រដ្ឋមន្ត្រីសុខាភិបាលសហភាពអឺរ៉ុប នៅថ្ងៃទី១ ខែវិច្ឆិកា ទាមទារឲ្យមានកំណែទម្រង់អង្គការសុខភាពពិភពលោក (WHO) ដោយផ្តល់អំណាចបន្ថែម និងមានការផ្គត់ផ្គង់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវដល់ស្ថាប័នមួយនេះដើម្បីទប់ទល់នឹងវិបត្តិសុខាភិបាលសាកល។ អាល្លឺម៉ង់ ជាប្រទេសដែលចេញមុខមាត់ទាមទារឲ្យមានកំណែទម្រង់នេះ។
«អង្គការសុខភាពពិភពលោក អាចប្រសើរទៅបានអាស្រ័យទៅនឹងសកម្មភាពរបស់ប្រទសជាសមាជិក»។ នេះជាការលើកឡើងរបស់លោក Jens Spahn រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអឺរ៉ុបនៅថ្ងៃទី១ ខែវិច្ឆិកា។ លោកអះអាងថា អាល្លឺម៉ងចង់ឲ្យ WHO មានតម្លាភាពជាងមុន មានប្រសិទ្ធភាពជាងមុន និងមានអំណាចជាងមុន។ នេះបើយោងតាមសារព័ត៌មានCGTN។
រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ ក៏អះអាងផងដែរថាសំណើរបស់សហភាពអឺរ៉ុបលើកំណែទម្រង់ WHO នឹងត្រូវដាក់ជូនសន្និបាតសុខាភិបាលពិភពលោក ដែលនឹងបន្តកិច្ចប្រជុំនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បន្តថា ខណៈការផ្តោតសំខាន់នៅពេលនេះគឺជំងឺឆ្លងសាកល COVID-19 ការពិភាក្សាស្តីពីកំណែទម្រង់របស់ WHO ក៏នឹងត្រូវធ្វើទន្ទឹមគ្នាដែរ។
នាកិច្ចប្រជុំដដែល លោកស្រី Stella Kyriakides ស្នងការសុខាភិបាលសហភាពអឺរ៉ុប លើកឡើងថា វាជារឿងសំខាន់ណាស់ដែល WHO ត្រូវធ្វើកំណែទម្រង់។
សេចក្តីព្រាងដែលអាល្លឺម៉ង់ដាក់នៅពេលខាងមុខ គឺតំណាងឲ្យសហភាពអឺរ៉ុប ដោយទាមទារឲ្យសហគមន៍អន្តរជាតិផ្តល់អំណាចបន្ថែមទៀតដល់ WHO ក្នុងការស៊ើបអង្កេតដោយឯករាជ្យនៅទីកន្លែងដែលមានផ្ទុះជំងឺឆ្លង។ នេះក៏ដោយសារតែការស៊ើបអង្កេតពីជំងឺឆ្លងនាពេលនេះ ត្រូវទទួលការយល់ព្រមពីប្រទេសដែលមានការផ្ទុះជំងឺសិន ហើយប្រទេសនោះ ក៏ជាអ្នកកំណត់កាលវិភាគ និងអ្នកជំនាញរូបណាដែលអាចចូលទៅស៊ើបអង្កេតបាន។ ការអនុវត្តបែបនេះហើយដែលសហភាពអឺរ៉ុប បារម្ភពីបញ្ហាតម្លាភាពក្នុងការស៊ើបអង្កេត។
ចំណុចមួយទៀតនៅក្នុងសំណើរបស់អាល្លឺម៉ង់ គឺចង់ឲ្យ WHO បង្ហាញព័ត៌មានជាសាធារណៈ និងយ៉ាងរហ័សក្នុងករណីដែលប្រទេសណាមិនគោរពកាតព្វកិច្ចស្តីពីការចែករំលែកព័ត៌មាននៅពេលមានគ្រោះអាសន្នសុខាភិបាល។ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ ក៏ស្នើឲ្យ WHO ឆ្លើយតបឲ្យបានឆាប់រហ័សនៅពេលមានវិបត្តិសុខាភិបាល។
បន្ថែមពីបញ្ហាតម្លាភាពក្នុងការស៊ើបអង្កេត សហភាពអឺរ៉ុបក៏ទាមទារផងដែរឲ្យមានការផ្តល់ហិរញ្ញវត្ថុដល់ WHO ឲ្យបានប្រសើរជាងមុន។ ភ្នាក់ងារវាយតម្លៃឯករាជ្យ(IOAC) របស់ WHO បានបង្ហាញរបាយការណ៍ថា របៀបរបបក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់WHO អាចជាការរាំងស្ទះដល់លទ្ធភាព របស់ WHO ក្នុងការឆ្លើយតបនៅពេលមានវិបត្តិ។
សូមបញ្ជាក់ថា មួយផ្នែកធំនៃថវិការបស់ WHO បានមកពីវិភាគទានដោយស្ម័គ្រចិត្ត ចំណែកថវិកាសម្រាប់កម្មវិធីសុខាភិបាលក្នុងគ្រាអាសន្នមានមិនដល់៣០០លានដុល្លារផង។ សហភាពអឺរ៉ុបក្នុងឆ្នាំ២០១៩ បានចូលវិភាគទានថវិការចំនួន១០០លានដុល្លារ ឈរបន្ទាប់ពីអាមេរិក៕