ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១០​ខែ តែ​ការនាំ​អង្ករ​កម្ពុជា​ទៅ​ក្រៅប្រទេស កើន​ជាង​១៧​ភាគរយ​
ជាតិ
សេដ្ឋកិច្ច
ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១០​ខែ តែ​ការនាំ​អង្ករ​កម្ពុជា​ទៅ​ក្រៅប្រទេស កើន​ជាង​១៧​ភាគរយ​
31, Oct 2020 , 4:59 pm        
រូបភាព
រូបពីលោក វេង សាខុន និងរូបវាលស្រូវ ពីគណនីហ្វេសប៊ុករបស់លោក វេង សាខុន។ រូបឡានដឹកស្រូវ ពីសហពន្ធស្រូវអង្ករកម្ពុជា។
រូបពីលោក វេង សាខុន និងរូបវាលស្រូវ ពីគណនីហ្វេសប៊ុករបស់លោក វេង សាខុន។ រូបឡានដឹកស្រូវ ពីសហពន្ធស្រូវអង្ករកម្ពុជា។
​ភ្នំពេញ​៖ ក្នុង​រយៈពេល​១០​ខែ​នៃ​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដោយ​គិតពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២០ កម្ពុជា នាំចេញ​អង្ករ​ទៅ​ទីផ្សារ​បរទេស បាន​ជាង​៥៣​ម៉ឺន​តោន​។ នេះ​បើតាម​ទិន្នន័យ ដែល​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក វេ​ង សាខុន រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម រុក្ខា​ន​ប្រមាញ់ និង​នេសាទ​។ 

 
​តួលេខ​ដែល​បង្ហាញ​ដោយ លោក វេ​ង សាខុន បាន​ឲ្យ​ដឹងថា បរិមាណ​នៃ​ការនាំចេញ​អង្ករ​ជាង​៥៣​ម៉ឺន​តោន ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២០​នេះ គឺ​បាន​កើន​រហូត​ជាង​១៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​កន្លងមក​។ រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០១៩ កម្ពុជា នាំ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​ជាង​៤៥​ម៉ឺន​តោន​។ 
 
​លោក វេ​ង សាខុន ផ្តល់ព័ត៌មាន​លម្អិត​ថា ក្នុងចំណោម​អង្ករ​ជាង​៥៣​ម៉ឺន​តោន ដែល​បាន​នាំចេញ​នេះ មាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ជាង​៤២​ម៉ឺន​តោន អង្ក​រស​ចម្រុះ​គ្រប់​ប្រភេទ​ជាង​១០​ម៉ឺន​តោន និង អង្ករ​ចំ​ហ៊ុយ​ជាង​៦​ពាន់​តោន ដោយមាន​៦០​ប្រទេស បាន​បញ្ជា​ទិញ​។ 
 
​បើតាម​រដ្ឋមន្ត្រី​កសិកម្ម​ដដែល ប្រទេស​ឬ​តំបន់​ដែលជា​ទីផ្សារ​បញ្ជា​ទិញ​អង្ករ​ច្រើនជាងគេ ពី​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ​នេះ មាន​ប្រទេស​ចិន (​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​) បាន​នាំចូល​ជាង​១៩​ម៉ឺន​តោន តំបន់​សហភាព​អឺរ៉ុប បាន​នាំចូល​ជាង​១៧​ម៉ឺន​តោន ប្រទេស​ក្នុង​តំបន់​អាស៊ាន​នាំចូល​ជិត​៧,២​ម៉ឺន​តោន និង ប្រទេស​ផ្សេងទៀត បាន​នាំចូល​ជាង​៩,៥​ម៉ឺន​តោន​។​
 
​លោក សុង សារ៉ន  ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កន្លងមក​ថា សម្រាប់​ឆ្នាំ​២០២០​នេះ កម្ពុជា​អាច​នាំចេញ​អង្ករ​បាន​យ៉ាងតិច​៨០​ម៉ឺន​តោន ហើយនឹង​ឈាន​សម្រេច​គោលដៅ​ក្នុង​ការនាំ​អង្ករ​ឲ្យ​បាន​១​លាន​តោន នៅ​ឆ្នាំ​២០២១​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ការសម្រេចបាន​លទ្ធផល​ទាំងនេះ គឺ​អាស្រ័យ​លើ​ការ​បញ្ជ​ទិញ​ពី​សំណាក់​ប្រទេស​ចិន ក្នុងការ​រក្សាបាន​កំណើន​ដ៏​ខ្ពស់​ដដែល​នៃ​ការទិញ​អង្ករ​ពី​កម្ពុជា​៕ 

Tag:
 កសិកម្ម​
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com