ជាតិ
បុណ្យអុំទូក
ទឹកជំនន់ធ្វើឲ្យខេត្តពោធិ៍សាត់ខ្សត់ភ្ញៀវទេសចរ ក្នុងពិធីបុណ្យអុំទូក
01, Nov 2020 , 4:59 pm        
រូបភាព
ដោយ:
តំបន់ទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់បានបិទដំណើរការបណ្ដោះអាសន្ន ដោយសារទឹកជំនន់ទោះបីមានការឈប់សម្រាកពិធីបុណ្យអុំទូកយ៉ាងណាក្ដី។ នេះបើតាមលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានThmeyThmey តាមបណ្ដាញសង្គមតេឡេក្រាម។


លោក សំ ឃីម បានលើកឡើងថា ទឹកជំនន់បានធ្វើឲ្យខេត្តពោធិ៍សាត់ខ្សត់ភ្ញៀវទេសចរក្នុងពិធីបុណ្យអុំទូក ដោយរមណីយដ្ឋានមួយចំនួនមិនបានបើកទទួលភ្ញៀវទេសចរ និងផ្លូវទៅតាមរមណីយដ្ឋានខ្លះ មានការខូចខាតផងដែរ។ មន្ទីរទេសចរណ៍រូបនេះ បានលើកឡើងដូច្នេះថា៖ « តំបន់ទេសចរណ៍ស្ទើរទាំងអស់មិនដំណើរការ ដោយដំណើរតិចតួចណាស់ដូចជាទឹកជ្រោះច្រកល្អៀង ថ្មដាតូច និងរមណីយដ្ឋាននាគស នៅព្រំប្រទល់កំពង់ឆ្នាំង ទោះបីបើកដំណើរការតែភ្ញៀវតិចតួចបំផុត»។ 
 
លោក សំ ឃីម លើកឡើងពីមូលហេតុដែលទេសចរមិនដើរកម្សាន្តក្នុងពិធីបុណ្យអុំទូកដូច្នេះថា៖ « ទេសចរមិនដើរកម្សាន្តព្រោះទឹកមិនទាន់ស្រកអស់ទេ រចនាសម្ព័ន្ធក្នុងក្រុងក៏មានការខូចខាត ដូច្នេះគាត់(ទេសចរ)មិនមានអារម្មណ៍ដើរកម្សាន្ត។ ម្យ៉ាងទៀតកន្លែងកម្សាន្តនៅមានទឹកច្រើន ហើយផ្លូវទៅអូសោមក៏ដាច់ ចំណែកថ្មដាតូចគាត់(ទេសចរ) ខ្លាចគ្រោះថ្នាក់មានករណីទឹកឡើង ព្រោះមេឃមានសភាពអូរអាប់»។
 
សូមជម្រាបថា បើតាមស្ថិតិភ្ញៀវទេសចររបស់ក្រសួងទេសចរណ៍ ក្នុងថ្ងៃទី២៩-៣០ ខែតុលា ដែលត្រូវជាថ្ងៃឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ និងថ្ងៃទី១ នៃពិធីបុណ្យអុំទូក ខេត្តពោធិ៍សាត់ទទួលបានទេសចរជាង ២ពាន់នាក់តែប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com