ជាតិ
សង្គមជាតិ
២ថ្ងៃនៃពិធីបុណ្យអុំទូក កោះកុងទទួលបានទេសចរជាង ១ម៉ឺននាក់
×
រយៈពេល២ ថ្ងៃនៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី៣០-៣១ ខែតុលា ភ្ញៀវទេសចរជាង ១ម៉ឺននាក់ បានដើរកម្សាន្តនៅតាមរមណីយដ្ឋាន ក្នុងខេត្តកោះកុង។ នេះបើតាមរបាយការណ៍បឋមរបស់ មន្ទីរទេសចរណ៍ខេត្តកោះកុង។
តាមរបាយការណ៍បានលម្អិតថា ទេសចរជិត៦ពាន់នាក់ បានដើរកម្សាន្តក្នុងខេត្តកោះកុងសម្រាប់ពិធីបុណ្យអុំទូកថ្ងៃទី១ ត្រូវនិងថ្ងៃទី៣០ ខែតុលា និងមានទេសចរជិត ៧ពាន់នាក់បានដើរកម្សាន្តក្នុងថ្ងៃបុណ្យអុំទូកថ្ងៃទី២ ត្រូវនិងថ្ងៃទី៣១ ខែតុលា។
លោក សាគុណ ភក្ដី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានលើកឡើងពីតំបន់ដែលមានភ្ញៀវទេសចរច្រើនក្នុងពិធីបុណ្យអុំទូកនេះដូច្នេះថា៖ « តំបន់មានទេសចរច្រើនគឺពាមក្រសោម និងព្រៃកោងកាង។ តំបន់ទេសចរណ៍នេះ ជាធម្មតាគឺមានទេសចរទៅកម្សាន្តច្រើនជាប្រចាំ »។ ចំណែកតំបន់ទេសចរណ៍ សំខាន់ជាងគេគឺ ព្រៃកោងកាង ព្រោះនៅជិតក្រុង មានកន្លែងកម្សាន្ត និងមានអាហារសមុទ្រសំបូរបែបផងដែរ។ នេះបើតាមការបន្ថែមរបស់លោក ភក្ដី។
លោក សាគុណ ភក្ដី បានបន្ថែមទៀតថាចំនួនភ្ញៀវទេសចរជាង ១ម៉ឺន៣ពាន់នាក់ទៅកាន់ខេត្តកោះកុង បានធ្វើឲ្យសណ្ឋាគា ផ្ទះសំណាក់នៅក្នុងខេត្ត មានភ្ញៀវចូលសា្នក់នៅប្រមាណជាង ៨០ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com