ជាតិ
សង្គមជាតិ
១សប្តាហ៍ ទី៩ ទី១២ រៀន៦ថ្ងៃ មត្តេយ្យ រៀន៥ថ្ងៃ ទី១ដល់ទី៨ ទី១០ និង ទី១១ រៀនត្រឹម៣ថ្ងៃ
02, Nov 2020 , 1:50 pm        
រូបភាព
សិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមសន្ទរម៉ុក ចូលរៀន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបដោយសហការី)
សិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមសន្ទរម៉ុក ចូលរៀន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ (រូបដោយសហការី)
នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលារដ្ឋគ្រប់កម្រិតទាំងអស់ បានចាប់ផ្តើមបើកដំណើរការឡើងវិញហើយ ប៉ុន្តែ មិនមែនគ្រប់សាលា សុទ្ទតែអាចបើកបង្រៀនរយៈពេល៦ថ្ងៃពេញក្នុង១សប្តាហ៍ឡើយ។



សេចក្តីណែនាំរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានកំណត់ថា សិស្សវិទ្យាល័យ២ថ្នាក់ គឺទី៩និងទី១២ ត្រូវរៀន៦ថ្ងៃក្នុង១សប្តាហ៍ ក្មេងតូចៗនៅថ្នាក់មតេយ្យ ត្រូវរៀន៥ថ្ងៃក្នុង១សប្តាហ៍ សិស្សបមឋសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងសិស្សវិទ្យាល័យ៤ថ្នាក់ គឺទី៧ ទី៨ ទី១០ ទី១១ ត្រូវរៀន៣ថ្ងៃប៉ុណ្ណោះ ក្នុង១សប្តាហ៍។ 

ជាមួយគ្នានេះ រដ្ឋមន្រ្តីអប់រំ ក៏បានណែនាំពីការរក្សាគម្លាតសិស្សក្នុងថ្នាក់រៀនដែរ [ដោយសិស្ស ត្រូវអង្គុយរៀនឆ្ងាយពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ]។ សេចក្តីណែនាំរបស់លោករដ្ឋមន្រ្តី គឺ សិស្សថ្នាក់មតេយ្យ ត្រូវកំណត់មិនឲ្យលើស២៥នាក់ ក្នុង១ថ្នាក់ សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ ថ្នាក់ទី៧ ទី៨ ទី១០ និង ទី១១ មិនត្រូវឲ្យលើសពី៣០នាក់ ក្នុង១ថ្នាក់ សិស្សថ្នាក់ទី៩ និង ថ្នាក់ទី១២ មិនត្រូវឲ្យលើសពី១៥នាក់ ក្នុង១ថ្នាក់។

ដោយឡែក មុខវិទ្យាសិក្សា ក៏មិនទាន់អាចរៀនបានគ្រប់មុខដែរ។ ថ្នាក់ទី១ដល់ថ្នាក់ទី៦ ត្រូវរៀនមុខវិទ្យាគោល២ គឺភាសាខ្មែរនិងគណិត ហើយមុខវិទ្យាផ្សេងទៀត ត្រូវព្យួរសិន ថ្នាក់ទី៧ ទី៨ ទី១០ និង ទី១១ ត្រូវរៀន៦មុខ ថ្នាក់ទី៩ និង ទី១២ ត្រូវរៀន១០មុខ។ នេះបើតាមការកំណត់របស់រដ្ឋមន្រ្តីអប់រំ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្តីពីវិធានការក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ លោក ហង់ជួន ណារ៉ុន ថ្លែងថា មុខវិទ្យាដែលកំណត់ឲ្យសិស្សថ្នាក់៩និងថ្នាក់ទី១២ រៀន គឺជាមុខវិទ្យាដែលត្រូវចេញប្រឡង។ សិស្សថា្នក់ទី៩ នឹងត្រូវប្រឡងឌីប្លូម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណែកសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

សម្រាប់ឆ្នាំសិក្សាឆ្នាំ២០១៩-ឆ្នាំ២០២០ នៅសល់តែ២ខែទៀតប៉ុណ្ណោះ គឺពីខែវិច្ឆិកា ដល់ខែធ្នូ។ ដាច់ឆ្នាំ២០២០ ចូលឆ្នាំ២០២១ គឺឆ្នាំសិក្សាថ្មី។

ចំពោះគ្រឹះស្ថានឧត្តមសិក្សាទាំងអស់របស់រដ្ឋ ត្រូវក្រសួងអប់រំ ប្រកាសឲ្យបើកដំណើការឡើងវិញ តាំងពីថ្ងៃ៩ ខែតុលា ឆ្នាំ២០២០។

ការបើកសាលារៀន ត្រូវបានក្រសួងអប់រំ កំណត់ជា៣ដំណាក់កាល។ ក្នុងដំណាក់កាលទី១និងទី២ ក្រសួងអប់រំ បានអនុញ្ញាតឲ្យបើកដំណើរការសាលារដ្ឋខ្លះជាបណ្តើរៗ ហើយរហូតឈានដល់ដំណាក់កាលទី៣នេះ ក្រសួង អនុញ្ញាតឲ្យបើកដំណើរការសាលារដ្ឋទាំងអស់ឡើងវិញ។ ដ្បិតសាលារដ្ឋទាំងអស់ ត្រូវបើកដំណើរការឡើងវិញពិតមែន តែក្រសួងអប់រំ នៅតែបន្តអនុវត្តការបង្រៀនតាមប្រព័ន្ធអនឡាន។

ក្រសួងអប់រំ បានបិទសាលាគ្រប់កម្រិតនៅទូទាំងប្រទេស ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២០ ដោយបារម្ភពីការរាលដាលនៃជំងឺកូវីដ-១៩។ ក្រសួង សម្រេចបើកសាលារដ្ឋនៅទូទាំងប្រទេសឡើងវិញនាពេលនេះ បន្ទាប់ពីមើលឃើញថា ការរាលដាលជំងឺនេះ បានថមថយ៕

Tag:
 បើកសាលាវិញ
© រក្សាសិទ្ធិដោយ thmeythmey.com