ជាតិ
សង្គមជាតិ
វិធានការ​៥​ចំណុច​របស់​ក្រសួងកសិកម្ម​ដើម្បី​ស្តារ​វិស័យនេះ​ជាបន្ទាន់ ក្រោយ​ទឹកជំនន់​
30, Oct 2020 , 10:56 am        
រូបភាព
ពូជស្រូវ ដែលក្រសួងកសិកម្មចែកជូនដល់ប្រជាកសិកររងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តបាត់ដំបង។ រូបភាព៖ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ពូជស្រូវ ដែលក្រសួងកសិកម្មចែកជូនដល់ប្រជាកសិកររងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តបាត់ដំបង។ រូបភាព៖ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដាក់​ចេញ​វិធាន​ចំនួន​៥​ចំណុច ដើម្បី​ស្តារ​ការខូចខាត​ក្នុង​វិស័យនេះ​ឡើងវិញ​។ ការចុះ​វាយតម្លៃ​ទំហំ​ផលប៉ះពាល់ និង​ខូចខាត​ជាក់ស្ដែង ការផ្តល់​ពូជស្រូវ និង​ដំណាំ និង​ពូជ​សត្វ ក៏​ដូច​ការជំរុញ​ការអនុវត្ត​គម្រោង ឬ​កម្មវិធី​នានា​របស់​អង្គការ​ដៃគូ ឬ​ម្ចាស់ជំនួយ​នានា សុទ្ធសឹងតែ​ស្ថិតក្នុង​វិធានការ​ស្តារ​វិស័យ​កសិក​ម្ម​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​។​

 
 
​វិធាន​ចំនួន​៥​ចំណុច ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដាក់ចេញ  ដើម្បី​ស្តារ​វិស័យ​កសិកម្ម​នេះ​ឡើងវិញ​ជាបន្ទាន់ ក្រោយ​គ្រោះទឹកជំនន់​បាន​ថមថយ​ចុះ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​ដែល​សារព័ត៌មាន ThmeyThmey25 ទទួលបាន​។ 
 
​វិធានការ​ទាំង​៥​នោះ​រួមមាន គឺ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​មន្ត្រីក្រោមឱវាទ ឲ្យ​បន្ត​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ផលប៉ះពាល់ និង​ខូចខាត​ជាក់ស្ដែង​លើ​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម សត្វពាហនៈ និង​វារីវប្បកម្ម ជាពិសេស​កំណត់​ឲ្យ​ច្បាស់​ទីតាំង​ខូចខាត ទំហំ​ផ្ទៃដី និង​គ្រួសារ​ដែល​រងគ្រោះ ដោយ​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ដែល​ពាក់ព័ន្ធ​។ 
 
​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួងកសិកម្ម ត្រូវ​បន្តធ្វើ​យុទ្ធនាការ​ស្ដារឡើងវិញ ផ្ទៃដី​ដាំ​ដុះ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ចែកជូន​ពូជស្រូវ​, ពូជ​ដំណាំ​,​ត្រី​,​កង្កែប ដល់​កសិករ​ដែល​រង​គ្រោះ ដើម្បី​ឆ្លើយតប​នឹង​ការខូចខាត​កន្លងមក​។ នេះ​ជាការ​វិធានការ​របស់​ក្រសួងកសិកម្ម​ដែល​បានដាក់​ចេញ​។ 
 
​ក្រៅពីនេះ ក្រសួង​ក៏​ណែ​ដល់​គ្រប់​អង្គភាព​គម្រោង និង​កម្មវិធី​អភិវឌ្ឍ​វិស័យ​កសិកម្ម ត្រូវ​សហការ​និង​ព​ន្លឿ​ន​ការអនុវត្ត​កម្មវិធី ឬ​គម្រោង​នានា ដើម្បី​ស្ដារឡើងវិញ នូវ​ផលប៉ះពាល់​តាម​បណ្ដា​ខេត្ត​គោលដៅ​របស់ខ្លួន​។​
 
​ចំណែក​អគ្គនាយកដ្ឋាន​កសិកម្ម មាន​តួនាទី​ពិនិត្យ​សន្និធិ​ពូជស្រូវ ពូជ​បន្លែ និង​ដំណាំ​ផ្សេងៗ សម្រាប់​ជួយ​អន្តរាគមន៍ ព្រមទាំង​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​ស្ដារ​ការដាំដុះ​ឡើងវិញ​ឲ្យ​ទាន់ពេលវេលា​។ ក្រសួងកសិកម្ម​បន្ត​ណែ​នា​ដូច្នេះ មុននឹង​ជំរុញ​អង្គភាព​ជំនាញ ឲ្យ​ខិតខំ​យកចិត្តទុកដាក់ បន្ត​ចុះ​ពិនិត្យ​តាមដាន​សុខភាព​សត្វ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ​ផ្សេងៗ និង​ទប់ស្កាត់​ចលនា​សត្វ​ដោយ​ខុសច្បាប់ នៅតាម​បណ្ដា​រាជធានី​-​ខេត្ត ជាប់​ជាប្រចាំ​រួមទាំង​បទល្មើស​ជលផល និង​ព្រៃឈើ​ផងដែរ​។​
 
​សូមជម្រាបថា​គិត​ត្រឹម​ថ្ងៃទី​២៨ ខែតុលា ដំណាំ​ស្រូវ​ប្រមាណ ៣៨​ម៉ឺន​ហិកតា​បាន​ប៉ះពាល់ និង​ខូចខាត​ដោយសារ​ទឹកជំនន់ ក្នុងនោះ​ប៉ះពាល់​លើ​ដំណាំ​ស្រូវ​ជាង ២៨​ម៉ឺន​ហិកតា​។​
 
​គួ​រកត​សម្គាល់ថា ដើម្បី​ស្តារឡើងវិញ​ផលប៉ះពាល់​នានា​ដោយសារ​ទឹកជំនន់ កាលពី​ថ្ងៃទី​២៦ ខែតុលា កន្លងមក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ចំនួន​៤ ចុះ​ដោះស្រាយ​បន្ទាន់ ជូន​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​។ ក្រសួង​ទាំង​៤ នោះ​រួមមាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ 
 
​សម្រាប់​ក្រសួងកសិកម្ម​បានចាប់ផ្តើម​យុទ្ធនាការ​ស្តារឡើងវិញ​វិស័យ​កសិកម្ម និង​វារីវប្បកម្ម​នេះហើយ ដោយ​ចាប់ផ្តើម​ពី​ខេត្តសៀមរាប បន្តទៅ​បន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍​សាត​៕ 
 
 
 

Tag:
 ​ជំនន់​
 ​កសិកម្ម​
 ​ពូជស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com