អន្តរជាតិ
ប្រជាជន​ឥណ្ឌូណេស៊ី រាប់ពាន់នាក់​ចេញមក​បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ការងារ​ជាថ្មី​
03, Nov 2020 , 8:29 am        
រូបភាព
ប្រជាជនឥណ្ឌូណេស៊ី បាតុកម្មប្រឆាំងនឹងច្បាប់បង្កើតការងារ។ រូបភាព៖ AP
ប្រជាជនឥណ្ឌូណេស៊ី បាតុកម្មប្រឆាំងនឹងច្បាប់បង្កើតការងារ។ រូបភាព៖ AP
​កម្មករ និង​និ​យោ​ជិ​ក​ឥណ្ឌូណេស៊ី​រាប់ពាន់នាក់ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា បាន​ចេញមក​បាតុកម្ម​ជាថ្មី​ប្រឆាំងនឹង​ច្បាប់​ការងារ ដែល​ត្រូវ​បានអនុម័ត​កាលពីដើម​ខែតុលា​។ ពួកគេ​សំអាងថា ច្បាប់​ថ្មី​នេះ​ដែល​សំដៅ​ទាក់ទង​អ្នកវិនិយោគ​បរទេស ធ្វើ​ឲ្យ​បាត់បង់​អត្ថប្រយោជន៍រ​បស់​កម្មករ​និ​យោ​ជិ​ក​មួយចំនួន និង​ប៉ះពាល់​បរិស្ថាន​។


​តាម​ការអះអាង​របស់​សហព័ន្ធ​សហភាព​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី (KSPI) កម្មករ​ឥណ្ឌូណេស៊ី បាន​ចូលរួម​បាតុកម្ម​ជាច្រើន​ពាន់​នាក់​នៅក្បែរ​វិមាន​ប្រធានាធិបតី និង​តុលាការ​ធម្មនុញ្ញ​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា​។ កម្មករ និ​យោ​ជិ​ក​ទាំងនោះ តំណាង​ឲ្យ​សហភាព​ពលករ​ចំនួន​៣២ ដែល​មកពី​កោះ​ជ្វា​ខាងលិច និង​ខាងកើត​របស់​ឥណ្ឌូណេស៊ី​។ 
 
«​ការទាមទារ​របស់​ក​ម្មករ គឺ​លុបចោល​ច្បាប់​បង្កើត​ការងារ​ថ្មី និង​បន្ត​បង្កើន​ប្រាក់ខែ​អប្បបរមា​នៅក្នុង​ឆ្នាំ​២០២១»​។ លោក Said Iqbal ប្រធាន​សហព័ន្ធ​សហភាព​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា លោក​នឹង​ស្នើ​ទៅ​តុលាការ​ធម្មនុញ្ញ​ឲ្យ​ពិនិត្យ​បញ្ហា​គតិយុត្ត​នៃ​ច្បាប់​ការងារ​នេះឡើយ​វិញ​។ 
 
​នៅក្នុង​ច្បាប់​ឥណ្ឌូណេស៊ី តុលាការ​ធម្មនុញ្ញ គឺជា​អង្គការ​បកស្រាយ​ច្បាប់ ការពារ​ច្បាប់ អនុវត្ត​ច្បាប់ និង​បញ្ជាក់​ពី​អធម្មនុញ្ញភាព​របស់​ច្បាប់​។ ដូចនេះហើយ ទើប​បាតុករ​ទៅដល់​ដល់​មុខ​តុលាការ​នេះដែរ​។​
 
​ក្រៅពី​បាតុកម្ម​នៅ​ទីក្រុង​ហ្សា​ការ​តា បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ការងារ​ថ្មី ក៏​កើត​មាននៅ​ទីក្រុង​ផ្សេងទៀត​របស់​ឥណ្ឌូណេស៊ី​ផងដែរ ក្នុងនោះ​មានដូចជា ទីក្រុង Yogyakarta, ទីក្រុង Banda Aceh, ទីក្រុង​Medan និង Makassar ។ 
 
​ច្បាប់​ការងារ​ថ្មី ដែល​កើតចេញពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៧៩ ត្រូវបាន​សភា​ឥណ្ឌូណេស៊ី​អនុម័ត នៅ​ថ្ងៃទី​៥ ខែតុលា​កន្លងទៅ ក្នុង​គោលបំណង​កែលម្អ​ប្រសិទ្ធភាព​ការិយាល័យ​ធិបតេយ្យ​របស់​ឥណ្ឌូណេស៊ី ជំរុញ​ការទាក់ទាញ​អ្នកវិនិយោគ​បរទេស និង​ដោះស្រាយ​បញ្ហា​ផ្សេងទៀត​ជាដើម​។ បើទោះបីជា​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី អះអាងថា​ច្បាប់​នេះ​ល្អ និង​ផ្តល់​ផលប្រយោជន៍​ដល់ក​ម្មករ​ឥណ្ឌូណេស៊ី​ក្ដី មនុស្ស​មួយចំនួន​ជឿថា វា​នឹង​បន្ថយ​អត្ថប្រយោជន៍​របស់​កម្ម​ករ និ​យោ​ជិ​ក និង​ប៉ះពាល់​ដល់​បរិស្ថាន​ជាដើម​។ 
 
​សូមបញ្ជាក់ បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត ប្រជាជន​ឥណ្ឌូណេស៊ី​ជាច្រើន​ពាន់​នាក់​បាន​ចេញមក​បាតុកម្ម​រួច​ម្ដង​ហើយ ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​លុបចោល​ច្បាប់​មួយ​នេះ បើទោះបី​ជាមាន​បម្រាម​ជួបប្រជុំគ្នា ដោយសារ COVID-19 ។ ការប្រឈមមុខ ក៏​ឈានទៅដល់​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ពី​កម្លាំង​ប៉ូលិស ហើយ​ផ្នែក​ខ្លះ​នៃ​បាតុកម្ម​ឈានទៅដល់​កុបកម្ម​ថែមទៀត​។ 
 
​កន្លងមក ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ ក៏បាន​ចេញមុខ​ការពា​រ​ច្បាប់​ថ្មី​នេះដែរ ដោយ​សំអាងថា ច្បាប់​ការងារ​ថ្មី​នឹង​បង្កើត​ការងារ​សម្រាប់​និស្សិត​ទើប​បញ្ចប់​ពី​សកល​វិទ្យាល័យ និង​អ្នកគ្មានការងារ​ធ្វើ​។ បើតាម​លោក​ប្រធានាធិបតី បាតុកម្ម​ប្រឆាំងនឹង​ច្បាប់​ថ្មី​នេះ បាន​កើតឡើង​ដោយសារតែ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​៕

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com