កីឡាជាតិ
ជាតិ
«​គរុ​គុណ​»​ជា​ឈ្មោះ​ពាន​របស់​សហព័ន្ធ​កីឡា​ប៉េតង់ ដែល​រៀបចំ​ដើម្បី​រំលឹក​គុណ​ស្ថាបនិក​
02, Nov 2020 , 3:04 pm        
រូបភាព
លោក ស សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពាន គរុគុណ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ស សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពាន គរុគុណ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០
ដោយ:
​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នឹង​រៀបចំ​ការប្រកួត​ដណ្តើមពាន​រង្វាន់​«​គរុ​គុណ​»​លើកដំបូង ដើម្បី​តបស្នង និង​រំលឹក​គុណ​ដល់​សម្តេច​វិបុល​បញ្ញា សុខ អាន និង​សម្តេច ស ខេង ដែលជា​ស្ថាបនិក​របស់​សហព័ន្ធ​។ ក្រៅពី​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​បានបង្ហាញ​សមត្ថភាព ការពង្រឹង​សមត្ថភាព​កីឡាករ សម្រាប់​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឺ​ត្តិ​ការណ៍​នេះដែរ​។

 
«​គរុ​គុណ​»​ជា​ឈ្មោះ​ពានរង្វាន់​ថ្មី​របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​តបស្នង និង​រំលឹក​គុណ​ដល់​អតីត​ប្រធាន​សហព័ន្ធ​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ និង​សម្តេច ស ខេង ប្រធានកិត្តិយស​។ ស្ថាបនិក​ទាំងពីរ​រូប​នេះ បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​និង​ធនធាន​ផ្ទាល់ខ្លួន​យ៉ាងច្រើន ក្នុងការ​រួមចំណែក​ជួយ​អភិវឌ្ឍន៍​កីឡា​ប៉េតង់ ឲ្យ​មាន​ភាពល្បីល្បាញ​ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។ 
 

 
​ពាក់ព័ន្ធ​នឹង​ការដាក់​ឈ្មោះ​«​គរុ​គុណ​»​លោក ស សុខា បាន​បកស្រាយ​ថា​៖«​គរុ មានន័យថា ភាព​ធំធេង យូរអង្វែង​។ ពាក្យ​ធំធេង គឺ​ការលះបង់​របស់​លោកធំ​ធេង​ណាស់​សម្រាប់​សហព័ន្ធ អ្វី​ក៏ដោយ ខ្ញុំ​គិតថា បើ​គ្មាន​ការលះបង់ គ្មាន​ឆន្ទៈ​ទេ គឺ​មិនអាច​ទៅរួច​នោះទេ​ក្នុង​ការងារ​រួម​។ ចំណែក​ពាក្យ​គុណ គឺ​សេចក្តីចម្រើន ធម៌​ល្អ ក៏ដូចជា​ការទទួលខុសត្រូវ ហើយ​ជាពិសេស​ធំ​បំផុត គឺ​ពាក្យ​តម​ស្នង​ដែល​មិនអាច​កាត់ថ្លៃ​បាន​»​។​
 
​ប្រធាន​សហព័ន្ធ​រូបនេះ ចាត់ទុក​ពានរង្វាន់​«​គរុ​គុណ​» ដែលជា​ការរួមបញ្ចូល​គ្នា​រវាង​ពានរង្វាន់​សម្តេច​វិបុល​បញ្ញា សុខ អាន និង​សម្តេច ស ខេង ជា​សមិទ្ធផល និង​ជាការ​បើក​ទំព័រ​ថ្មី​មួយទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ប៉េតង់​នៅ​កម្ពុជា​។ ការរួមបញ្ចូល​ពាន​ពីរ​ធ្វើ​តែមួយ​នេះ គឺ​សហព័ន្ធ​ចង់​ទុកពេល​ពី​ការរៀបចំ​ពាន​នេះ សម្រាប់ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត ដែល​បម្រើ​ឲ្យ​ការអភិវឌ្ឍ​កីឡា​ប៉េតង់​។ 
 

 
​តែ​យ៉ាងណា លោក ស សុខា បាន​បញ្ជាក់ថា សហព័ន្ធ​កំពុង​ពិចារណា​លើ​បញ្ហា ថា​តើ​បន្ត​រៀបចំ​ពានរង្វាន់​ទាំងពីរ​ទៀត ឬ​ធ្វើ​តែ​ពាន​«​គរុ​គុណ​»​នៅ​ឆ្នាំក្រោយ ដ្បិត​សហព័ន្ធ​មាន​គម្រោង​ចង់​កាត់បន្ថយ​ការប្រកួត​នៅ​រាជធានី​ភ្នំពេញ​។ ក្នុងន័យនេះ យើង​អាច​វាយតម្លៃ​បាន​ថា សហព័ន្ធ​ទំនងជា​អាច​រួមបញ្ចូល​ពានរង្វាន់​សម្តេច សុខ អាន និង​សម្តេច ស ខេង តែមួយ​ក្រោយៗ​ទៀត​។  
 
«​ពានរង្វាន់​នេះ​ជា​ទំព័រ​ថ្មី​មួយទៀត​សម្រាប់​សហព័ន្ធ ដែល​យើង​មិនមាន​ឱកាស​បែបនេះ​ពីមុនមក ខ្ញុំ​គិតថា នេះ​ជា​ការវិវត្ត​មួយ​ដ៏​ល្អ​ក្នុងការ​ពិនិត្យ​ពិចារណា​ក្នុងការ​រៀបចំ​ពានរង្វាន់​សម្តេច​ក្រឡា​ហោ ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន ចូលគ្នា ដើម្បី​ឲ្យ​យើង​សល់​ពេល​សម្រាប់​រៀបចំ​កម្មវិធី​ផ្សេងៗ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស សុខា​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការប្រកួត​ពានរង្វាន់​«​គរុ​គុណ​»​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​បង្ហាញ​ពី​គម្រោង​ផែនការ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​ប៉េតង់​នៅ​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ​ផងដែរ​។ ក្នុងនោះ លោក មាន​គម្រោង​រៀបចំ​ពានរង្វាន់​ថ្នាក់​ខេត្ត និង​ពានរង្វាន់​ប្រចាំ​ភូមិភាគ ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​គរុ​គុណ​ជាដើម​។ តែ​យ៉ាងណា នេះ​គ្រាន់តែ​ជា​គម្រោង​តែប៉ុណ្ណោះ​។ 
 
​ក្រៅពី​តបស្នង និង​រំលឹក​គុណ​ដល់​ការខិតខំ និង​លះបង់​របស់​សហ​ស្ថាបនិក​សម្តេច សុខ អាន និង​សម្តេច ស ខេង ពាន​គរុ​គុណ​នេះ ក៏​ធ្វើឡើង​ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី ជាពិសេស​យុវជន​មកពី​តាម​បណ្តា​ខេត្ត​បានបង្ហាញ​សមត្ថភាព និង​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំ​ពានរង្វាន់​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ស សុខា ដែល​បាន​បន្ថែមថា ការប្រកួត​នេះ ក៏​ជា​ចលករ​មួយ​ក្នុង​ការវាស់ស្ទង់​សមត្ថភាព​កីឡាករ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​ផងដែរ​។ 
 
​បើតាម​លោក សុខ សប្បាយ​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ការប្រកួត​នេះ ពុំ​អនុញ្ញាត​ឲ្យ​យុវជន​ថ្នាល​ជម្រើសជាតិ​ចូលរួម​ប្រកួត​នោះទេ​។ លោក អះអាងថា ការធ្វើ​បែបនេះ គឺ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​យុវជន​មកពី​ក្លិប​សមាគម​តាម​បណ្តា​ខេត្ត ឬ​ដូចជា​លើកទឹកចិត្ត​ពួកគេ​ជាដើម​។ 
 


លោក សុខ សប្បាយណា អគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា 

​ការប្រកួត​ពានរង្វាន់​«​គរុ​គុណ​» ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៦-៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​កីឡាករ​កីឡាករ​ចំនួន​៤៧៨​នាក់​មកពី​៥៥​ក្លិប​សមាគម​ចូលរួម ដោយ​ប្រកួតប្រជែង​លើ​៨​វិញ្ញាសា និង​មាន​៧២​មេដាយ​។ សម្រាប់​ចំនួន​វិញ្ញាសា​ប្រកួត លោក សុខ សប្បាយ​ណា បាន​បញ្ជាក់ថា សហព័ន្ធ​បាន​បន្ថែម​វិញ្ញាសា​ចំនួន​ពីរ គឺ​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​យុវតី​អាយុ​ក្រោម​១៥​ឆ្នាំ ខណៈ​ពានរង្វាន់​សម្តេច សុខ អាន និង​សម្តេច ស ខេង ពុំមាន​វិញ្ញាសា​ទាំងពីរ​នេះនោះ​ទេ​។ 
 
​លោក ស សុខា អះអាងថា ថវិកា​ទ្រទ្រង់​ឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ពាន​«​គរុ​គុណ​»​មិនមែនជា​ថវិកា​របស់​ក្រសួង ឬ​ស្ថាប័នរដ្ឋ​ណាមួយ​នោះទេ ពោល​គឺជា​ថវិកា​របស់​ក្រុមគ្រួសារ​របស់​សម្តេច សុខ អាន និង​សម្តេច ស ខេង ដែល​បានរួម​គំនិត​គ្នា បង្កើត​ឲ្យ​មានការ​ប្រកួត​នេះ​ឡើង​៕   
 


 

Tag:
 ប៉េតង់​
  ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com