ជាតិ
សង្គមជាតិ
​អ្នក​កើត​ជំងឺមិនឆ្លង ដូចជា​ជំងឺ​បេះដូង មហារីក ទឹកនោមផ្អែម មាន​អត្រា​ស្លាប់​ខ្ពស់​
30, Oct 2020 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ ជំងឺមិនឆ្លង បានសម្លាប់​ជីវិត​ពលរដ្ឋ​រហូតដល់​៦៤​ភាគរយ ក្នុងនោះ មាន​ស្ត្រី​៥៣​ភាគរយ និង​បុរស​៤៧​ភាគរយ ។ ក្នុងចំណោម​ជំងឺឆ្លង​ទាំងអស់ ប្រភេទ​ជំងឺមិនឆ្លង​ដែលមាន​អត្រា​មរណៈ​ខ្ពស់​ជាងគេ​គឺ ជំងឺ​សរសៃឈាម​បេះដូង , ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ,​មហារីក និង​ជំងឺ​ទឹកនោមផ្អែម​។ នេះ​បើតាម​របាយការណ៍​វិភាគ​ទិដ្ឋភាព​គោលនយោបាយ​ស្ដីពី​ជំងឺមិនឆ្លង​នៅ​កម្ពុជា​។​

 
​នៅ​ឆ្នាំ​២០១៨ អង្គការ​សុខភាព​ពិភពលោក បាន​រកឃើញថា ជំងឺមិនឆ្លង​ជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់  និង​ពិការភាព​នៅ​កម្ពុជា​។ កត្តា​ហានិភ័យ នាំឱ្យ​កើត​ជំងឺមិនឆ្លង​នេះ គឺ​មកពី ការទទួល​ទាន​អាហារ​មិនល្អ​ដល់​សុខភាព ការ​ពិសា​បារី ការផឹក​ស្រា​ហួស​កម្រិត  ការ​លើស​ទម្ងន់ ជាពិសេស​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ និង​សម្ពាធ​ឈាម​ខ្ពស់​ជាដើម​។​
 
​នា​សិក្ខាសាលា​ស្ដីពី​របាយការណ៍​វិភាគ ទិដ្ឋភាព​គោលនយោបាយ​ស្ដីពី​ជំងឺមិនឆ្លង នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា នា​ថ្ងៃទី​២៨ តុលា​នេះ លោកស្រី  ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​លើកឡើងថា ជំងឺមិនឆ្លង ជា​បញ្ហា​ដែល​គួរឱ្យ​ព្រួយបារម្ភ​សម្រាប់​កម្ពុជា​។ ជាក់ស្ដែង​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ អត្រា​នៃ​ជំងឺមិនឆ្លង​មានការ​កើនឡើង ដោយសារ ពលរដ្ឋ​មិនសូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ពី​ជំងឺ​នេះ ដូចជា​ការ បរិភោគ​អាហារ​មិន​ត្រឹមត្រូវ ដែលនាំឱ្យ​លើស​ទម្ងន់​ពេក​ជាដើម​។ 
 
«​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ គ្រួសារ​ខ្លះ​ភ័យ​មែនទែន គាត់​ទិញ​អីវ៉ាន់​ទុក​ដល់​៣​ខែ សួរថា​ស្ដុក​ទុក​អី​ខ្លះ​? សាច់ជ្រូក​ប្រឡាក់ សាច់គោ​ប្រឡាក់ ត្រីប្រឡាក់​មាន​តិច​ព្រោះ​ទុក​មិនបាន​យូរ ។ ដ៏​ពេល​ញាំ​សាច់គោ និង​សាច់ជ្រូក​ប្រឡាក់​ច្រើន វា​ធ្វើឱ្យ​ធាត់ ខ្លះ​យកទៅ​ចៀន​ទៀត អីចឹង ប្រៃ ផ្អែម ខ្លាញ់ គឺ​នៅ​ហ្នឹង​តែម្ដង ដែល​វា​ជា​កត្តា​រុញ​ឱ្យមាន​បញ្ហា​ជំងឺមិនឆ្លង​នេះ​ច្រើន​»​។​
 
​លោក ទឹម វ​រ៉ា នាយក​ប្រតិបត្តិ​អង្គការ HACC បាន​អះអាងថា ការកើនឡើង​នៃ​អ្នកស្លាប់​ដោយ​ជំងឺមិនឆ្លង ជា​បញ្ហា​ដ៏​ធំ​មួយ ដែល​ត្រូវ​ទាមទារ​ឱ្យមាន​ការចូលរួម និង​យកចិត្តទុកដាក់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ លោក​បាន ប្រាប់ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​ស្នើ​ទៅ​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​យកចិត្តទុកដាក់ ពិនិត្យ​សុខភាព​លើ​ពលរដ្ឋ​ដែលមាន​ជំងឺមិនឆ្លង ជាពិសេស​អ្នក​ដែលមាន​ប័ណ្ណ ប​.​ស​.​ស ដើម្បី​កាត់បន្ថយ​អត្រា​អ្នកស្លាប់​។ 
 
​លោក ទឹម វ​រ៉ា បាន​រៀបរាប់​ដូច្នេះ​ថា​៖« ទាក់ទង​នឹង​រឿង​ប​.​ស​.​ស ក៏​អាច​ចូលរួម​នៅក្នុង​ការកាត់បន្ថយ​ជំងឺមិនឆ្លង​ហ្នឹង​ដែរ ព្រោះ​ឥឡូវ​យើង​បង់ ប​.​ស​.​ស តែ​ពេល​យើង​ឈឺ​ទេ​។ ពេល​យើង​ឈឺ យើង​ទៅ​ពេទ្យ  ប៉ុន្តែ​ចង់ឱ្យ​រដ្ឋ​ពង្រីក​កញ្ចប់​ថវិកា​ហ្នឹង ដូចជា តម្រូវឱ្យ អ្នក​បង់ ប​.​ស​.​ស យ៉ាងហោចណាស់​មួយឆ្នាំ ត្រូវ​ទៅធ្វើ​តេស្ដ​សុខភាព​ម្ដង​។ ប្រសិនជា គាត់​ទៅធ្វើ​តេស្ត សុខភាព នៅពេល​មិនមាន​បញ្ហា​គាត់​ត្រូវ​បង្ការ ឬ​នៅពេល​មាន​បញ្ហា​នៅ​ដំណាក់កាល​ដំបូង គឺអាច​ព្យាបាល​ឆាប់​ជា និង​អស់​លុយ​តិច​»​។​
 
​ជំងឺមិនឆ្លង មិន​ត្រឹមតែ​ជា​បញ្ហា​សុខភាព​តែមួយ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​បញ្ហា​ប្រឈម​ចំពោះ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​។ របាយការណ៍​របស់ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញថា ការចំណាយ​លើ​ការថែទាំ​សុខភាព​របស់​រដ្ឋាភិបាល​កម្ពុជា ទៅលើ​ជំងឺមិនឆ្លង  មាន​ចំនួន​ប្រមាណ ៣៤៣​លាន​រៀល ឬ​ស្មើ ៨៥​លាន​ដុល្លារ​។ ការចំណាយ​នេះ គ្រាន់តែ​ជា​ចំនួន​ដ៏​តូច​មួយ បើ​ធៀប​ទៅនឹង​ការបាត់បង់​ដែល​មើលមិនឃើញ ដោយមាន​ប្រមាណ ១,៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ស្មើនឹង​៦,៦​ភាគរយ  នៃ​ផលទុន​ក្នុងស្រុក​សរុប​នៅ​កម្ពុជា ដោយសារ​ការថយចុះ​សមត្ថភាព​នៅ​កន្លែងធ្វើការ និង​ស្លាប់​មុន​អាយុ ក្នុងចំណោម​ប្រជាជន​ស្ថិតក្នុង​វ័យ​បំពេញការងា​៕
 
 

Tag:
 ជំងឺមិនឆ្លង
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com