សង្គមអន្តរជាតិ​
អន្តរជាតិ
​ប្រមុខ​ការទូត​អាមេរិក​ស្កាត់​ទៅ​វៀតណាម​ដើម្បី​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​ការផ្សះផ្សា​ចំណង​ការទូត​រួមគ្នា​
29, Oct 2020 , 4:05 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ។ រូបភាព៖ AFP
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ។ រូបភាព៖ AFP
ដោយ:
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​ចំនួន​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៩ និង ៣០ ខែតុលា ដើម្បី​ចូលរួម​ប្រា​ព្ធ​ខួប​២៥​ឆ្នាំ​នៃ​ការតភ្ជាប់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​។​

 
​បើ​គ្មាន​ការប្រែប្រួល​ទេ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ​នឹង​ឆ្លៀត​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​របស់ខ្លួន​នា​ថ្ងៃ ២៩ ខែតុលា​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ក្រសួងការបរទេស​វៀ​ត​ណា​ម នៅ​ថ្ងៃទី ២៨ ខែតុលា បានប្រកាស​ពី​ទស្សនកិច្ច​របស់លោក​ប៉ុ​ម​ប៉េ​អូ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​វៀ​ត​ណា​ម លោក ផាម ប៊ិ​ញ​មិញ (Pham Binh Minh)​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​នឹងចូលរួម​អបអរសាទរ​ការ​ប្រារព្ធ​ខួប ២៥​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ 
 
​ក្រសួងការបរទេស​អា​មេ​រិ​ក​ឯណោះ​វិញ បានបញ្ជាក់​ផងដែរ​ថា លោក ប៉ុ​ម​ប៉េ​អូ សម្រេច​បន្ថែម​ប្រទេស​វៀតណាម​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​នៅ​អាស៊ី​ចំនួន​បួន ក្នុង​សប្ដាហ៍​នេះ​ដោយ​ដំណើរ​ទស្សនកិច្ច​នេះ​ចាប់ផ្ដើម​ពី​ប្រទេស​ឥណ្ឌា ស្រីលង្កា ម៉ា​ល់​ឌី​វ រហូតដល់​ឥណ្ឌូណេស៊ី ។​
 
​ពី​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី​២៨ ខែតុលា ប្រមុខ​ការទូត​អាមេរិក បាន​ទិតៀន​រដ្ឋាភិបាល​ចិន​ឥត​សំចៃ​ដោយ​ហៅ​រដ្ឋាភិបាល​នេះ​ថា​ជា ពួក​ជញ្ជក់​ឈាម​អ្នកដទៃ​។ ហើយ​មួយ​ថ្ងៃមុន​ទៅ​ជាន់​ប្រទេស​នេះ លោក ប៉ុ​ម​ប៉េ​អូ បាន​ប្រាប់​មិត្ត​ឥណ្ឌា​ថា ក្រុង​ប៉េកាំង មិន​គោរព​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ តម្លាភាព សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ក៏ដូចជា មូលដ្ឋានគ្រឹះ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​ឡើយ​។ 
 
​ចេញពី​ឥណ្ឌា​និង​ស្រីលង្កា លោក ប៉ុ​ម​ប៉េ​អូ បាន​បន្ត​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ​នៅ​ថ្ងៃ​ពុធ ហើយនឹង​ទៅដល់​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​២៩ ខែតុលា​នេះ​។ បើ​ដូច​ការគ្រោងទុក ក្រោយ​ចប់​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី លោក​ទំនងជា​ចេញទៅ​វៀតណាម​ភ្លាមៗ ដើម្បី​បិទ​បញ្ចប់​ទស្សនកិច្ច​តំបន់​អាស៊ី ៥​ប្រទេស​របស់លោក​នៅ​ទីនោះ​តែម្ដង​។ 
 
​ដំណឹង​នៃ​គម្រោង​ទស្សនកិច្ច​នេះ កើតឡើង​ក្រោយ​ពលរដ្ឋ​អាមេរិក​ម្នាក់​ដែល​ត្រូវបាន​តុលាការ​វៀតណាម កាត់ទោស​កាលពី​ឆ្នាំមុន​ឲ្យ​ជាប់គុក​១២​ឆ្នាំ ពីបទ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​វៀតណាម ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ហើយ​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅកាន់​អាមេរិក​កាលពី​សប្ដាហ៍​មុន​។ 
 
​បុរស​រូបនោះ​ឈ្មោះថា Michael Nguyen ដែល​កើត​ក្នុង​វៀតណាម​ក្នុង​ឆ្នាំ​១៩៦៤ ហើយ​បាន​រស់នៅក្នុង​សហរដ្ឋអាមេរិក​តាំងពីក្មេង​មក ត្រូវបាន​ឃុំខ្លួន​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨ ដោយ​សង្ស័យថា​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម រួមមាន ញុះញង់​ឲ្យ​មាន​បាតុកម្ម​វាយប្រហារ​លើ​ការិយាល័យ​រដ្ឋាភិបាល ជាដើម​។​
 
​សូមបញ្ជាក់ថា កាលពី​ខែ​ថ្ងៃទី ១១ ខែកក្កដា អតីត​ប្រធានាធិបតី​អាមេរិក ប៊ី​ល គ្លី​ន​តុ​ន បានប្រកាស​ត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​វៀតណាម​ឡើងវិញ ពោលគឺ​២០​ឆ្នាំក្រោយ​ចប់​សង្គ្រាម​វៀតណាម​។ ២៥​ឆ្នាំ​ក្រោយមក វៀតណាម​និង​សហរដ្ឋអាមេរិក ក្លាយជា​ដៃគូ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ជាមួយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឡើង​ពី ៤៥០​លាន​ក្នុង​ឆ្នាំ​១៩៩៤ ដល់ ៧៧ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩៕ 
 
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  វៀតណាម​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com