កីឡាអន្តរជាតិ
អន្តរជាតិ
Aubameyang ជួយ Arsenal ឈ្នះ Man Utd នៅ Old Trafford លើកដំបូង​រយៈពេល​១៤​ឆ្នាំ​
02, Nov 2020 , 9:57 am        
រូបភាព
Pierre-Emerick Aubameyang បាន​ក្លាយជា​វីរបុរស​ក្នុង​ការជួយ Arsenal យកឈ្នះ Manchester United ជា​លើកដំបូង​នៅ​កីឡដ្ឋាន Old Trafford ក្នុង​រយៈពេល​១៤​ឆ្នាំ​ចុងក្រោយ នា​ការប្រកួត Premier League នៅ​យប់​ថ្ងៃទី​១ ខែវិច្ឆិកា​។​


​ជ័យជម្នះ ១-០ របស់​ក្រុម​កាំភ្លើង​ធំ កើតឡើង​តាមរយៈ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​របស់​ខ្សែប្រយុទ្ធ Aubameyang នៅ​នាទី​៦៩ បន្ទាប់ពី Paul Pogba បង្កកំហុស​ដោយ​ធ្វើ​ឲ្យ Hector Bellerin ដួល​នៅ​តំបន់​គ្រោះថ្នាក់​។​
 
​មិន​ត្រឹមតែ​ជួយ​ក្រុម​លោក Mikel Arteta ទទួលបាន​៣​ពិន្ទុ​បន្ថែម​នោះទេ ខ្សែប្រយុទ្ធ​សញ្ជាតិ​ហ្គា​បុ​ង​រូបនេះ ថែមទាំង​នាំ Arsenal ស្គាល់​ជ័យជម្នះ​លើ​ក្រុម​បិសាច​ក្រហម​លើកដំបូង​នៅ Old Trafford នៅ​រយៈពេល​១៤​ឆ្នាំ​។ Arsenal ឈ្នះ Man Utd ក្រៅ​ដី​លើកចុងក្រោយ​នៅ​ឆ្នាំ​២០០៦ ក្នុង​លទ្ធផល ១-០ ដែល​សម្រេច​ទី​បាន​ដោយ​កីឡាករ Emmanuel Adebayor​។​
 
​ឆ្លងកាត់​ការប្រកួត​៧​លើក Arsenal រកបាន​១២​ពិន្ទុ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៩​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ខណៈ​ក្រុម​លោក Ole Gunnar Solskjaer ឈរ​លេខ​រៀង​ទី​១៥ មាន​៧​ពិន្ទុ ពី​ការប្រកួត​៦​លើក​។​
 
​ដោយឡែក Tottenham Hotspur ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន ដោយ​ការយក​ឈ្នះ Brighton & Hove Albion ២-១​។ Harry Kane ស៊ុត​គ្រាប់​នាំមុខ​ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​១៣ មុនពេល Tariq Lamptey តាម​ស្មើ​ឲ្យ Brighton នៅ​នាទី​៥៦​។ Gareth Bale ដែល​ទើប​ត្រឡប់​ទៅ​អង់គ្លេស​វិញ តែ​ត​មួយ​បាល់​បញ្ចូល​ទី​នាទី​៧៣ ដើម្បី​ជួយ​មាន់​ខ្នាយ​មាស​ទទួលបាន​៣​ពិន្ទុ​បន្ថែម​។​
 
Spurs បាន​ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង Premier League ដោយ​រកបាន​១៤​ពិន្ទុ​ពី​ការប្រកួត​៧​លើក តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ចំន​នួន ២​ពិន្ទុ​។ Everton បាន​ធ្លាក់​ទៅ​លេខ​៣ ក្រោយ​ចាញ់ Newcastle United ២-១​។​
 
Southampton ឈានទៅ​លេខ​៤ មាន​១៣​ពិន្ទុ​ស្មើ Everton ក្រោយ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ តាមរយៈ​ការយក​ឈ្នះ Aston Villa ៤-៣ នៅ Villa Park៕

Tag:
 Pierre-Emerick Aubameyang
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com