ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ​៖ បើសិន​សាលា​ណាមួយ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​នោះ នឹងត្រូវ​បិទ​បណ្តោះអាសន្ន​វិញ​
02, Nov 2020 , 9:39 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា ជួបសំណេះសំណាលជាមួយនឹង​គ្រូ និងសិស្សានុសិស្ស​នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុកនា​ថ្ងៃ​បើក​សាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា ជួបសំណេះសំណាលជាមួយនឹង​គ្រូ និងសិស្សានុសិស្ស​នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុកនា​ថ្ងៃ​បើក​សាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា បើ​សាលា​ណាមួយ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ថ្មី សាលា​នោះ​នឹងត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​។ រដ្ឋមន្ត្រី ថ្លែង​បែបនេះ ក្នុង​ពិធី​បើក​សាលារៀន​ទាំងអស់​ឡើងវិញ​ក្នុងដំណាក់កាល​ទី​៣ នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក នា​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ។​

 
​លោក ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា ក្នុងករណី​សាលា​ណាមួយ មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួង​នឹង​តម្រូវ​ឲ្យ​សិស្សានុសិស្ស បន្ត​រៀន​តាម​អន​ឡាញ​វិញ​។ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​បើសិន​បើ​មាន​បញ្ហា​កូ​វីដ​នេះ​កើតឡើង​នៅក្នុង​សាលារៀន គឺ​យើង​នឹងធ្វើ​ការពិភាក្សា​ជាមួយនឹង​ក្រសួងសុខាភិបាល​ដើម្បី​បិទ​សាលា​នោះ​។ ប៉ុន្តែ​យើង​នឹង​បន្ត​ពិភាក្សា​ថា​យើង​នឹង​បិទ​សាលា​មួយ​ក្រុង​(​សាលា​ទាំងអស់​)​ឬ​យ៉ាងម៉េច​?»​។ 
 


​លោក​រដ្ឋមន្ត្រី​អប់រំ បាន​វាយតម្លៃថា កម្ពុជា​ឈានដល់​ការបើក​ឲ្យ​ដំណើរការ​សាលារៀន​ទាំងអស់​វិញ​នេះ ដោយសារតែ​កម្ពុ​ជាមាន​ការគ្រប់គ្រង​លើ​អ្នកដំណើរ​ផ្លូវគោក និង​ផ្លូវអាកាស​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​បានល្អ​ប្រសើរ ។ ចំណែក​សាលារៀន​ដែល​បើក​ឲ្យ​ដំណើរការ​ក្នុងដំណាក់កាល​ទី​១ និង​ទី​២ សុទ្ធតែ​គោរព​ទៅតាម​វិធាន​ការធានា​សុវត្ថិភាព​ខ្ពស់ ទើប​ជាហេតុ​នាំ​ឲ្យ​សាលារៀន​នីមួយៗ​មិនមាន​ការព្រួយបារម្ភ​ក្នុង​ការបើក​សាលារៀន​ឡើងវិញ​។ 
 
​ដោយឡែក​សាលារៀន​មួយចំនួន ដែល​ស្ថិតនៅតាម​បណ្តា​ខេត្ត ដែល​រៀបចំ​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ចំណាកស្រុក និង​អ្នកធ្វើដំណើរ​មកពី​ក្រៅប្រទេស​ស្នាក់នៅ​រង់ចាំ​លទ្ធផល​តេស្ត​ជំងឺ​កូ​វីដ​-១៩​កន្លងមក​នោះ អាច​នឹង​បើក​ដំណើរ​ឡើងវិញ​បាន​ធម្មតា  លើកលែងតែ​សាលារៀន​ពីរ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ដែល​មិន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​វិញ​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី​អប់រំ​។ 
 
​បើតាម​លោក​រដ្ឋមន្ត្រី​អប់រំ សាលារៀន​ទាំងអស់​ដែល​នឹង​បើក​ដំណើរការ​ឡើងវិញ​នេះ គឺ​សុទ្ធតែ​មានការ​បែងចែក​ថ្នាក់រៀន  ដែល​អាច​សមល្មម​ឲ្យ​សិស្ស​ចូលរៀន​ក្នុង​ថ្នាក់ និង​គោរព​ទៅតាម​ស្តង់ដារ​ធានា​សុវត្ថិភាព​ខ្ពស់​ចំពោះ​សិស្ស និង​គ្រូ​។  
 
​ខណៈដែល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​(​ឌី​ប្លូ​ម​) និង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ជិត​មកដល់ លោក​រដ្ឋមន្ត្រី​អប់រំ​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ ដើម្បី​ត្រៀមប្រឡង​នៅ​ថ្ងៃ​ខាងមុខនេះ​។ 
 
​លោក​រដ្ឋមន្ត្រី​អប់រំ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ គណៈ​គ្រប់គ្រង​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន អាណាព្យាបាល និង​លោកគ្រូ អ្នកគ្រូ និង​សិស្ស ត្រូវ​រួមគ្នា​គោរព​តាម​វិធាន​ការធានា​សុវត្ថិភាព​ខ្ពស់​។ លោក​បាន​ណែនាំ​ដូច្នេះ​ថា​៖«​សូម​បន្ត​អនុវត្ត​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដែល​ក្រសួង​បានដាក់​ចេញ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ខ្ពស់ លើកកម្ពស់​អនាម័យ កំណត់​ចំនួន​សិស្ស​ស្តង់ដារ  និង​បង្រៀន​សិស្ស​រស់នៅ​តាមបែប​គន្លង​ថ្មី​»​។​
 
​សូមបញ្ជាក់ថា​សាលារៀន​ដែល​បើក​ដំណើរការ​ឡើងវិញ​ទាំង​៣​ដំណាក់កាល​នេះ គឺ​បន្ទាប់ពី​សាលា​ទាំងនោះ​ត្រូវបាន​បិទទ្វារ​អស់​រយៈពេល​៧​ខែ​មកហើយ​៕ 
 
 
 

Tag:
 សាលារៀន​
 ​អប់រំ​
 ​សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com