កីឡាជាតិ
ជាតិ
អង្គ​រថា​យ​ហ្គឺ​រ ចែកផ្លូវ​ជាមួយ​កីឡាករ​ទ្រង់ទ្រាយ​ធំ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ពីរ​រដូវ​កាល​ជាប់​គ្នា​
31, Oct 2020 , 9:19 am        
រូបភាព
(រាប់ពីលើឆ្វេងទៅស្តាំ) Yudai  Joichiro  ឆុំ ភីសា  សំ ពៅ  ពេជ្រ សុវណ្ណខេមរិន្រ្ទ  ហម បញ្ញា  លី អាលីហ្វីន និង សឹង ណារិទ្ធិ  រូបភាពពីក្លិបអង្គរថាយហ្គឺរ
(រាប់ពីលើឆ្វេងទៅស្តាំ) Yudai Joichiro ឆុំ ភីសា សំ ពៅ ពេជ្រ សុវណ្ណខេមរិន្រ្ទ ហម បញ្ញា លី អាលីហ្វីន និង សឹង ណារិទ្ធិ រូបភាពពីក្លិបអង្គរថាយហ្គឺរ
ដោយ:
​ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​ទ្រង់ទ្រាយ​ធំ ក្រោយ​ពុំ​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​លី​គ​កំពូល​ប្រចាំឆ្នាំ​២០២០​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧​ក្នុង​ពានរង្វាន់​លី​គ​កំពូល​រដូវ​កាល​ឆ្នាំ​២០២០  ចែកផ្លូវ​ជាមួយ​កីឡាករ​ទ្រទ្រង់​ធំ​ក្រោយ​ចប់​រដូវ​កាល​។

 
​ត្រឹម​រយៈពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស​២​រូប និង​កម្ពុជា​៦​រូប គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្រោយ​ពួកគេ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៧​ក្នុង​លី​គ​កំពូល និង​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ក្នុង​ពាន​សម្តេច ហ៊ុន សែន នៅ​រដូវ​កាល​នេះ​។ ម្យ៉ាងទៀត កិច្ចសន្យា​របស់​កីឡាករ​ទាំង​៨​រូប សុទ្ធតែ​អស់​សុពលភាព​។  
 
​កីឡាករ​ទាំង​៨​រូបនោះ​រួមមាន ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ​, ហម បញ្ញា​, លី អា​លី​ហ្វី​ន​, សឹង ណា​រិ​ទ្ធិ​, ឆុំ ភី​សា និង​អ្នកចាំទី សំ ពៅ ខណៈ​កីឡាករ​បរទេស​រួមមាន Yudai Ogawa និង  Joichiro Sugiyama​។ ការចែក​ផ្លូវ​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយ នៃ​ការបិទ​បញ្ចប់​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គជា​ផ្លូវការ កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​។ 
 
​នេះ​មិនមែនជា​លើក​ទី​១​សម្រាប់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ​នោះទេ ពោលគឺ​កាលពី​រដូវ​កាល​មុន​ពួកគេ​បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​រហូតដល់​៩​រូប​ឯណោះ​។ កីឡាករ​ទាំងនោះ​រួមមាន Alexis Ramos, Fernando Cozar Torres, Ryota Hayashi, ហែម ស៊ី​ម៉ៃ​, ឱ សុភ័ណ​, មុំ សុធា​វ៉ាន់​, អ៊ុំ កុម្ភៈ​, ជឿន ពិសិដ្ឋ​, លី វាសនា និង​កីឡាករ ឆាយ រ័ត្ន​សេរី​។​
 
​កាល​ឆ្នាំ​២០១៩ អង្គ​រថា​យ​ហ្គឺ​រ​បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​លី​គ​កំពូល និង​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៦-០​។ កាលនោះ​បឹងកេត​ជា​ម្ចាស់​ជើងឯក​ក្រោយ​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ដោយ​បាល់​ប៉េ​ណា​ល់​ទី ៥-៤ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​គួររំលឹកថា ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០២០ បានបញ្ចប់​ការប្រកួត​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ដោយ​ម្ចាស់​ជើងឯក​បាន​ទៅលើ​ក្រុម​បឹងកេត ជើងឯក​រង​ព្រះខ័ន​រាជ​ស្វាយរៀង និង​លេខ​៣​បាន​ទៅ​ភ្នំពេញ​ក្រោ​ន​។ 
 
​សម្រាប់​តំណែង​ជើងឯក​ជា​លើក​ទី​៤​នេះ​ជួយ​ឲ្យ​ក្រុម​បឹងកេត​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ជម្រុះ​ក្នុង​ពានរង្វាន់​បាល់ទាត់​លំដាប់​ទី​ពីរ​អាស៊ី AFC Cup 2021 ដែល​អាចមាន​ក្រុម​ចូលរួម​ចន្លោះ​ពី​៣៦​ទៅ​៤៥​ក្រុម​៕  
 
 

Tag:
 បាល់ទាត់​
  អង្គ​រថា​យ​ហ្គឺ​រ​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com