កីឡាជាតិ
ជាតិ
លោក ខៀវ សា​ម៉េ​ត ថា កូ​វីដ​-១៩ មិនអាច​រារាំង​ការអភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​សាល​ឡើយ​
31, Oct 2020 , 12:58 pm        
រូបភាព
លោក ខៀវ សាម៉េត លើកបង្ហាញឈ្មោះក្រុមក្នុងពិធិចាប់ឆ្នោតការប្រកួត Tiger Futsal Cup 2020, រូបភាពពី Cambodia Futsal
លោក ខៀវ សាម៉េត លើកបង្ហាញឈ្មោះក្រុមក្នុងពិធិចាប់ឆ្នោតការប្រកួត Tiger Futsal Cup 2020, រូបភាពពី Cambodia Futsal
ដោយ:
​ទោះបី​ប្រទេស​កម្ពុជា​បាន​រង​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​អះអាងថា វា​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ក្នុង​សាល​នោះទេ​។ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ខាង សហព័ន្ធ នឹង​ចាប់ផ្តើម​ការប្រកួត​បាល់​ទាត់​ជម្រើស​ជើងឯក Tiger Futsal Cup 2020 ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ទៅលេង​នៅក្រៅ​ប្រទេស​។​

 
​នា​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​ក្នុង​សាល​ដណ្តើម​ពានរង្វាន់ Tiger Futsal Cup 2020 កាលពី​សប្តាហ៍​មុន លោក ខៀវ សា​ម៉េ​ត អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​អះអាងថា ផែនការអភិវឌ្ឍន៍​កីឡាបាល់ទាត់​ក្នុង​សាល​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ទោះបី​ប្រទេស​កម្ពុជា​រង​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ​។ 
 

លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(កណ្តាល)រូបភាពពី Cambodia Futsal 

«​ទោះបី​ក្នុង​កាលៈទេសៈ​ប្រទេសជាតិ​កំពុង​ប្រឈម​ជាមួយ​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក្តី តែ​មិនអាច​រារាំង​ការអភិវឌ្ឍ​របស់​យើង​បានឡើយ ព្រោះនេះ​ជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​របស់លោក ខៀវ សា​ម៉េ​ត​។​
 
​ទោះបី​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ លោក ខៀវ សា​ម៉េ​ត ដាស់តឿន​ឲ្យ​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​របស់​ក្លិប​នីមួយៗ ដែល​ចូលរួម​ការប្រកួត​ឆ្នាំនេះ បន្ត​យកចិត្តទុកដាក់ និង​គោរព​តាម​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ការ​ក្រើនរំលឹក​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ការប្រកួត​បាល់ទាត់​ក្នុង​សាល ក្លាយជា​កន្លែង​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។  
 

លោកស្រី ពុធ ធីតា សមាជិកប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញឈ្មោះក្រុមក្នុងពិធីចាប់ឆ្នោត, រូបភាពពី Cambodia Futsal 

​ក្រៅពី​ចម្រាញ់រ​កជើង​ខ្លាំង​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFF Futsal Club Championship 2021 សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ចម្រាញ់​រក​កីឡាករ​មួយក្រុម​ដើម្បី​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ក្របខណ្ឌ​អាស៊ាន AFF Futsal Championship 2021​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ខៀវ សា​ម៉េ​ត​។    
 
​លោក បាន​វាយតម្លៃ​បន្ថែមថា​៖«​ការបើក​ការប្រកួត Tiger Futsal Cup រដូវ​កាល​ឆ្នាំ​២០២០ ពិត​ជាមាន​សារសំខាន់ ទាំង​ផ្នែក​ការអភិវឌ្ឍ​កីឡា​ហ្វ៊ូ​ត​សាល​ក្នុងប្រទេស និង​ការត្រៀម​លក្ខណៈសម្បត្តិរ​បស់​ក្លិប និង​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ចូលរួម​ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​»​។​
 

កីឡាករតំណាងទាំង២៥ក្រុម ដែលចូលរួមប្រកួតក្នុងពានរង្វាន់កីឡាក្នុងសាលឆ្នាំនេះ 

​សម្រាប់​ការបើក​ទំព័រ​ថ្មី​ក្នុង​ឆ្នាំ​ទី​៤​នេះ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ក្នុង​សាល Tiger Futsal Cup 2020 មាន​២៥​ក្រុម​ចូលរួម ដែលមាន​ការកើនឡើង​៥​ក្រុម​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​វិលជុំ ដោយ​បែង​ចែកជា​៥​ពូ​ល​។ ក្រុម​លេខ​១ និង​ក្រុម​លេខ​២​ល្អ​ជាងគេ​ចំនួន​៣​ក្រុម​ក្នុង​ពូ​ល​នីមួយៗ នឹង​ឡើង​ទៅលេង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​។ ការប្រកួត​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៧ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០៕  

Tag:
 Tiger Futsal Cup 2020
  ខៀវ សា​ម៉េ​ត
© រក្សាសិទ្ធិដោយ thmeythmey.com