COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក សហប្រតិបត្តិការជាមួយឥណ្ឌូណេស៊ី ដើម្បីការពារទឹកដីមានរឿងប្រទាំងប្រទើសជាមួយចិន
01, Nov 2020 , 8:59 pm        
រូបភាព
ដោយ:
 
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសជាចំហក្នុងការធ្វើកិច្ចសហប្រតិបត្តិការការពារសន្តិសុខដែនសមុទ្រជាមួយនឹងរដ្ឋាភិបាលក្រុងហ្សាការតា នៅក្នុងតំបន់មានវិវាទសមុទ្រចិនខាងត្បូង និងច្រកពាណិជ្ជកម្មដ៏មមារញឹកផ្សេងទៀត។ ក្រុងវ៉ាស៊ីនតោន មិនចង់ឃើញក្រុងប៉េកាំងបន្តសកម្មភាពខុសច្បាប់បែបឯកតោភាគីនៅតំបន់ដែលរដ្ឋផ្សេងទៀត បានទាមទារកម្មសិទ្ធិនោះទេ។

 
នាសន្និសីទសារព័ត៌មានក្នុងទិសដៅចុងក្រោយ នៃដំណើរទស្សនកិច្ចនៅរដ្ឋធានីហ្សាការតាថ្ងៃ២៩ តុលា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងថា រដ្ឋាភិបាលរបស់លោក បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីជួយឥណ្ឌូណេស៊ីការពារសមុទ្រណាទុណា ( Natuna) និងច្រកពាណិជ្ជកម្មដ៏មមារញឹកផ្សេងៗទៀត ពីការទាមទារគ្រប់គ្រងដោយឯកតោភាគីដោយចិន។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe លោករដ្ឋមន្ត្រី Mike Pompeo បានលើកឡើងថា ច្បាប់របស់ប្រទេសទាំងពីរ មិនទទួលស្គាល់ការទាមទារដោយខុសច្បាប់របស់រដ្ឋាភិបាលចិនក្នុងសមុទ្រចិនខាងត្បូងឡើយ។ លោក បានប្រកាសស្វាគមន៍ពីគំរូរបស់ឥណ្ឌូណេស៊ី ដែលកំណត់យ៉ាងម៉ឺងម៉ាត់បំផុតក្នុងការចាត់វិធានការការពារអធិបតេយ្យជុំវិញប្រជុំកោះណាទុណា (Natuna)។ 
 
ប្រមុខការទូតអាមេរិករូបនេះ សង្ឃឹមថា អាមេរិក នឹងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងឥណ្ឌូណេស៊ីក្នុងមធ្យោបាយថ្មីដើម្បីធានាឲ្យនូវសន្តិសុខដែនសមុទ្រ ក៏ដូចជាការពារផ្លូវពាណិជ្ជកម្មមមារញឹករបស់ពិភពលោកដទៃផ្សេងទៀត។ 
 
ជាមួយនឹងការប្រកាសពីកិច្ចសហប្រតិបត្តិការនេះ លោករដ្ឋមន្ត្រី ក៏បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុដល់ឥណ្ឌូណេស៊ី ដើម្បីជាផ្នែកមួយសម្រាប់ឆ្លើយតបបញ្ហាគំរាមកំហែងពីវីរុស Covid-19។ តាមលោករដ្ឋមន្ត្រី រដ្ឋាភិបាលអាមេរិក នឹងផ្តល់ជំនួយប្រមាណ ១១ លានដុល្លារ សម្រាប់ឥណ្ឌូណេស៊ី ដែលជំនួយនេះ គឺជាផ្នែកមួយនៃជំនួយរបស់អាមេរិកប្រមាណ ២០ពាន់លានដុល្លារសម្រាប់ដោះស្រាយបញ្ហា Covid-19 សកល។
 
តាមប្រភពព័ត៌មានដដែល ក្នុងជំនួបចង្អៀតរវាងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ លោកប្រធានាធិបតី បានបង្ហាញពីចេតនាក្នុងការក្លាយជាមិត្តជិតដិតរបស់អាមេរិក។ លោកប្រធានាធិបតី ក៏ចង់មានកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅជាមួយនឹងអាមេរកផងដែរ៕ 
 

Tag:
 អាមេរិក
  ឥណ្ឌូណេស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com