កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​១០​រូប ដែល Barca ទិញ​ខុស​បំណង អំឡុង​ការគ្រប់គ្រង​របស់លោក Bartomeu
02, Nov 2020 , 12:39 pm        
រូបភាព
​លោក Josep Maria Bartomeu បាន​លាលែង​ពី​តំណែង​ប្រធាន​ក្លិប Barcelona បន្ទាប់ពី​ក្រុមប្រឹក្សាភិបាល និង​អ្នកគាំទ្រ​ទាមទារ​ឲ្យ​លោក​ចាកចេញ​។ Bartomeu រង​ការស្តីបន្ទោស​ពី​អ្នកគាំទ្រ​ជុំវិញ​ការលក់ Neymar ហើយ​យកលុយ​ទិញ​កីឡាករ​ដែល​មិន​អាចជួយ​ក្លិប​បាន​។​



​ក្លិប​យក្ស​អេ​ស្ប៉ា​ញ បានឈ្នះ​ពានរង្វាន់​៣​ក្នុង​រដូវ​កាល​តែមួយ ២០១៤-១៥ ដែលជា​រដូវ​កាល​ដំបូង​របស់លោក Bartomeu ក្នុងនាម​ជា​ប្រធាន​ក្លិប​។ កាលនោះ ខ្សែប្រយុទ្ធ​ឆ្នើម​៣​រូប Lionel Messi, Luis Suarez និង Neymar ឬ MSN ជា​សមាជិក​សំខាន់​ក្នុង​ការជួយ​ក្រុម​ទទួលបាន​ជោគជ័យ​នេះ​។​
 
​បើទោះបី​នេះ​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​សម្រាប់​លោក Bartomeu ក្តី ប៉ុន្តែ​ក្រោយ Barca ទទួលរង​ភាពអាម៉ាស់​ជា​បន្តបន្ទាប់ ដូចជា​ចាញ់ Bayern Munich ៨-២ ក្នុងការ​ប្រកួត Champions League វគ្គ​៨​ក្រុម​ចុងក្រោយ និង​មិនអាច​ឈ្នះ​ពាន La Liga រដូវ​កាល​មុន​ជាដើម បានធ្វើ​ឲ្យ​លោក​រង​ការរិះគន់​យ៉ាងខ្លាំង​។​
 
​សមាជិក​ជាង​២​ម៉ឺន​នាក់​របស់​ក្លិប បាន​ចុះហត្ថលេខា​លើ​ញត្តិ​ដក​បុរស​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ចេញ ខណៈដែល Barca ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក Bartomeu ក៏​មិនត្រូវ​គ្នា​ជាមួយ Messi ដែរ​។​
 
​មួយវិញទៀត ស្ថានភាព​ក្រុម​បាន​ធ្លាក់​ដុនដាប​ខ្លាំង​ចាប់តាំងពី Neymar ចាកចេញ ហើយ​មិនអាច​រក​កីឡាករ​មក​ជំនួស​បាន​បើ​ទោះ​ចំណាយ​ប្រាក់​ច្រើនសន្ធឹក ក៏​ជា​មួល​ហេតុ​ធ្វើ​ឲ្យ​លោក Bartomeu រង​ការរិះគន់ និង​បាត់បង់​ការគាំទ្រ​ផងដែរ​។​
 
​បរាជ័យ​ក្នុង​ការទិញចូល​កីឡាករ​របស់លោក Bartomeu ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ដែល​ធ្វើ​ឲ្យ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​មានដូចជា​៖ Philippe Coutinho ទិញ​ពី Liverpool តម្លៃ ១៤០​លាន​ដុល្លារ​, Antoine Griezmann ពី Atletico Madrid តម្លៃ ១៤០​លាន​ដុល្លារ​, Ousmane Dembele ពី Borussia Dortmund តម្លៃ ១២៣​លាន​ដុល្លារ​, Malcom  ពី Bordeaux តម្លៃ ៤៨​លាន​ដុល្លារ​, Andre Gomes ពី Valencia តម្លៃ ៤១​លាន​ដុល្លារ​, Arda Turan ពី AT-Madrid តម្លៃ​៤០​លាន​ដុល្លារ​, Martin Braithwaite ពី Leganes តម្លៃ ២១​លាន​ដុល្លារ ក៏ដូចជា Lucas Digne Thomas Vermaelen និង Jeremy Mathieu ជាដើម​៕
 

Tag:
 Josep Maria Bartomeu
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com