ក្រុមបាល់ទាត់អង្គរថាយហ្គឺរបានចែកផ្លូវជាមួយកីឡាករទ្រង់ទ្រាយធំ ក្រោយពុំទទួលបានលទ្ធផលល្អក្នុងពានរង្វាន់សម្តេច ហ៊ុន សែន និងលីគកំពូលប្រចាំឆ្នាំ២០២០។ នេះជាលើកទី២ហើយ ដែលក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ក្នុងពានរង្វាន់លីគកំពូលរដូវកាលឆ្នាំ២០២០ ចែកផ្លូវជាមួយកីឡាករទ្រទ្រង់ធំក្រោយចប់រដូវកាល។
ត្រឹមរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ក្រុមបាល់ទាត់អង្គរថាយហ្គឺរ បានចែកផ្លូវជាមួយកីឡាករបរទេស២រូប និងកម្ពុជា៦រូប គួរឲ្យភ្ញាក់ផ្អើល ក្រោយពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ៧ក្នុងលីគកំពូល និងធ្លាក់ត្រឹមវគ្គ១៦ក្រុមក្នុងពានសម្តេច ហ៊ុន សែន នៅរដូវកាលនេះ។ ម្យ៉ាងទៀត កិច្ចសន្យារបស់កីឡាករទាំង៨រូប សុទ្ធតែអស់សុពលភាព។
កីឡាករទាំង៨រូបនោះរួមមាន ពេជ្រ សុវណ្ណខេមរិន្ទ្រ, ហម បញ្ញា, លី អាលីហ្វីន, សឹង ណារិទ្ធិ, ឆុំ ភីសា និងអ្នកចាំទី សំ ពៅ ខណៈកីឡាករបរទេសរួមមាន Yudai Ogawa និង Joichiro Sugiyama។ ការចែកផ្លូវនេះ ធ្វើឡើងមួយថ្ងៃក្រោយ នៃការបិទបញ្ចប់ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគជាផ្លូវការ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
នេះមិនមែនជាលើកទី១សម្រាប់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះនោះទេ ពោលគឺកាលពីរដូវកាលមុនពួកគេបានចែកផ្លូវជាមួយកីឡាកររហូតដល់៩រូបឯណោះ។ កីឡាករទាំងនោះរួមមាន Alexis Ramos, Fernando Cozar Torres, Ryota Hayashi, ហែម ស៊ីម៉ៃ, ឱ សុភ័ណ, មុំ សុធាវ៉ាន់, អ៊ុំ កុម្ភៈ, ជឿន ពិសិដ្ឋ, លី វាសនា និងកីឡាករ ឆាយ រ័ត្នសេរី។
កាលឆ្នាំ២០១៩ អង្គរថាយហ្គឺរបានបញ្ចប់ចំណាត់ថ្នាក់លេខ៥ក្នុងលីគកំពូល និងធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ក្រោយចាញ់ព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផលទាំងពីរជើង ៦-០។ កាលនោះបឹងកេតជាម្ចាស់ជើងឯកក្រោយយកឈ្នះព្រះខ័នរាជស្វាយរៀងដោយបាល់ប៉េណាល់ទី ៥-៤ នៅវគ្គផ្តាច់ព្រ័ត្រ។
គួររំលឹកថា ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគរដូវកាលឆ្នាំ២០២០ បានបញ្ចប់ការប្រកួតជាស្ថាពរកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ដោយម្ចាស់ជើងឯកបានទៅលើក្រុមបឹងកេត ជើងឯករងព្រះខ័នរាជស្វាយរៀង និងលេខ៣បានទៅភ្នំពេញក្រោន។
សម្រាប់តំណែងជើងឯកជាលើកទី៤នេះជួយឲ្យក្រុមបឹងកេតទទួលបានកៅអីឡើងទៅលេងវគ្គជម្រុះក្នុងពានរង្វាន់បាល់ទាត់លំដាប់ទីពីរអាស៊ី AFC Cup 2021 ដែលអាចមានក្រុមចូលរួមចន្លោះពី៣៦ទៅ៤៥ក្រុម៕