ជាតិ
បុណ្យអុំទូក
បុណ្យអុំទូក រម្លឹកដល់វីរភាពនៃកងទ័ពជើងទឹកខ្មែរក្នុងបុព្វសម័យ
× ក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាល អនុញ្ញាតឲ្យរៀបចំត្រឹមពិធីអកអំបុក សំពះព្រះខែ បណ្តែតប្រទីបប៉ុណ្ណោះ តែមិនអនុញ្ញាតឲ្យមានការប្រណាំងទូកឡើយ ដោយសារតែបារម្ភពីការរាលដាលនៃជំងឺកូវីដ-១៩។ ថ្វីបើគ្មានការប្រណាំងទូកដូចរាល់ឆ្នាំ តែសារព័ត៌មានថ្មីៗ សូមអធិប្បាយសង្ខេបពីប្រវត្តិនិងអត្ថន័យនៃការបង្កើតពិធីប្រណាំងទូកនេះ។
ការប្រណាំងទូក ពិធីអកអំបុក សំពះព្រះខែ និង បណ្តែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅកម្ពុជា។ ការប្រណាំងទូក មានរយៈពេល៣ថ្ងៃតែម្តង គឺចាប់ពីថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកត្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។ ចំណែកឯពិធីអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងតែនៅថ្ងៃទី២ប៉ុណ្ណោះ ពោលគឺ នៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកក្តិក។ រយៈពេល៣ថ្ងៃនេះ បើគិតតាមសុរយគតិ គឺត្រូវនឹងថ្ងៃទី៣ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។
ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្ល៉េះ។ ក្នុងអំឡុងឆ្នាំ ១១៧៧ ពួកចាមបានលើកទ័ពមកលុកលុយ និងត្រួតត្រាប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៤ឆ្នាំ។ គ្រានោះ ព្រះបាទជ័យវរ្ម័នទី៧ បានបង្រួបបង្រួមជាតិ និងចំណាយពេលវេលារៀបចំយុទ្ធសាស្ត្រកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងចំពោះពួកចាម រហូតទទួលបានជ័យជម្នះ ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិដឹកនាំប្រទេស នៅឆ្នាំ១១៨១ និងបានធ្វើឲ្យប្រទេសជាតិ រុងរឿងដល់កម្រិតកំពូលថែមទៀត។
ប្រវត្តិសាស្ត្រត្រង់នេះហើយ ទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដី ឲ្យរួចផុតពីការជិះជាន់របស់ពួកចាម នាសម័យនោះ។
ពិធីនេះ បានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយតែងនាំគ្នាប្រារព្ធជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី។ ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសបុណ្យអុំទូក ប្រជាពលរដ្ឋតាមបណ្ដាខេត្ត ក្រុងមួយចំនួន បានយកទូកមកប្រណាំងនៅទន្លេសាបមុខព្រះបរមរាជវាំង ដើម្បីដណ្ដើមយកជ័យជម្នះ ឲ្យខេត្តរបស់ខ្លួនទៀតផង។
ក្នុងពិធីនេះ ក៏មានការបណ្តែតប្រទីបផងដែរ។ អត្ថន័យនៃការបណ្តែតប្រទីប គឺដើម្បីសម្តែងការរឭកគុណនៃព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាកសិករ។ ក្រៅពីបណ្តែតប្រទីប ក៏មានការបាញ់កាំជ្រួចព្រោងព្រាតថែមទៀត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ និងញ៉ាំងឲ្យពិធីនេះកាន់តែអ៊ូអរ និងអធិកអធម។ នៅភ្នំពេញ ការបាញ់កាំជ្រួច តែងធ្វើឡើងនៅមុខព្រះបរមរាជវាំង តែនៅយប់មិញ (យប់ថ្ងៃ៣០តុលា) មិនមានការបាញ់កាំជ្រួចឡើយ។
ឈានដល់ថ្ងៃទី២ គឺថ្ងៃ១៥ ខែកក្តិក នឹងមានពិធីមួយទៀត ហៅថាពិធីអកអំបុក សំពះព្រះខែ។ ពិធីអកអំបុក និងសំពះព្រះខែនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលធ្លាប់យោងយកកំណើតជាទន្សាយ៕
ប្រភព៖ គេហទំព័រទ្រឹស្តីពុទ្ធចក្រ
Tag:
ប្រវត្តិបុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com