ជាតិ
សង្គមជាតិ
ទណ្ឌិត​៦៩៥​នាក់ ស្ថិតក្នុង​បញ្ជី​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ក្នុងឱកាស​បុណ្យអុំទូក​
30, Oct 2020 , 12:59 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ ទណ្ឌិត​៦៩៥​នាក់ ក្នង​នោះ​ស្រី ៦៥​នាក់ ត្រូវ​បានដាក់​ទៅក្នុង​បញ្ជី​ស្នើសុំ​លើកលែងទោស និង​បន្ធូរ​បន្ថយទោស នៅក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២០​នេះ​។ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ Telegram ដូច្នេះ​។

 
​ទណ្ឌិត​ជាង​១​ពាន់​នាក់ មកពី​បណ្ដា​ពន្ធនាគារ​រាជធានី​-​ខេត្ត​ចំនួន​២៤​និង​មណ្ឌល​អប់រំ​កែប្រែ​៤ បានដាក់​សុំ​ស្នើ​បន្ធូរបន្ថយ និង​លើកលែងទោស នាឱកាស​ពិធីបុណ្យ​អុំទូក​។ ប៉ុន្តែ​មានតែ​ទណ្ឌិត ៦៩៥​នាក់​ប៉ុណ្ណោះ ត្រូវបាន​សម្រេច​បញ្ចូល​ទៅក្នុង​បញ្ជី​សម្រាប់​ស្នើសុំ​បន្ធូរ និង​លើកលែងទោស​។  នេះ​បើតាម​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ Telegram នៅថ្ងៃនេះ​។ 
 លោក គឹម សន្តិភាព ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​រដ្ឋ​ម​ន្រី្ត​ក្រសួងយុត្តិធម៌ និង​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ បាន​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ទាំងនោះ ហើយក៏​បានសម្រេច​ជ្រើស​យក ទណ្ឌិត​៦៩៥​នាក់ សម្រាប់​ស្នើ​ទៅ​សម្ដេច ហ៊ុន សែន ដើម្បី​ទូលថ្វាយ​ព្រះមហាក្សត្រ ព្រះ​ប្រទាន​ការអនុគ្រោះ​ទោស​»​។ 
 
​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក្នុងចំណោម​អ្នកទោស​ដែល​ស្ថិតក្នុង​បញ្ជី​ស្នើសុំ​នោះ មាន​ទណ្ឌិត​ស្ត្រី​ចំនួន ៦៥​នាក់​។ លោក គឹម សន្តិភាព ឲ្យ​ដឹង​ទៀតថា ទណ្ឌិត​ទាំង​៦៩៥​នាក់​នោះ នឹងត្រូវ​ដាក់​ស្នើសុំ​បន្ថយទោស​មួយជីវិត មក​នៅ​២០​ឆ្នាំ​ចំនួន​៥​នាក់​, ស្នើសុំ​លើកលែងទោស​១៩​នាក់​។ ចំណែក​ទណ្ឌិត ដែល​ស្នើសុំ​បន្ធូរ​បន្ថយទោស​១២​ខែ មាន​៩២​នាក់​, ស្នើសុំ​បន្ធូរ​បន្ថយទោស​៩​ខែ មាន​៩៥​នាក់ និង​ស្នើសុំ​បន្ធូរ​បន្ថយទោស​៦​ខែ មាន​៤៨៤​នាក់​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៕
 

Tag:
 ទណ្ឌិត​
 ​លើកលែងទោស​
 ​បន្ថយទោស​
 ​គឹម សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com