ជាតិ
សង្គមជាតិ
ក្រសួង ព្រមានមិនទូទាត់ប្រាក់ឲ្យ បើអង្គភាពណា ធ្វើផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប មិនត្រឹមត្រូវតាមបច្ចេកទេស
29, Oct 2020 , 5:33 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ ក្នុងកិច្ចប្រជុំស្តីពីការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែនៅសៀមរាប ថ្ងៃទី២៨តុលា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ)
លោក ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ ក្នុងកិច្ចប្រជុំស្តីពីការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែនៅសៀមរាប ថ្ងៃទី២៨តុលា ២០២០។ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ)
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ដល់អង្គភាព ដែលធ្វើផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ឲ្យធ្វើផ្លូវទាំងនោះតាមស្ដង់ដារបច្ចេកទេស ហើយបញ្ចប់គម្រោងទាន់ពេលវេលាគ្រោងទុក។ លោក ព្រមានថា បើអង្គភាពណា ធ្វើផ្លូវទាំងនោះ មិនបានត្រូវតាមបច្ចេកទេស គឺក្រសួង មិនទូទាត់ប្រាក់ឲ្យឡើយ។



ការព្រមានរបស់រដ្ឋមន្រី្តក្រសួងសាធារណការ ធ្វើឡើងក្នុងកិច្ចប្រជុំការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៣៨ខ្សែនៅក្រុងសៀមរាប កាលពីថ្ងៃទី២៨តុលា ឆ្នាំ២០២០។ មាន៦អង្គភាព ដែលត្រូវចូលរួមសង់ផ្លូវទាំង៣៨ខ្សែ។

ដើម្បីទទួលបានផ្លូវមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់គម្រោងតាមការគ្រោងទុក ស៊ុន ចាន់ថុល ដែលត្រូវបានតែងតាំងជាអនុប្រធានប្រចាំការនៃគណៈកម្មការសាងសង់ផ្លូវទាំង៣៨ខ្សែ ណែនាំថា គ្រប់ភាគីពាក់ព័ន្ធទទាំងរដ្ឋនិងឯកជន ត្រូវសហការគ្នាជាប្រចាំ។

សម្តីរបស់លោក ត្រូវបានស្រង់យកទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការថា៖«ប្រសិនបើអង្គភាពសាងសង់ណាមួយ ត្រូវបានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធសំណង់របស់ខ្លួន មិនបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬសៀវភៅបន្ទុក អង្គភាពនោះ នឹងមិនទទួលបានការទូទាត់ប្រាក់ជាដាច់ខាត»។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ ប្រាប់សារព័ត៌មានថ្មីៗថា អង្គភាពដែលធ្វើផ្លូវទាំង៣៨ខ្សែនេះ គឺគ្រប់អង្គភាពមួយក្រុមៗ សុទ្ធតែមានអ្នកជំនាញការងាររបស់រដ្ឋនិងអ្នកជំនាញរបស់ក្រុមហ៊ុនឯកជន ដែលទទួលធ្វើផ្លូ រួមទាំងអ្នកសហការផ្សេងៗចូលរួម។ បើតាមលោក ហ៊ាង យុទ្ធាយុត្តិ អង្គភាព ដែលចូលរួមធ្វើផ្លូវទាំង៣៨ខ្សែ គឺសំដៅទាំងអង្គភាពរបស់រដ្ឋ និងក្រុមហ៊ុនឯកជន។

លោក ថ្លែងថា៖«ជាទូទៅ តាមគម្រោងកិច្ចសន្យាមួយ គេ តែងតែកក់ប្រាក់មុនខ្លះ ហើយប្រាក់នៅសល់ ទាល់តែគម្រោងរួចរាល់ទើបទូទាត់ប្រាក់ឲ្យ។ អ៊ីចឹង បើក្រុមជំនាញចុះពិនិត្យ ឃើញអង្គភាពណាធ្វើមិនត្រូវតាមបច្ចេកទេស គឺមិនទូទាត់ប្រាក់ឲ្យឡើយ ដូចរដ្ឋមន្រី្តបានលើកឡើង...»។

សូមបញ្ជាក់ថា ផ្លូវថ្នល់ទាំង៣៨ខ្សែនោះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ រដ្ឋាភិបាល ត្រៀមថវិកា១៥០លានដុល្លារ សម្រាប់ចំណាយលើការធ្វើផ្លូវទាំង៣៨ខ្សែនោះ ហើយគ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២១៕

អត្ថបទទាក់ទង

Tag:
 ផ្លូវ៣៨ខ្សែនៅសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com