មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌អាមេរិកអះអាងថា ភ្នាក់ងារចិន៨នាក់ត្រូវបានកំណត់អត្តសញ្ញាណ ខណៈ ៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ តុលា។ បុគ្គលទាំងនោះរងការចោទប្រកាន់ថា បានបើកប្រតិបត្តិការធ្វើបាបអ្នករិះគន់ និងអ្នកប្រឆាំងរដ្ឋាភិបាលចិន នៅក្នុងទឹកដីអាមេរិក។
ឧបការីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោកJohn Demers អះអាងថាភ្នាក់ងារចិនចំនួន៨នាក់ ត្រូវបានអាមេរិកចោទប្រកាន់ពីការពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ចិន ដោយខុសច្បាប់ក្នុងទឹកដីអាមេរិក។ ការអនុវត្តច្បាប់ចិន នៅក្រៅប្រទេសត្រូវបានចិនអះអាងថា ជាការប្រមាញ់កញ្ជ្រោង។ នេះយោងតាមទីភ្នាក់ងារព័ត៌មានAFP។
ការប្រមាញ់កញ្ជ្រោង គឺជាយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់ចិនជាលក្ខណៈអន្តរជាតិ ដើម្បីតាមចាប់ជនល្មើសដែលគេខ្លួនពីចិន នឹងនាំខ្លួនពួកគេមកកាត់ទោសព្រហ្មទណ្ឌដោយត្រឹមត្រូវចំពោះមុខតុលាការចិន។
ប៉ុន្តែបើតាមលោក Demers ផ្នែកខ្លះនៃការប្រមាញ់កញ្ជ្រោងក្លាយជាការតាមរកអ្នកប្រឆាំងនឹងលោកប្រធានាធិបតីចិនស៊ី ជិនភីង ដូចជាអ្នកប្រកួតប្រជែងនយោបាយ អ្នកប្រឆាំង និងអ្នករិះគន់ជាដើម។ លោកបានសង្កត់ធ្ងន់ថាប្រតិបត្តិការខាងលើនេះ គឺជាការបំពាននីតិរដ្ឋ និងបទដ្ឋានច្បាប់អន្តរជាតិ។
លោក Demers បន្តថាក្រុមទាំងនោះបានចូលមកក្នុងទឹកដីអាមេរិក ដើម្បីកំណត់ជនល្មើសបន្ទាប់មកគំរាម ឬប្រើវិធីសាស្ត្រផ្សេងទៀតដើម្បីបង្ខំឲ្យអ្នកទាំងនោះត្រឡប់ទៅប្រទេសចិនវិញ។អ្នកទាំងនោះប្រឈមនឹងជាប់ពន្ធាគារពេលត្រឡប់ទៅវិញ ឬកាត់ក្តីក្នុងតុលាការមិនស្របច្បាប់។
ដោយឡែកភ្នាក់ងារចិនទាំង៥នាក់ដែលត្រូវចាប់ខ្លួនវិញនោះ ត្រូវបានអាមេរិកចោទប្រកាន់ពីបទឃុបឃិតជាមួយរដ្ឋាភិបាលចិន ដើម្បីប្រព្រឹត្តអំពើមិនស្របច្បាប់ក្នុងទឹកដីអាមេរិក។ បើសិនរកឃើញថា មានកំហុសមែននោះ បុគ្គលទាំង៥រូបខាងលើ នឹងត្រូវជាប់គុកអាមេរិកយ៉ាងតិច៥ឆ្នាំ។
អ្វីដែលគួរឲ្យកត់សម្គាល់ អាមេរិកមិនបានប្រាប់ពីវិធីការស្វែងរក និងចាប់ខ្លួនភ្នាក់ងារចិនឡើយ។ចំណែកភ្នាក់ងារ៣នាក់ ដែលមិនទាន់ត្រូវបានចាប់ខ្លួនគឺកំពុងស្ថិតនៅប្រទេសចិននៅឡើយ។
អគ្គនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) លោកChristopher Wray អះអាងថា រដ្ឋាភិបាលចិនបំភ័យ និងធ្វើឲ្យអាម៉ាស់ដល់ពលរដ្ឋអាមេរិក ក៏ដូចជាអ្នកស្នាក់នៅអាមេរិកដោយស្របច្បាប់។លោកបន្ថែមថា ការស្វែងរកអ្នកប្រឆាំងរដ្ឋាភិបាលចិននៅបរទេស មិនត្រូវមាននៅអាមេរិកនោះទេ។
«នេះជាមិនមែនជាសកម្មភាពដែលយើងរំពឹងពីរដ្ឋដែលមានទំនួលខុសត្រូវឡើយ»។ នេះជាការលើកឡើងរបស់លោកWray ដោយបន្ថែមថា វាជាសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនទៅវិញទេ។
ការចាប់ខ្លួនភ្នាក់ងារចិននេះ នឹងធ្វើឲ្យប្រទេសទាំង២ប្រឈមមុខគ្នាលើបញ្ហាកាន់តែច្រើន ខណៈទំនាក់ទំនងរវាងប្រទេសទាំង២កំពុងដុនដាបខ្លាំងរួចទៅហើយ។ ចិន និងអាមេរិកកំពុងមើលមុខគ្នាមិនចំ លើរឿងជម្លោះពាណិជ្ជកម្ម សិទ្ធិមនុស្សនៅតំបន់រដ្ឋបាលពិសេសហុងកុង និងខេត្តស៊ីនជាំង ក៏ដូចជាបញ្ហាបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥(៥G) កោះតៃវ៉ាន់ និងជម្លោះក្នុងសមុទ្រចិនខាងត្បូងផងដែរ៕