ជាតិ
១០​ខែ​នេះ កុមារ និង​ស្ត្រី​ជាង​៨០​ម៉ឺន​នាក់ បាន​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា
03, Nov 2020 , 7:59 am        
រូបភាព
​រយៈពេល ១០​ខែ ឆ្នាំ​២០២០ កុមារ និង​ស្ត្រី ជាង​៨០​ម៉ឺន​នាក់ បាន​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ និង​សៀមរាប​។ នេះ​បើតាម​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​


​របាយការណ៍​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា  បាន​លម្អិត​ថា កុមារ​ឈឺ​ចំនួន​៥៣៧,៧៦៥​នាក់ ត្រូវបាន​នាំមក​ពិនិត្យ​ព្យាបាល នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។ រីឯ កុមារ​មាន​ជំងឺ​ធ្ងន់ ចំនួន​១១៣,០១០​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ។ 
 
​បើតាម​លិខិត​ដដែល កុមារ​មាន​ជំងឺ​គ្រុន​ឈី​ក ចំនួន​១,៣៥០​នាក់ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ដោយ​ភាគច្រើន​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ខេត្តសៀមរាប ។ ចំណែកឯ កុមារ​ចំនួន​១៩,៤៧៩​នាក់ បានទទួល​ការវះកាត់ និង​កុមារ ចំនួន​៨៥៦​នាក់ បានទទួល​ការវះកាត់​បេះដូង និង​ឆ្លុះ​ភ្ជិត​សរសៃ​បេះដូង​។​
 
​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១១២,០៥៥​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​សម្រាលកូន​បាន​ចំនួន ១៩,៥៩៣​នាក់ ។ សូមបញ្ជាក់ថា រាល់​ការព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ និង​សៀមរាប មិន​គិតថ្លៃ​នោះទេ​៕
 

Tag:
 មន្ទីរពេទ្យ​គន្ធបុប្ផា​
  កុមារ​
 ​ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com