COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ទើប​ជា​ពី COVID-19 Ronaldo ស៊ុត​បាន​២​គ្រាប់ ឯ Zlatan ជួយ AC Milan ឈ្នះ​ចុង​ម៉ោង​
02, Nov 2020 , 4:08 pm        
រូបភាព
Cristiano Ronaldo អាច​រកបាន​ដល់​ទៅ​ពីរ​គ្រាប់​ម្នាក់ឯង បន្ទាប់ពី​ត្រឡប់​ចូល​ទីលាន​វិញ​ជា​លើកដំបូង​ក្រោយ​ជា​ពី​ជំងឺ COVID-19 ក្នុងការ​ប្រកួត Serie A ដែល Juventus យកឈ្នះ Spezia ក្នុង​លទ្ធផល ៤-១​។ Zlatan Ibrahimovic ទាត់​បក​ចេក​ចុង​ម៉ោង​ជួយ AC Milan ឈ្នះ Udinese ២-១​។​


Ronaldo ដែល​ខកខាន​ការប្រកួត​៤​លើក​ដោយសារ​ឆ្លង COVID-19 បានបង្ហាញ​ខ្លួន​សារជាថ្មី​ជាមួយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​។ ក្នុងការ​ប្រកួត​លី​គ​កំពូល​អ៊ីតាលី​សប្តាហ៍​ទី​៦ នៅ​យប់​ថ្ងៃទី​១ ខែវិច្ឆិកា ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៥​ឆ្នាំ​បាន​ប្តូរ​ជំនួស Paulo Dybala នៅ​នាទី​៥៦ ខណៈដែល Juventus កំពុង​ស្មើ Spezia ១-១ ដែល​សម្រេច​ទី​ដោយ Alvaro Morata និង Tommaso Pobega​។ 
៣​នាទី​ក្រោយ​ដូរ​ចូល Ronaldo អា​ចរក​គ្រាប់​នាំមុខ​ឲ្យ​ក្រុម​លោក Andrea Pirlo ២-១ វិញ មុន Adrien Rabiot បន្ថែម​គ្រាប់​ទី​៣​នៅ​នាទី​៦៧​។ ចូលដល់​នាទី​៧៦ អតីត​សមាជិក​ក្រុម Real Madrid និង Manchester United រូបនេះ បន្ថែម​គ្រាប់​ទី​២ និង​ទី​៤​សម្រាប់ Juventus ដោយ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​។​
 
​ជ័យជម្នះ​នេះ នាំ​សេះបង្កង់​ឈានទៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង Serie A ដោយ​រកបាន​១២​ពិន្ទុ​ពី​ការប្រកួត​៦​លើក រដូវ​កាល​នេះ ដោយ​ដេញ​ពីក្រោយ​ក្រុម​លេខ​២ Sassuolo ២​ពិន្ទុ និង​ក្រុម​កំពូល​តារាង AC Milan ចំនួន ៤​ពិន្ទុ​។​
 
AC Milan បានបង្ហាញ​ទ្រង់​លេង​ដ៏​អស្ចារ្យ​នៅ​រដូវ​កាល ២០២-០២១​នេះ ដោយ​មិនទាន់​ស្គាល់​បរាជ័យ​ឡើយ​ក្នុងការ​ប្រកួត​៦​លើក ក្នុងនោះ​ឈ្នះ​៥ និង​ស្មើ​១​។ សមិទ្ធផល​ទាំងអស់នេះ កើតឡើង​ដោយសារ​មានការ​រួមចំណែក​យ៉ាងសំខាន់​ពី​សំណាក់​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Ibrahimovic​។​
 
​អតីត​សមាជិក​ក្រុម​ជម្រើស​ស៊ុយអែត វ័យ​៣៩​ឆ្នាំ​រូបនេះ បាន​ជួយ AC Milan ទទួលបាន​៣​ពិន្ទុ​បន្ថែម​សម្រាប់​ជំនួប​ក្នុង​លី​គ​សប្តាហ៍​ទី​៦​នេះ ដោយ​ការប្រើ​ក្បាច់​ពិសេស​លោត​ទាត់​បក​ចេក (bicycle kick) នៅ​នាទី​៨៣ ដើម្បី​ជួយ​ក្រុម​ឈ្នះ​ម្ចាស់ផ្ទះ Udinese ២-១​។ គ្រាប់​បាល់​ទី​១​របស់ AC Milan ធ្វើបាន​ដោយ Franck Kessie មុនពេល Rodrigo De Paul ស៊ុត​ប៉េ​ណា​ល់​តាម​ស្មើ​ឲ្យ Udinese នៅ​នាទី​៤៨​។​
 
Ibrahimovic រកបាន​៧​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៤​លើក ក្នុង​រដូវ​កាល​នេះ ខណៈ AC Milan កើន​ដល់​១៦​ពិន្ទុ ឈរ​កំពូល​តារាង Serie A បណ្តោះអាសន្ន​។ Udinese ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​ដោយ​រក​បានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ​។​
 
Inter Milan ដែលជា​ក្រុម​ប្រជែង​ពាន​ដ៏​ខ្លាំងក្លា​ដែរនោះ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦ រកបាន​១១​ពិន្ទុ​ស្មើ​ក្រុម​លេខ​៥ Napoli ឯ Atalanta ឈរ​លេខ​៤​ក្នុង​តារាង មាន​១២​ពិន្ទុ​៕
 

Tag:
 Cristiano Ronaldo
  Zlatan Ibrahimovic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com