ជាតិ
រដ្ឋបាលកំពង់ស្ពឺ ផ្អាកចរាចរណ៍ផ្លូវជាតិលេខ៤១ កែងផ្លូវជាតិលេខ៤ ដើម្បីជួសជុល ស្ថានភាពផ្លូវជាតិលេខ៤១ កែងផ្លូវជាតិលេខ៤ ដែលត្រូវផ្អាកចរាចរណ៍ដើម្បីជួសជុល (រូបភាព៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ)
× ផ្លូវជាតិលេខ៤១ កែងនឹងផ្លូវលេខ៤ ត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្ន បន្ទាប់ពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង ដែលតម្រូវឲ្យមានការជួសជុលបន្ទាន់។ នេះបើតាម លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបានបញ្ជាក់នៅគណនីហ្វេសប៊ុកនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។
តាមអភិបាលខេត្តកំពង់ស្ពឺជំនន់ទឹកភ្លៀង បានបង្កឲ្យ ផ្លូវជាតិលេខ៤១ កែងនឹងផ្លូវលេខ៤ ខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការជួសជុលបន្ទាន់។ «សូមសាធារណជន ដែលមានបំណងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬក៏ទៅកាន់ខេត្តព្រះសីហនុ សូមមេត្តារកផ្លូវវាងជាបណ្ដោះអាសន្ន»។ នេះជាការអំពាវនាវរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា ស្ថានភាពទឹកជំនន់ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន បានបន្តស្រកចុះជាបណ្ដើៗ ពិសេសស្ថានភាពទឹកស្ទឹងព្រែកត្នោត ត្រង់ចំណុចទំនប់៧មករា បន្តស្រកចុះ ១,៨៧ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧ម៉ែត្រ កាលថ្ងៃទី១៤ ខែតុលា។ កម្ពស់ទឹកលើទំនប់បង្ហៀរ ០,០០ម៉ែត្រ គឺស្មើនឹងទំនប់បង្ហៀរ និងកម្ពស់ទឹកខាងក្រោយទ្វារ ៤,១៦ម៉ែត្រ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនាព្រឹកថ្ងៃទី២៩ ខែតុលា នេះ៕
Tag:
ជំនន់
វ៉ី សំណាង
ផ្លូវជាតិលេខ៤១
ផ្លូវជាតិលេខ៤
© រក្សាសិទ្ធិដោយ thmeythmey.com