ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ហ៊ុយ យ៉ាឡេង ប្រឹងសម្រាំងស្នាដៃភាពយន្ត ដើម្បីសម្រួចខ្លួនចូលទីផ្សារពិភពលោក
30, Oct 2020 , 10:59 pm        
រូបភាព
ភ្នំពេញ៖ មានមហិច្ឆតាចង់ឱ្យភាពយន្តខ្មែរ អាចបង្ហាញខ្លួនក្នុងទីផ្សារពិភពលោក អ្នកដឹកនាំរឿងលោក ហ៊ុយ យ៉ាឡេង ដែលមានបទពិសោធក្នុងវិស័យសិល្បៈភាពយន្តអស់រយៈពេលជាង២០ឆ្នាំ កំពុងតែប្រឹងប្រែងសម្រិតសម្រាំងគុណភាពស្នាដៃភាពយន្តរបស់ខ្លួនរាល់ថ្ងៃ។ ដ្បិតតែក្ដីស្រមៃនេះហាក់នៅឆ្ងាយ ប៉ុន្តែអ្នកនិពន្ធនិងជាអ្នកដឹងនាំរឿង “ទឹកចិត្តឪពុក” រូបនេះ បានបោះជំហ៊ានជាបណ្ដើរៗហើយ តាមរយៈការឆក់យកចិត្តអ្នកគាំទ្រក្នុងស្រុក។ ការណ៍នេះជាសញ្ញាជំរុញចិត្តលោក ហ៊ុយ យ៉ាឡេង មិនអស់សង្ឃឹមចំពោះក្ដីប្រាថ្នារបស់ខ្លួន។

 
ដើម្បីឈ្វេងយល់បន្ថែមពីស្នាដៃ ក៏ដូចជាជំហ៊ាននីមួយៗរបស់អ្នកនិពន្ធ ឆ្ពោះទៅសម្រេចមហិច្ឆតារបស់ខ្លួន សូមអញ្ជើញលោកអ្នកនាង ស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
 
 


 
ដ្បិតតែភាពយន្តខ្មែរខ្លះ ត្រូវបានប្រជាជនរបស់ខ្លួនរិះគន់ អំពីគុណភាពក៏ពិតមែន ប៉ុន្តែនៅមួយរយៈកាលចុងក្រោយនេះ គេក៏សង្កេតឃើញថា ផលិតករខ្មែរមួយចំនួន កំពុងប្រឹងប្រែងសម្រិតសម្រាំងស្នាដៃរបស់ខ្លួនណាស់ដែរ។ អាចថាពិបាកបន្ទោសចំពោះគុណភាពរឿង ក៏ដូចជាគុណភាពនៃការសម្ដែងរបស់តួនីមួយៗ ក៏ព្រោះថាកម្ពុជា នៅមិនទាន់មានសាលាបង្រៀនជំនាញភាពយន្តនោះឯង។
 
បើទោះបីជាភាពយន្តខ្មែរ ហាក់ដើរយឺតជាងភាពយន្ត នៅតាមបណ្ដាប្រទេសមួយចំនួនក៏ដោយ ក៏លោក ហ៊ុយ យ៉ាឡេង ដែលធ្លាប់ឆ្លងកាត់ការដឹកនាំរឿងប្រមាណជា២០រឿងមកនោះ នៅតែមិនបោះបង់មហិច្ឆតា ដែលចង់ឱ្យពិភពលោក ទទួលយកភាពយន្តខ្មែរ។ លោក ហ៊ុយ យ៉ាឡេង រៀបរាប់ដូច្នេះ៖«ក្ដីបំណងធំ គឺភាពយន្តរបស់យើងទៅដល់សហរដ្ឋអាមេរិក ខ្ញុំចង់ឱ្យកុនរបស់យើង ផ្សព្វផ្សាយទៅទូទាំងពិភពលោក ដូចជាកុនកូរ៉េ កុនចិន កុនថៃ ដែលគេដើរទៅហើយ។ នេះទើបខ្ញុំសប្បាយចិត្តជាងគេ។ រាល់ថ្ងៃហ្នឹង ខ្ញុំសប្បាយចិត្តល្មមៗ នៅពេលដែលកុនរបស់យើង ទទួលបានការគាំទ្រ»។


រូបថត ផ្តល់ដោយលោក  ហ៊ុយ យាឡេង អ្នកនិពន្ធ និងជាអ្នកដឹកនាំភាពយន្ត

ជាអ្នកដឹកនាំនិងជាអ្នកនិពន្ធរឿង “វិកលចរិត” និងរឿង “ទឹកចិត្តឪពុក” ដែលទទួលបានការគាំទ្រពីទស្សនិកជនច្រើន លោក ហ៊ុយ យ៉ាឡេង ក៏ធ្លាប់បរាជ័យលើភាពយន្តមួយចំនួនដែរ ហើយវាជាស្នាដៃដំបូង ក្នុងផលិតកម្ម (មាតុចក្រហ្វីម) របស់លោក។ ការបរាជ័យលើកនោះហើយ ដែលធ្វើឱ្យលោកចាប់ផ្ដើម មើលពីចំណុចខ្សោយរបស់ខ្លួន និងព្យាយាមកែប្រែកំហុសទាំងនោះ។ អ្នកដឹកនាំរឿងរូបនេះ បន្ត៖«ដំបូងក៏គេមិនទាន់ស្គាល់ដែរ។ រឿងទី១ ខ្ញុំសហការជាមួយមហាហង្ស រឿង”អាព្រឿងងាប់ហើយ”។ រឿងទី២ ជារឿងកំប្លែង”អាកុក អាច្រវា” ក៏មិនសូវមានអ្នកស្គាល់ដែរ។ យើងខាត! ក្រោយមកយើងធ្វើរឿង “វិកលចរិត” ខ្ញុំស្រឡាញ់រឿងហ្នឹងជាងគេ ហើយរឿងនេះ គឺជារឿងដែលខ្ញុំចាប់ផ្ដើមប្រឡូក ក្នុងការតែងនិពន្ធ។ រឿងនេះហើយដែលខ្ញុំគិតថា ត្រូវធ្វើរឿងដែលអាចចាក់បញ្ចាំងនៅស្រុកគេបាន។ ពេលនោះហើយ ដែលខ្ញុំគិតថា ធ្វើរឿងកុំធ្វើតែរឿងដែលចាក់នៅក្នុងស្រុក ធ្វើយ៉ាងណារឿងត្រូវតែមានគុណភាព»។ 
 
ពាក់អាវក្រឡាការ៉ូ ពណ៌សលាយទឹកប៊ិក ពាក់ម៉ាសពណ៌ខៀវ អង្គុយលើសាឡុង នៅខាងក្រៅរោងភាពយន្តទំនើបមួយកន្លែង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ នាម៉ោងប្រហែល១១ថ្ងៃត្រង់ បុរសវ័យ៤១ឆ្នាំរូបនេះ អះអាងថា លោកធ្លាប់ធ្លាក់ទឹកចិត្ត ស្ទើរតែសម្លាប់ខ្លួន នៅពេលស្នាដៃរបស់លោកជួបបរាជ័យ។ ជាស្នាដៃដំបូង នៃការនិពន្ធសេណារីយ៉ូភាពយន្តរឿង “វិកលចរិត” ភាពយន្តនេះ មិនមែនបរាជ័យព្រោះគុណភាពខ្សោយឡើយ ប៉ុន្តែទំនងស្នាដៃរបស់លោក មិនទាន់មានគេស្គាល់ច្រើន។ 
សំឡេងរៀងក្ងួរបន្តិច លោក យ៉ាឡេង ថាវាជារឿងពិត គ្រានោះលោកខ្មាសគេផង បាក់ទឹកចិត្តផង និងអស់សង្ឃឹមផង។ «បញ្ចាំងមិនមានអ្នកទទួលស្គាល់ អាទិត្យទី១ មិនមានអ្នកមើល ពេលនោះហើយ ដែលខ្ញុំភ័យជាងគេ ព្រោះរឿងទី១ រឿងទី២ ដែលយើងបានធ្វើវាខាត ខ្ញុំខ្ចីប្រាក់មិត្តភ័ក្ដិ យកមកធ្វើការបន្ត។ អ៊ីចឹងដល់កំណត់ដែលខ្ញុំត្រូវសងគេវិញ។ ខ្ញុំគិតថា រឿង “វិកលចរិត” ជារឿងដែលខ្ញុំអាចសងគេបាន ព្រោះខ្ញុំមើលរឿងបរទេស ហើយប្រៀបគុណភាពរឿងរបស់យើង អាចទប់ជាមួយគេបាន តែទីបំផុតអ្នកទស្សនា គាត់មិនទាន់គាំទ្រ គាត់មិនទាន់ស្គាល់យើង»។
 
លោកបន្ថែម ខណៈខ្នងផ្អែកលើសាឡុងពណ៌ក្រហមឆ្អិនឆ្អៅ ដោយដៃទាំងសងស្រាក់ចូលគ្នា ដាក់កម្ពស់ចុងដង្ហើម។ «ចុះព័ត៌មានដោយចៃដន្យ ដោយសារតែខ្ញុំថា យើងដួលហើយ។ មានអ្នកគាំទ្រម្នាក់ គាត់លួចថត ហើយយករូបនោះទៅ Post ថាខ្ញុំដួលហើយ ហើយរឿងនោះ ខ្ញុំខំធ្វើចង់ងាប់ គុណភាពគិតថា អាចទទួលយកបាន តែមិនមានអ្នកគាំទ្រ។ កាលនោះ ខ្ញុំជិះកង់លែងទៅមុខ ខ្ញុំគិតថា បើសិនជាខ្ញុំកាច់ចង្កូតចូលកណ្ដាលផ្លូវ ខ្ញុំស្លាប់បាត់។ ប៉ុន្តែនៅពេលដែល post ហើយ ពេលទៅដល់ផ្ទះ មានអ្នកគាំទ្រ គាត់មើលហើយ គាត់លើកទឹកចិត្តខ្ញុំ ហើយគាត់ចាប់ផ្ដើមរិះគន់ដល់ប្រជាជនថា រឿងល្អ ស្ដង់ដារ អាចទទួលយកបាន ហេតុអ្វីមិនគាំទ្រគាត់។ ពេលនោះហើយ ព័ត៌មានចាប់ផ្ដើមផុសផុល ហើយពេលដែលពួកគាត់ទៅមើលឃើញថាល្អមែន»។ 


 រូបថត ផ្តល់ដោយលោក  ហ៊ុយ យាឡេង អ្នកនិពន្ធ និងជាអ្នកដឹកនាំភាពយន្ត

ចាប់ពីហេតុការណ៍លើកនោះមក ស្នាដៃរបស់លោក ទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ ជោគជ័យនេះ មិនមែនមកពីទស្សនិកជនអាណិតលោកឡើយ ប៉ុន្តែមកពីស្នាដៃទាំងនោះត្រូវបានសម្រិតសម្រាំង អស់ពីកម្លាំងកាយ និងចិត្តនោះឯង។ ប្រយ័ត្នប្រហែងបំផុត ហ្មត់ចត់បំផុត ខំរកគន្លឹះកាត់បន្ថយចំណុចខ្សោយ ឱ្យបានច្រើនបំផុត ក៏ដើម្បីបំពេញចិត្តអ្នកមើល។
 
បុរសសម្បុរស្រអែម ទុកសក់រាងវែងបន្តិច ដោយមានស្កូវល្បាយអាចម៍ខ្លាទៅហើយនោះ រៀបរាប់ពីភាពយន្ត ដែលទទួលបានភាពយោគជ័យជាបន្តបន្ទាប់ ក្នុងឥរិយាបថអង្គុយគងអន្ទាក់ខ្លា។ «រឿងរបស់ខ្ញុំបន្ទាប់ទៀត គឺរឿង”ធ្មប់” ដែលខ្ញុំចាប់ផ្ដើមគិតថា តម្រូវអ្នកទស្សនាក្នុងស្រុកឱ្យបានច្រើន ភាគច្រើនយុវវ័យ ហើយវាជារឿងបុរាណមួយ ដែលមិនសូវមានអ្នកធ្វើ។ “ធ្មប់” មានអ្នកគាំទ្រច្រើន លើស”វិកលចរិត” ទទួលបានពានអ្នកទស្សនាច្រើនជាងគេ។ បន្ទាប់ពី”ធ្មប់”យើងបានធ្វើរឿង ”ទារុណកម្មខ្មោច” គឺជារឿងមួយនិយាយពីសង្គមបច្ចុប្បន្ន។ រឿងចុងក្រោយរបស់ខ្ញុំ ដែលបានបញ្ចាំងនៅដើមឆ្នាំនេះ គឺរឿង “ដើម្បីកូន”។
តាមពិតទៅ នៅមុនពេលធ្វើរឿងស្ដីពីជីវិតពិត “ទឹកចិត្តឪពុក” អ្នកដឹកនាំរឿងរូបនេះ កើតគំនិតថ្មីឡើយ ក៏ព្រោះតែការត្អូញត្អែររបស់ទស្សនិកជន។ «អ្នកទស្សនាគាត់ធុញ គាត់ចូលComment ថាហេតុអ្វីយើង មានតែមួយប្រភេទរឿង? ហេតុអ្វី មិនធ្វើប្រភេទរឿងផ្សេងៗទៀត? អ៊ីចឹងខ្ញុំគិតថា ខ្ញុំគួរតែសាកល្បង ធ្វើរឿងអ្វីផ្សេងមួយ ដែលមិនមែនជារឿងខ្មោច។ រឿងជីវិត អ្នកមីង ពាន់ ភួងបុប្ផា គាត់ធ្វើរឿងទឹកចិត្តម្ដាយ តែឪពុកមិនមានអ្នកណាធ្វើទេ។ ពេលនោះ ខ្ញុំចង់ធ្វើរឿងឪពុកមួយ និយាយពីជីវិតអ្នកធាក់ស៊ីក្លូ ហើយយើងទទួលបានជោគជ័យ មានអ្នកគាំទ្រច្រើន អ្នកខ្លះដែលមិនដែលស្គាល់រោងកុនផង គាត់ចូលមើលក្នុងរោងកុនដោយសារយើង ជាពិសេសឪពុកៗ គាត់នាំគ្រួសាររបស់គាត់មកមើល ដើម្បីប្រាប់កូនគាត់ ឱ្យដឹងពីជីវិតរបស់ឪពុក ថាលំបាកយ៉ាងម៉េច»?
 
បុរសកើតក្នុងគ្រួសារកសិករ និងជាកូនពៅ ក្នុងចំណោមបងប្អូន៤នាក់រូបនេះ កំពុងតែព្យាយាមសិក្សាបន្ថែម ពីចំណូលចិត្តអ្នកទស្សនា ដើម្បីវាយលុកទីផ្សារបន្ត។ «ទៅមុខទៀត យើងសង្កេតមើលសង្គមបច្ចុប្បន្ន យើងមើលទឹកចិត្តអ្នកគាំទ្រទាំងអស់ ថាគាត់ចង់បានអ្វី។ ខ្ញុំចង់បំបែកទីផ្សារ ឱ្យច្រើនប្រភេទ។ ខ្ញុំគិតថា ភាពយន្តឱ្យតែយើងផលិតឱ្យបានល្អ មានគុណភាព មិនមែនមានតែរឿងខ្មោចទេ ដែលទទួលបានអ្នកគាំទ្រ។ ខ្ញុំបានឆ្លងកាត់រឿងជីវិតឪពុក ភាគច្រើនគេថា កុំធ្វើ ប្រយ័ត្នមិនមានអ្នកមើល។ ប៉ុន្តែទីបំផុត ខ្ញុំទទួលបានការគាំទ្រ។ អ៊ីចឹង ខ្ញុំមិនសូវភ័យទេ។ ខ្ញុំនឹងបំបែកទីផ្សារមួយទៀត ធ្វើរឿងប្លែកៗ ដូចជារឿង Action និងរឿងវិទ្យាសាស្ត្រជាដើម»។  
 

រូបថត ផ្តល់ដោយលោក  ហ៊ុយ យាឡេង អ្នកនិពន្ធ និងជាអ្នកដឹកនាំភាពយន្ត

បើទោះបីជាមានក្ដីប្រាថ្នាធំធេងក៏ពិតមែន ប៉ុន្តែអ្នកដឹងនាំរឿង “ខ្មោចដើមចេកជ្វា” ហ៊ុយ យ៉ាឡេង ប្រហែលពិបាកធ្វើដំណើរ ទៅដល់គោលដៅបន្តិចហើយ ព្រោះបញ្ហាបច្ចេកទេសផង ក៏ដូចជាដើមទុនជាដើម។ «ឆ្លងមកដល់រឿងទី៣ ដែលខ្ញុំនិយាយនេះ ភាគច្រើន គឺយើងត្រូវការចាយប្រាក់ច្រើន។ អ៊ីចឹងយើងត្រូវការសិក្សារឿងណា ដែលវាត្រូវនឹងថវិការបស់យើង។ រឿងជីវិតក៏យើងនឹងធ្វើដែរ អ៊ីចឹងប្រហែលជាខ្ញុំ ត្រូវផ្អាករឿងខ្មោចសិន។ ខ្ញុំពិភាក្សាជាមួយក្រុមការងារ រឿង Once Shot មួយរឿងនោះ មិនមានបញ្ហាអ្វីទេ ប៉ុន្តែបញ្ហា គឺបច្ចេកទេស។ យើងចង់បានកាំភ្លើង AK មួយដែលវាជាកាំភ្លើងថតកុន បាញ់ទៅមានផ្កាភ្លើង តែមិនមានបញ្ហា ហើយចេញសម្បកផ្ទុះ ដូចមែនទែន។ ខ្ញុំឃើញនៅអាមេរិកគេធ្វើ ខ្ញុំរកមិនទាន់បាន។ ពេលដែលយើងរកប្រភពបាន ខ្ញុំនឹងធ្វើវា»។
 
បើនិយាយឱ្យចំទៅ សម្រាប់លោក ហ៊ុយ យ៉ាឡេង ទំនងមិនមែនមានក្ដីប្រាថ្នា ត្រឹមតែចង់ឱ្យភាពយន្តខ្មែរ មានវត្តមានលើទីផ្សារពិភពលោកប៉ុណ្ណោះឡើយ ប៉ុន្តែលោកបានមើលឃើញជ្រៅជាងនោះ។ «វិស័យសិល្បៈ ភាពយន្ត គឺជាវិស័យឆ្លុះបញ្ចាំងពីសង្គម។ ជាវិស័យដែលជួយប្រទេស។ ឧទាហរណ៍ ដូចជាប្រទេសកូរ៉េ គេស្គាល់ប្រទេសកូរ៉េច្រើន ដោយសារតែវិស័យសិល្បៈ ដោយសារតែភាពយន្ត និងវិស័យចម្រៀង Kpop។ រដ្ឋាភិបាលរបស់គេ ប្រឹងជួយមែនទែន គេប្រឹងធ្វើឱ្យវិស័យហ្នឹង ដើរមែនទែន ហើយគេប្រឹង ផ្សព្វផ្សាយមែនទែន។ ពេលដែលវិស័យភាពយន្តគាត់ខ្លាំង វិស័យចម្រៀងគាត់ខ្លាំង អ្នកណាក៏ស្គាល់កូរ៉េដែរ»។ 
 
អង្គុយមើលទៅផ្ទាំងផ្សព្វផ្សាយភាពយន្តថៃ នៅចំពោះមុខ ខណៈពេលបុរសជំទង់ពីរនាក់ កំពុងដើរឆ្លងកាត់ ម្ចាស់ស្នាដៃរឿង “ធ្មប់” រូបនេះ ចង់ឱ្យស្ថាប័នរដ្ឋមួយចំនួន ជួយជ្រោមជ្រែងវិស័យភាពយន្ត ដែលខ្លួនមើលឃើញថា វាមានសារសំខាន់ចំពោះសេដ្ឋកិច្ចជាតិនោះ។ «វិស័យហ្នឹង ខ្ញុំគិតថាសំខាន់មែនទែន។ តាមពិតទៅ ខ្ញុំចង់ឱ្យរដ្ឋាភិបាល ជួយឱ្យបានច្រើន តាមពិតទៅនៅស្រុកគេ គេមានក្រសួង៤ឯណោះ ដែលគាំទ្រវិស័យភាពយន្ត និងវិស័យសិល្បៈ។ មានក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងអប់រំ និងក្រសួងវប្បធម៌ រួមគ្នា ដើម្បីធ្វើឱ្យវិស័យហ្នឹងដើរ។ កាលណាវិស័យហ្នឹងដើរខ្លាំង វិស័យទេសចរណ៍ គេស្គាល់យើងច្រើន អ៊ីចឹងគេមកលេងប្រទេសយើងកាន់តែច្រើន សេដ្ឋកិច្ចយើងកាន់តែដើរ ហើយភាពយន្តយើងបានផ្សព្វផ្សាយទៅជុំវិញពិភពលោក»។ 


រូបថត ផ្តល់ដោយលោក  ហ៊ុយ យាឡេង អ្នកនិពន្ធ និងជាអ្នកដឹកនាំភាពយន្ត

លោកពន្យល់បន្ថែមដូច្នេះ៖«បច្ចុប្បន្នមានតែក្រសួងវប្បធម៌មួយទេ ដែលប្រឹងតែម្នាក់ឯង។ នៅពេលដែលក្រសួងពាណិជ្ជកម្ម គាត់ទៅតាំងពិព័រណ៍ គាត់គួរតែដាក់ផ្ទាំងផ្សព្វផ្សាយ ពីភាពយន្ត ឬពីសិល្បៈមួយ  មិនគួរផ្សព្វផ្សាយតែពាណិជ្ជកម្មទេ។ ក្រសួងព័ត៌មាន ត្រូវតែជួយផ្សព្វផ្សាយពីភាពយន្ត ទៅកាន់ពិភពលោក។ ក្រសួងវប្បធម៌ គឺជាអ្នកធ្វើមុនគេហើយ ប៉ុន្តែត្រូវតែក្រសួងទាំង៣ ទាំង៤ហ្នឹង រួមគ្នា។ ក្រសួងអប់រំអីហ្នឹង ជួយមើលគ្នា ដើម្បីឱ្យវិស័យហ្នឹង រីកចម្រើន»។
 
ឆ្លងកាត់ឧបសគ្គច្រើន ក្នុងវិស័យដែលខ្លួនស្រឡាញ់ពេញបេះដូងនេះ លោក ហ៊ុយ យ៉ាឡេង ពិតជាមានក្ដីសង្ឃឹមថា ថ្ងៃណាមួយ ភាពយន្តខ្មែរ នឹងល្បីល្បាញឡើងវិញ ជាមិនខាន។ «ធម្មតា នៅពេលដែលយើង ប្រឡូកក្នុងវិស័យដែលយើងស្រឡាញ់ និយាយតាមត្រង់ បើទោះបីជាដាច់បាយ ក៏យើងសប្បាយចិត្តដែរ។ ហើយខ្ញុំ ក៏ចង់ស្នងពីដូនតា តាំងពីសម័យសង្គមរាស្ត្រនិយម ដែលដូនតារបស់យើង ផលិតភាពយន្តយ៉ាងល្អ រហូតដល់ល្បីពេញអាស៊ី។ ក្នុងនាមយើងជាកូនខ្មែរ យើងតែងតែមានមោទកភាព ថាដូនតាយើងខ្លាំង ដូច្នេះយើង ត្រូវតែធ្វើយ៉ាងណាឱ្យអស់ពីលទ្ធភាព ហើយនឹងធ្វើឱ្យខ្លាំងជាងដូនតា»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com