COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មានអ្នកឆ្លងត្រឹម៥៥៣នាក់, តៃវ៉ាន់ ជាគំរូសម្រាប់ពិភពលោកក្នុងការទប់ទល់ COVID-19
01, Nov 2020 , 2:30 pm        
រូបភាព
 គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា តៃវ៉ាន់មានអ្នកឆ្លង COVID-19 ត្រឹមតែ៥៥៣ប៉ុណ្ណោះ។ ចំនួននេះ គឺតិចណាស់បើប្រៀបធៀបទៅនឹងប្រទេសជាច្រើនទៀតនៅលើពិភពលោក ហើយក៏តិចជាងករណីឆ្លងក្នុងមួយៗថ្ងៃរបស់ប្រទេសខ្លះដូចជាអាមេរិក ឬឥណ្ឌាផង។ តៃវ៉ាន់ ក៏គ្មានករណីឆ្លង COVID-19 ក្នុងស្រុកជាងពីររយថ្ងៃដែរ។ អ្វីជាចំណុចពិសេសរបស់តៃវ៉ាន់ ដែលពិភពលោកគួររៀនសូត្រតាមដើម្បីទប់ស្កាត់ការរាលដាលជំងឺផ្លូវដង្ហើមមួយនេះ?

 
ទោះនៅកៀកចិនដីគោកទីដែលជំងឺ COVID-19 ផ្ទុះឡើងនៅចុងឆ្នាំ២០១៩  កោះតៃវ៉ាន់ដែលមានប្រជាជនប្រមាណ២៣លាននាក់ មានករណីឆ្លងសរុបចំនួន៥៥៣ ដែលក្នុងនោះមានករណីក្នុងស្រុក៥៥នាក់ និងស្លាប់៧នាក់។ តៃវ៉ាន់បានរាយការណ៍ពីករណីឆ្លងក្នុងស្រុកចុងក្រោយបំផុតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ។ 
 
មានករណីឆ្លងតិចបែបនេះ តៃវ៉ាន់មិនបានចាត់វិធានការក្ដៅដូចជាការបិទទីក្រុងដូចចិន ឬប្រទេសឯទៀតនៅពេលមានករណីឆ្លងថ្មីឡើយ។ តៃវ៉ាន់ ក៏មិនបានប្រើប្រាស់ចំណាត់ការដែលរឹតត្បិតសិទ្ធិសេរីភាពប្រជាជនខ្លួនឯងដែរ។ ចំណុចសំខាន់ជាងគេដែលតៃវ៉ាន់ធ្វើភ្លាមៗ គឺល្បឿន។ តៃវ៉ាន់ ចាប់ផ្ដើមត្រួតពិនិត្យអ្នកដំណើរមកពីវូហានទីដែលមានករណីឆ្លង COVID-19 មុនគេ តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខណៈពេលនោះ COVID-19 នៅមិនទាន់មានព័ត៌មានច្បាស់លាស់ និងលម្អិតនៅឡើយ។
 
តៃវ៉ាន់រាយការណ៍ករណីទីមួយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដែលក្រោយមកក៏បានហាមឃាត់អ្នកធ្វើដំណើរពីវូហាន ហើយឲ្យអ្នកដំណើរមកពីដីគោករួមទាំងហុងកុង និងម៉ាកាវផង ត្រួតពិនិត្យសុខភាពទាំងអស់។ ដល់ខែមីនា តៃវ៉ាន់ក៏ផ្អាកទទួលអ្នកដំណើរបរទេសទាំងអស់ លើកលែងអ្នកការទូត និងអ្នកដែលមានការអនុញ្ញាត។ 
 
ភូមិសាស្រ្តរបស់តៃវ៉ាន់ ក៏ជាប្រយោជន៍ក្នុងការទប់ស្កាត់ COVID-19 ដែរ។ ជាប្រទេសកោះ តៃវ៉ាន់ងាយស្រួលគ្រប់គ្រងអ្នកដំណើរចូលទឹកដីខ្លួនដែលភាគច្រើនច្រើនប្រើប្រាស់ធម្យោបាយផ្លូវអាកាស និងមួយយចំនួនតិចតាមផ្លូវសមុទ្រ។ បទពិសោធកាលពីការរាលដាលជំងឺ SARS ក៏មានចំណែកដែរ។ ក្រោយការផ្ទុះជំងឺផរលាកសួតមួយនេះ តៃវ៉ាន់បានពង្រឹងសមត្ថភាពឆ្លើយតបរបស់ខ្លួនយ៉ាងមធ្យ័តបំផុត បង្ការការផ្ទុះឡើងជំងឺនេះនៅថ្ងៃខាងមុខ។ ទីបំផុត COVID-19 ក៏មកដល់ ហើយតៃវ៉ាន់ក៏ត្រៀមជាស្រេច។
 
ក្រៅពីភូមិសាស្រ្ត និងសមត្ថភាពប្រព័ន្ធសុខាភិបាលដ៏មានទំនុកចិត្ត។ ការចូលរួមរបស់សាធារណជនក៏ជួយឲ្យតៃវ៉ាន់គេចផុតពីគ្រោះកាចលើកនេះដែរ។ ប្រជាជនតៃវ៉ាន់ ត្រូវបានមើលឃើញថា ស្ដាប់តាមការណែនាំរបស់រដ្ឋាភិបាលដូចជាការពាក់ម៉ាស់ និងរក្សាគម្លាតជាដើម។ អំឡុងពេល COVID-19 កំពុងរាលដាលខ្លាំង មន្ត្រីដែលដឹកនាំមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកណ្ដាល គឺអនុប្រធានាធិបតី ឈិន ជៀនជិន ដែលរូបលោកផ្ទាល់ជាអ្នកជំនាញជំងឺឆ្លងស្រាប់។
 
លោក ឈិន ដែលបច្ចុប្បន្នចប់អាណត្តិទៅហើយនោះ ធ្លាប់ប្រាប់ទូរទស្សន៍ CNN ថា ការបិទក្រុង មិនមែនជាជម្រើសល្អឡើយ ហើយការធ្វើតេស្តទ្រង់ទ្រាយធំដូចដែលជាចិនបានធ្វើនៅពេលមានករណីឆ្លងនៅតំបន់ណាមួយនោះ ក៏ជារឿងមិនចាំបាច់ដែរ។ លោកបានផ្ដល់យោបល់ថា៖ «ការតាមរកឲ្យប្រយ័ត្ន និងការដាក់ចត្តាឡីស័កម៉ឺងម៉ាត់អ្នកដែលជិតស្និទ្ធអ្នកឆ្លង ជាមធ្យោបាយល្អជាងគេដើម្បីគ្រប់គ្រង COVID-19៕»   
 

© រក្សាសិទ្ធិដោយ thmeythmey.com