ជាតិ
សង្គមជាតិ
អភិបាលខេត្តកណ្តាល រំពឹងថា វៀតណាមនឹងធ្វើតាមសន្យាថា រុះរើសំណង់រឹងតាមតំបន់«មិនទាន់ឯកភាព» ពេលផុតជំងឺកូវីដ-១៩
× ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រំពឹងថា វៀតណាមនឹងរុះរើសំណង់រឹង និងទន់ ទាំង២៧ ដែលស្ថិតនៅតំបន់«មិនទាន់ឯកភាព» តាមបណ្ដោយព្រំដែន ខេត្តកណ្តាល នៅពេលដែលវៀតណាមថមថយនៃជំងឺកូវីដ-១៩។
លោក គង់ សោភ័ណ្ឌ បានអះអាងថា លិខិតជាលាយលក្ខណ៍អក្សរដែលខាងភាគីវៀតណាមបានផ្ញើមកកម្ពុជាកន្លងមក ដោយបានសន្យារុះរើតង់ និងសំណង់ទាំងអស់ នៃជំងឺកូវីដ-១៩។ តែយ៉ាងណាលោកអភិបាលខេត្តកណ្តាលបានបញ្ជាក់ថា អាជ្ញាធរកម្ពុជាក៏នៅតែបន្តការងារទប់ស្កាត់បទល្មើស ទប់ស្កាត់អ្នកឆ្លងចូលកម្ពុជា និងត្រឡប់ទៅវៀតណាម ត្រួតពិនិត្យសុខភាពអ្នកធ្វើដំណើរដើម្បីកុំឲ្យរាតត្បាតជំងឺកូវីដ-១៩ ។
ឆ្លើយតបនឹងក្តីព្រួយបារម្ភពីរឿងវៀតណាមសង់សំណង់រឹងនៅតាមព្រំដែនមិនទាន់ឯកភាពគ្នានេះ លោកអភិបាលខេត្តកណ្ដាល បានរៀបរាប់ដូច្នេះថា៖«យើងនៅតែបន្តសហការគ្នាធម្មតា ទំនិញចេញចូលរវាងប្រទេស និងប្រទេសហ្នឹង ក៏នៅតែដំណើរការធម្មតា។ តង់នេះនៅតែរក្សាដដែលទេ ដោយមិនមានការប្រែប្រួលរើ ចេញ និងឈូសឡើយ។ ប៉ុន្តែរដ្ឋបាលមានការគោរពលើលិខិតរបស់វៀតណាម គាត់ថានឹងអស់កូវីដ-១៩ គាត់នឹងរើតង់ហ្នឹងចេញហើយ។ រដ្ឋបាលខេត្តយើងក៏តែងតែឲ្យវៀតណាមគោរពតាមអ្វីដែលជាលាយលក្ខណ៍អក្សរដែលវៀតណាមបានផ្ញើមកខេត្ត ដោយអាជ្ញាធរយើងតែងតែត្រួតពិនិត្យ និងឃ្លាំមើលជាប្រចាំ»។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា សំណង់ដែលវៀតណាមបានបោះជាតង់ចំនួន១១តង់ និងសង់សំណង់រឺងជាសសរឈើ និងសសរថ្ម និងប្រក់ស័ង្កសី ចំនួន១៦កន្លែង ក្រោមហេតុផលថា ទីតាំងទាំងនោះត្រូវបានជន់លិច ដោយសារទឹកជំនន់ ។
លោកបានរៀបរាប់ដូច្នេះថា៖«ការសាងសង់សំណង់រឹងរបស់វៀតណាមនេះ ភាគច្រើនទឹកចូលលិចអស់ហើយ។ ខ្លះប្រើទូក។ តង់ខ្លះវាលិចទឹក ហើយតង់មួយចំនួនដែលគេឡើងសសរឲ្យផុតពីទឹកហ្នឹងគឺនៅស្ថានភាពដដែល»។
បើតាមអភិបាលខេត្តកណ្តាល ការបោះតង់របស់ភាគីវៀតណាមមកលើព្រំដែនកម្ពុជា និងវៀមណាមនេះ មិនមានការប៉ះពាល់បូរណភាពទឹកដីកម្ពុជាឡើយ។ លោកបាននិយាយដូច្នេះថា៖«តាមពិតវាអត់ជាមានការរំលោភអីឲ្យយើងគិតថាត្រូវឈ្លោះគ្នាទេ។ ណាមួយច្បាប់ព្រំដែនយើងមាន កិច្ចព្រមព្រៀងបោះបង្គោលខណ្ឌសីមាក៏យើងមាន។ យើងធ្វើទៅតាមច្បាប់ទាំងអស់ និងធ្វើទៅតាមកិច្ចព្រមព្រៀង គឺមិនធ្វើដោយបំពាន»។
សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោក វ៉ា គីមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា តែលោកប្រាប់ថា ជាប់រវល់។
គួរបញ្ជាក់ថា កាលពីខែមីនាកន្លងមក វៀតណាមបានបោះតង់តាមព្រំដែនក្នុងខេត្តកណ្តាលចំនួន៣១តង់ដែលស្ថិតនៅក្នុងភូមិភូរី ឃុំភូឡុក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។ រួចហើយក៏បានរើតង់ទាំងនោះទៅជាសាងសង់សំណង់រឹងដែលធ្វើពីឈើ សសរថ្ម មានកម្ពស់៣ម៉ែត្រ ទំហំ២០ម៉ែត្រការ៉េ ដោយដំបូលប្រក់ស័ង្កសី ដែលមានចម្ងាយឃ្លាតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ប្រមាណ១២០ម៉ែត្រប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com