្វព្រៃ​១៣​ប្រភេទ ដែល​រង​ការគំរាមកំហែង និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN រួមទាំង​រុក្ខជាតិ​កំពុង​រង​ការគំរាមកំហែង ៧៥​ប្រភេទ ត្រូវបាន​រកឃើញ​មាន​វត្តមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ នេះ​បើតាម​របាយការណ៍​១០​ឆ្នាំ (២០១០-២០២០)​របស់ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) ដែល​បាន​បញ្ជាក់ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះ មាន​ប្រភេទ​សត្វព្រៃ និង​ជីវចម្រុះ​ប្រមាណ​១,០០០​ប្រភេទ ដែលជា​ចំនួន​ច្រើនជាងគេបង្អស់​ក្នុងចំណោម​តំបន់ការពារធម្មជាតិ​នៅ​ទូទាំង​កម្ពុជា​។​

 
​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែលមាន​ភូមិសាស្ត្រ​ក្នុង​ខេត្តមណ្ឌលគិរី និង​ក្រចេះ កំពុងមាន​វត្តមានរ​ស់​នៅ​របស់​សត្វព្រៃ​ចំនួន​១៣​ប្រភេទ ដែល​រង​ការគំរាមកំហែង និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​បាន​លើកយក​របាយការណ៍​១០​ឆ្នាំ (២០១០-២០២០) របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) មក​សំអាង​។ 
 
​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ទៀតថា សត្វព្រៃ​ទាំង ១៣​ប្រភេទ​នោះ​រួមមាន ឈ្លូស ទន្សោង ខ្ទីង រមាំង និង​ប្រើស ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង ស្វា​ព្រាម ស្វា​ក្ដាម ស្វា​ត្រោស ស្វាអង្កត់ ក្ងោក ជ្រូកព្រៃ​។ ក្រៅពី​សត្វព្រៃ រុក្ខជាតិ​៧៥​ប្រភេទ ដែល​កំពុង​រង​ការគំរាមកំហែង​ដែរនោះ ក៏ត្រូវ​បាន​រកឃើញ​មាន​វត្ត​មាននៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះដែរ​។​


ការតាំងបង្ហាញប្រភេទសត្វកម្រមានក្នុងដែនជម្រកសត្វព្រៃកែវសីមា
 
«​សត្វ​ជើង​បួន​ងាយ នឹង​ប្រឈម​ជាងគេ ដោយសារ​ជាប់អន្ទាក់​របស់​អ្នកប្រមាញ់​»​។ នេះ​បើតាម​ការអះអាង​របស់​លោក លោក នេត្រ ភក្ត្រា ដោយ​បន្ថែមថា ចំនួន​សត្វ​ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង ស្វា​ក្តាម និង​ជ្រូកព្រៃ នៅ​ថេរ ប៉ុន្តែ​ចំនួន​ស្វា​ព្រាម ស្វាអង្គត់ និង​ថនិកសត្វ​ក្រចក​ជំ​ពាម​មាឌធំ លើកលែង​ជ្រូកព្រៃ កំពុងមាន​ការថយចុះ​។ 
 
​លោក អូ​លី ហ្គ្រី​ហ្វ៊ី​ន (Olly Griffin) អ្នកវិភាគ​ទិន្នន័យ និង​ជា​ទីប្រឹក្សាបច្ចេកទេស​នៃ​អង្គការ WCS បានឱ្យដឹងថា សត្វ​ស្វា​កន្ទុយ​ស មាន​ចំនួន ៦ ៧៥៦​ក្រុម និង​ទោច​ថ្ពាល់​លឿង​ចំនួន ៦៦៩​ក្រុម​។ រីឯ​ស្វា​ព្រាម​ចំនួន ៣៦៤​ក្រុម ស្វា​ក្តាម​ចំនួន ៤២៤​ក្រុម ស្វា​ត្រោស​ចំនួន ១ ៤៨៣​ក្រុម ស្វាអង្គត់​ចំនួន ៥៦​ក្រុម ក្ងោក​ចំនួន ៩៦៦​ក្បាល និង​ជ្រូកព្រៃ​ចំនួន ១ ១៦២​ក្បាល​។ ដោយឡែក សត្វ​ឈ្លូស មាន​ចំនួន ៧៣២​ក្បាល ថនិកសត្វ​ក្រចក​ជំ​ពាម​មាឌធំ ដូចជា​ទន្សោង ខ្ទីង រមាំង និង​ប្រើស មិនបាន​ដឹង​ពី​ចំនួន​ពិតប្រាកដ​ទេ​។ 
 
​ក្រសួងបរិស្ថាន និង​អង្គការ WCS បានស្នើ​ឱ្យមាន​ការចូល​រួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​កិច្ចការពារ និង​អភិរក្ស ខណៈ​ពពួកសត្វ​ទាំងនេះ នៅតែ​រង​ការគំរាមកំហែង​ដោយ​ការ​បរបាញ់ ជាប់អន្ទាក់ និង​ការប្រើ​សត្វ​ឆ្កែ​ដើម្បី​ប្រមាញ់​ជាដើម​៕


​ប្រភេទសត្វកម្រនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា



ស្វាកន្ទុយស

Tag:
 សត្វព្រៃ​
 ​រុក្ខជាតិ​
 ​បរិស្ថាន​
 ​កែវ​សីមា
© រក្សាសិទ្ធិដោយ thmeythmey.com