ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ទាវ ទិន៖ ៣ ទសវត្សរ៍ពីកម្មកររៀបថ្មទៅជាឆ្មាំ ព្រោះក្តីស្រលាញ់ជ្រាលជ្រៅចំពោះថ្មប្រាសាទ
02, Nov 2020 , 5:43 pm        
រូបភាព
លោក​​ ទាវ ទិន នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗកាលពីចុងខែតុលាកន្លងទៅ។ រូបភាព៖ អ៊ូ សុខមាន
លោក​​ ទាវ ទិន នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗកាលពីចុងខែតុលាកន្លងទៅ។ រូបភាព៖ អ៊ូ សុខមាន
ភ្នំពេញ៖ ស្ថិតក្នុងវ័យ ៦០ឆ្នាំ លោក ទាវ ទិន បានចំណាយពេលវេលាជិត ៣០ឆ្នាំមកហើយក្នុងបុព្វហេតុអភិរក្សនិងថែទាំប្រាង្គប្រាសាទខ្មែរនៅក្នុងឧទ្យានអង្គរ ដែលគ្រប់គ្នាចាត់ទុកជាបេតិកភណ្ឌវប្បធម៌ មិនអាចកាត់ថ្លៃបានរបស់មនុស្សជាតិ។ ធ្លាប់ជាកម្មករជំនាញរៀបចំថ្មប្រាសាទ និងបច្ចុប្បន្នធ្វើជាឆ្មាំផង លោក ទិន មានបំណងប្រើប្រាស់ពេលវេលាចុងក្រោយនៃជីវិតដើម្បីការងារអភិរក្សនេះ បើសិនជារដ្ឋនៅតែត្រូវការ។


ក្រុមការងារថ្មីៗយើង បានជួបជាមួយលោក ទាវ ទិន នៅក្បែរស្ពានហាលនៅខាងមុខប្រាសាទអង្គរ ប្រហែលម៉ោងពីររសៀល ទោះបីជាពេលនោះម៉ោងការងារលោកមិនទាន់ចាប់ផ្តើមក្តី។ 
 
ថ្ងៃនេះលោកអ៊ំ ទិន ស្លៀកសម្លៀកបំពាក់សមរម្យជាងសព្វមួយដង និងខុសពីកម្មករដទៃទៀត ដោយពាក់អាវដៃវែងពណ៌ស ខោជើងវែងពណ៌ខ្មៅ និងមានពាក់ស្បែកជើងផ្ទាត់ ដើម្បីត្រៀមខ្លួនដើម្បីជួបជាមួយក្រុមការងារយើង។
 
ដើរតម្រង់មកកាន់ក្រុមការងារយើងទាំងទឹកមុខស្រស់ស្រាយរាក់ទាក់ រូបគាត់ថ្លែងស្វាគមន៍យើងដោយសម្តីរដឺនហើយបង្អូសបន្តិច ដោយលើកដៃសំពះសួរពីចម្ងាយផង។ 
 
ក្រោយចំណាយពេលប្រហែល១០នាទី ស្វែងរកកន្លែងសមរម្យសម្រាប់សម្ភាស  យើងសម្រេចចិត្តអង្គុយរៀបចំសម្ភាសនៅលើថ្មច្រាំងកសិន្ធុអង្គរវត្តប៉ែកខាងត្បូង​ដែលទីកន្លែងនោះក៏ស្ថិតមិនឆ្ងាយប៉ុន្មានដែរពីការដ្ឋានជួសជុលស្ពានហាល និងកន្លែងដាប់ថ្ម។ 
 
«ខ្ញុំរៀបចំថ្មឡើងវិញ ដែលវាទ្រុឌទ្រោមបាក់បែក។ ខ្ញុំជាកម្មកររៀបចំប្រាសាទ។ មុនដំបូងគឺ យើងដើរបោស ដើរច្រាស ដែលវា[ថ្ម]រលុះទៅព្រៃវាដុះ។ ដូច្នេះ [ខ្ញុំ]ធ្វើនោះប្រហែលមួយខែ ទើបយើងយកថ្មមករៀបផ្គុំ។ រៀបផ្តុំរួច យើងបង់លេខ ទើបយើងយកដាក់កន្លែងដើមវិញ»។ លោក ទិន រៀបរាប់ដូច្នេះ ដោយបន្ថែមថា  ការងារដំបូងរបស់ខ្លួននៅគឺនៅប្រាសាទព្រះខ័ន ដែលវាជាគម្រោងមួយស្ថិតក្រោមជំនួយរបស់សហរដ្ឋអាមេរិក។ 
 
តាមពិតទៅ លោក ទិន មិនមែនជាអ្នកមានដើមកំណើត​និងមានសាច់ញាតិបងប្អូនរស់នៅក្នុងតំបន់អង្គរទេ។ គាត់បានសម្រេចចិត្តចាកចេញពីទឹកដីកំណើតនាខេត្តកំពង់ធំ មកតាំងទីលំនៅក្នុងភូមិនគរក្រៅ សង្កាត់នគរធំ ក្រុងសៀមរាបនៅក្នុងឆ្នាំ ១៩៩២ ពោលគឺមានវ័យប្រមាណ ៣០ឆ្នាំ បន្ទាប់ពីខ្លួនត្រូវគេរំសាយពីជួរកងទ័ព។ លោក​បង្ហើបថា បំណងតែមួយគត់ គឺស្វះស្វែងរកអាជីពមួយក្នុងកិច្ចការអភិរក្សប្រាសាទដ្បិតមានក្តីស្រលាញ់ជ្រាលជ្រៅពេកចំពោះប្រាង្គប្រាសាទ បូកផ្សំនឹងមានសេចក្តីអំណត់អត់ធន់ខ្ពស់ផង។ 

សូមទស្សនាបទសម្ភាសរវាងសារព័ត៌មានថ្មីៗជាមួយលោក ​ទាវ ទិន ខាងក្រោមនេះ៖ 
 
ជាគូលីដាប់ថ្មលេខមួយ តាំងពីបានប្រាក់កម្រៃ ២៧០០រៀលមួយថ្ងៃ
 
ដូចអ្នករៀបថ្មប្រាសាទដទៃទៀតដែរ លោកអ៊ំវ័យ ៦០ឆ្នាំរូបនេះ បំពេញការងារនេះដោយផ្តើមចេញពីក្តីស្រលាញ់ ពីការខិតខំប្រឹងប្រែង និងសមានចិត្តមួយចំពោះបេតិកភណ្ឌវប្បធម៌ដ៏ល្អឯករបស់មនុស្សជាតិ។ 
 
ពេលក្រុមការងារយើង សាកសួរថា តើការងារដាប់ និងរៀបថ្មប្រាសាទលំបាកខ្លាំងឬអត់ លោក ទាវ ទិន ឆ្លើយតបដោយមិនបង្អង់យូរទាំងសម្តីរដឺនក្នុងទឹកមុខញញឹមថា៖ «អត់លំបាកប៉ុន្មានទេព្រោះខ្ញុំស្រលាញ់ការងារ ខ្ញុំស្រលាញ់វប្បធម៌ខ្មែរយើង»។
 
មានតួនាទីជាអ្នកដាប់ផង និងរៀបថ្មឡើងវិញផង លោក ទិន មានប្រសាសន៍ថា កាលពីមុន ខ្លួនថែមទាំងធ្លាប់ទទួលបានការសរសើរជាគូលីលេខមួយដែលស្ទាត់ជំនាញល្អជាងគេក្នុងចំណោមក្រុមការងារផង។ នៅពេលនោះគឺស្ថិតក្នុងឆ្នាំ ១៩៩៣ ក្នុងពេលរៀបចំថ្មនៅប្រាសាទស្តេចគម្លង់ហើយប្រាក់កម្រៃដែលលោកអ៊ំរូបនេះទទួលបានក្នុងមួយថ្ងៃក្នុងនាមជាគូលីលេខមួយនោះគឺ ប្រហែលត្រឹម ២៧០០ រៀលប៉ុណ្ណោះ។
 
លោក ទិន រៀបរាប់ទាំងសើចតិចៗផងថា ៖ «ខ្ញុំចូលជាគូលីលេខមួយ ប៉ុន្តែបាន ២៧០០ រៀលទេ។ [យើងបាន] ២៧០០ រៀលនោះថ្លៃហើយ។ ខ្ញុំខំឈ្មុសឈ្មុល។ បារាំងគេជេរផងអីផង ចេះតែទ្រាំ»។ 
 
មានស្បែកមុខជ្រីវជ្រួញ និង សក់ស្កូវសព្រោង ទំនងដោយសារធ្វើការងារដែលប្រើប្រាស់កម្លាំងខ្លាំង លោកអ៊ំ ទិន បង្ហើបថា ដោយសារកម្លាំងចុះខ្សោយ និងមិនអាចធ្វើការងារធ្ងន់ៗដូចមុន អាជ្ញាធរជាតិអប្សរាបានសម្រេចផ្លាស់ប្តូរលោកឲ្យទៅបំពេញការងារជាឆ្មាំចាំឃ្លាំមើលថ្មប្រាសាទវិញ។ 
 
«គេថា អាយុយើងប៉ុណ្ណេះហើយ មិនបាច់ប្រើគាត់ទេ ឲ្យគាត់ថែរក្សាខាងយប់វិញ ឲ្យមើលសម្ភារ និងថែរក្សាថ្ម ក្រែងឥឡូវមានចោរអីមកលួច»។ បុរសវ័យចំណាស់រូបនេះរៀបរាប់បន្តដូច្នេះ។


លោក​​ ទាវ ទិន អង្គុយដាប់ថ្មបាយក្រៀមនៅការដ្ឋានមួយដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ រូបភាព៖ អ៊ូ​ សុខមាន

ត្រឡប់ពីកំពង់ធំមករស់នៅសៀមរាបវិញព្រោះនឹករលឹកប្រាសាទពេក

 
តាមពិតទៅ ក្នុងឆ្នាំ ១៩៩២ ជាឆ្នាំដែលលោក ទាវ ទិន សម្រេចផ្សងព្រេងចាកចោលស្រុកកំណើតនៅខេត្តកំពង់ធំដើម្បីមកតាំងទីលំនៅ និងស្វែងរកការងារក្នុងខេត្តសៀមរាប។ បើតាមសម្តីរបស់លោកអ៊ំ ផ្ទាល់ ការសម្រេចនេះដ៏ធំនេះគឺ ផ្តើមចេញពីក្តីស្រលាញ់ដិតដាម និងចង់ចំណាយជីវិតគយគន់ប្រាង្គប្រាសាទក្នុងទឹកដីខេត្តសៀមរាបនេះឯង។ 
 
«ពីដើមមកខ្ញុំលឺតែចាស់ៗ ថា អង្គរវត្តៗ មិនដែលឃើញ ព្រោះអីខ្ញុំចង់ឃើញ។ ម្ល៉ោះហើយ ខ្ញុំដូចថា វាមានអារម្មណ៍ទាញឲ្យស្រលាញ់ចាប់ចិត្តនឹងប្រាសាទខ្មែរយើង…ហើយក៏ មិនអាចបំភ្លេចបាន»។ លោក ទិន រៀបរាប់បែបនេះ អមដោយសំណើចតិចៗផង។
 
យ៉ាងណាមិញ លោកអ៊ំង្ហើបប្រាប់ថា ក្រោយស្នាក់នៅតំបន់អង្គរបានមួយរយៈ លោកអ៊ំធ្លាប់ព្យាយាមត្រឡប់ទៅរស់នៅស្រុកកំណើតនៅឯខេត្តកំពង់ធំវិញដែរ។ ប៉ុន្តែដោយសារក្តីនឹករលឹក និងអារម្មណ៍ស្រលាញ់ធំធេងចំពោះការងារអភិរក្សប្រាសាទ លោក ទិន ក៏ដាច់ចិត្តត្រឡប់មកសៀមរាបជាថ្មី។ 
 
ពេលសាកសួរថា បើសិនជាមានឱកាស តើលោកអ៊ំធ្លាប់នឹកគិតចង់ត្រឡប់ទៅស្រុកកំណើតជាថ្មីទេ លោកអ៊ំរូបនេះឆ្លើយតបដោយមិនស្ទាក់ស្ទើថា៖ «អត់ទេ! ខ្ញុំឈប់ទៅហើយ ព្រោះអីខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ។ ហើយទៅឯណោះក៏ឆ្ងាយពីប្រាសាទដែរ ព្រោះខ្ញុំធ្លាប់តែឃើញប្រាសាទ។ ទោះស្រុកឆ្ងាយជិតយ៉ាងណា សុខចិត្តតែមកមើលប្រាសាទឯណេះដែរ។ ម្ល៉ោះហើយ ខ្ញុំអត់ទៅទេ»។
 
យ៉ាងណាមិញ បុរសវ័យ ៦០ ឆ្នាំ រូបនេះរម្លឹកដែរថា កាលពីនៅវ័យក្មេង ខ្លួនធ្លាប់លួចគិត និងធ្លាប់ប៉ងត្រឡប់ទៅរស់នៅស្រុកកំណើតជាថ្មីម្តងទៀតដែរ។
 
«កាលមិនទាន់មានប្រពន្ធធ្លាប់នឹកឃើញដែរ ដូចជាកាលនៅធ្វើទាហាន ធ្វើអីចឹង។ ប៉ុន្តែដល់បានប្រពន្ធទៅ ខ្ញុំអត់ចង់ទៅទេ ព្រោះអីវាឃ្លាតឆ្ងាយហើយ វាដូចជាណាយ  អត់ដូចជាស្រុកកំណើតខ្លួនឯង ...វាទៅជាឯណេះជាស្រុកកំណើតខ្លួនឯងទៅវិញ»។ លោកអ៊ំ រម្លឹកពីអតីកាលរបស់ខ្លួនបែបនេះ។ 
 
ជីវិតចុងក្រោយ ចង់ឃើញក្មេងជំនាន់ក្រោយបន្តការងារអភិរក្សប្រាសាទ
 
ដោយបានថែទាំថ្មដោយផ្ទាល់ដៃជាប់លាប់ និងផ្ចិតផ្ចង់ជាទីបំផុតនោះ លោក ទាវ ទិន ដឹងច្បាស់ថា ការងារទាំងអម្បាលម៉ានដែលខ្លួនកំពុងធ្វើនេះនឹងក្លាយជាការវិនិយោគមួយយ៉ាងសំខាន់ក្នុងការថែរក្សាឲ្យប្រាង្គប្រាសាទខ្មែរដ៏មានតម្លៃនេះគង់រង្សទៅមុខយូរអង្វែង។ 
 
«ខ្ញុំនឹកក្នុងចិត្តខ្លួនខ្ញុំថា បើខ្ញុំរៀបចំ [ប្រាសាទឡើងវិញ] បាន អានោះជាស្នាដៃរបស់ខ្ញុំដែរ»។ ព្រោះខ្ញុំស្រលាញ់ឈ្មុសឈ្មុលគ្រប់បែបយ៉ាង»។ លោកមានប្រសាសន៍ដូច្នេះ មុននឹងបន្តរៀបរាប់ពីអារម្មណ៍រំភើបដែលពិបាកពណ៌នាជាពាក្យពេជន៍ក្នុងពេលដែលខ្លួនធ្វើការងាររៀបចំថ្មនេះ។ 
 
បរិយាយពីភក្តីភាពចំពោះការងារ និងប្រាង្គប្រាសាទដែលបុព្វបុរសខ្មែរបន្សល់ទុកឲ្យ លោកអ៊ំ ទិន បានបង្ហើបប្រាប់ក្រុមការងារយើងដែរថា​ រូបលោកតែងនឹកស្តាយស្រណោះខ្លាំងរាល់ពេលដែលបានឃើញប្រាសាទធ្លាក់បាក់បែករលំគ្មានអ្នកថែទាំត្រឹមត្រូវ។
 
«ខ្ញុំឃើញថ្មដូចថា បាក់បែកអី ខ្ញុំមានអារម្មណ៍ស្តាយ! ស្តាយណាស់! វាមានក្បាច់ក្បូររចនាដែលចាស់ពីមុនឲ្យយើងថែរក្សា។ ម្ល៉ោះហើយ ខ្ញុំស្រលាញ់ពេញបេះដូងរបស់ខ្ញុំ»។
 
ចាត់ទុកការងាររៀបចំប្រាសាទឲ្យមានរូបរាងល្អដូចដើមជាកាតព្វកិច្ចសំខាន់របស់ខ្លួន លោកអ៊ំ ក៏មានកូនចិត្តបារម្ភដែរថា បើអស់ពីខ្លួន និងចាស់ៗដទៃផ្សេងទៀត ការងារអភិរក្សនេះអាចប្រឈមបញ្ហាខ្លះដែរនៅពេលខាងមុខ។
 
«ខ្ញុំគិតបារម្ភដែរ ខ្លះគេគិតថា ប្រាសាទឃើញរាល់ថ្ងៃហើយ។ ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំ ខ្ញុំស្រលាញ់ថា ប្រាសាទនេះមិនងាយបង្កើតឡើងមកទេ មិនងាយសាងមកបានទេ។ ស្នាដៃពីចាស់បុរាណបន្សល់ទុកឲ្យយើងជំនាន់ក្រោយ យើងចេះជួយថែរក្សា និងត្រូវចេះស្រលាញ់ឲ្យគង់វង្សទៅមុខទៀត»។ 
 
ដូច្នេះហើយ ការខិតខំរៀនសូត្ររបស់ក្មេងជំនាន់ក្រោយ ដើម្បីក្រេបជញ្ជាក់យកតម្រេះវិជ្ជា និងអាចបន្តកាព្វកិច្ចរៀបចំប្រាសាទ និងការពារមរតកវប្បធម៌ដែលដូនតាបន្សល់ទុកឲ្យ ជារៀងដរាបទៅមុខនោះគឺ ជាក្តីប្រាថ្នាតែមួយគត់របស់លោកអ៊ំ។
 
ទោះជាមានវ័យចំណាស់ លែងប្រកបការងារជាអ្នកដាប់ និងរៀបថ្មប្រាសាទទៀតក្តី សម្រាប់បុគ្គលដែលបានចំណាយពេលក្នុងជីវិតអស់ជិត ៣០ឆ្នាំ ថែទាំ និងរៀបចំ ថ្មប្រាសាទដូចលោក អ៊ំ មិនដែលគិតចង់បោះបង់ចោលការងារអភិរក្សនេះទេ។ តាមចិត្តរបស់លោក ទិន បើសិនជាអាច រាល់ការងារទាក់ទងនឹងការរក្សាថ្មប្រាសាទ លោកអ៊ំស្ម័គ្រចិត្តធ្វើទាំងអស់ដោយគ្មានស្ទាក់ស្ទើឡើយ។
 
លោកមានប្រសាសន៍ដូច្នេះថា៖ «ឲ្យតែគេរើស ឲ្យតែគេយក។ ខ្ញុំស្រលាញ់! ខ្ញុំអត់រួញរាទេ ត្រឹមតែធ្វើការងាររៀបថ្មរៀបអី បើថា ការងារសំណង់ទៅវាយ៉ាប់។ បើការងារថ្មនេះ មួយដៃមួយជើងម្នាក់ទៅវាបានហើយ ណាមួយយើងមានឧបករណ៍ប្រើប្រាស់ខ្លះ»។ 
 
ក្រុមការងារយើងបានបញ្ចប់បទសម្ភាសន៍ ហើយបានស្នើឲ្យលោកអ៊ំ ទិន នាំយើងទៅពិនិត្យមើលការដ្ឋានដែលលោកធ្លាប់ធ្វើស្ថិតនៅចម្ងាយប្រហែលជា ៥០ ម៉ែត្រប៉ុណ្ណោះពីកន្លែងយើងអង្គុយ។ តាមពិត ក្រុមការងារយើងក៏ចង់ឃើញសកម្មភាពបំពេញការងារជាក់ស្តែងរបស់សអ្នកជំនាញដាប់ថ្មជិត ៣០ឆ្នាំរូបនេះដូចគ្នា។
 
បញ្ចប់បទសម្ភាសសព្វគ្រប់នៅម៉ោងប្រហែលជាងបីរសៀល ក្រុមការងារយើងក៏ជម្រាបលាលោកអ៊ំ និងកម្មករដទៃ។ ដ្បិតម៉ោងការងារត្រូវចាប់ផ្តើមនៅម៉ោងប្រហែលជាបួនកន្លះល្ងាច លោកអ៊ំរូបនេះក៏លាក្រុមការងារយើង ដើម្បីត្រឡប់ទៅផ្ទះដែលស្ថិតនៅចម្ងាយប្រហែល ប្រាំមួយគីឡូម៉ែត្រពីកន្លែងធ្វើការ។ 
 
លោកអ៊ំបានដើរសំដៅទៅរកកង់ចាស់ពណ៌ប្រាក់មួយគ្រឿងមានចងភ្ជាប់ជាមួយនឹងសម្ពាយពណ៌ខ្មៅមានដាក់ស្រាក់បាយមួយ ដែលទុកចោលមិនឆ្ងាយប៉ុន្មានពីការដ្ឋានដែរ។ ក្រោយឡើងជិះកង់ លោកអ៊ំបន្តធាក់តម្រង់មករកក្រុមយើងទាំងទឹកមុខញញឹម ក្នុងកាយវិកាលាក្រុមការងារយើងជាថ្មី ហើយមកដល់ក្បែរក៏បង្អង់ល្បឿនបន្តិចរួចពោល ថា៖«ខ្ញុំលាសិនហើយក្មួយ»។ ពោលចប់ លោកអ៊ំបន្ថែមល្បឿនដោយធាក់បន្តឆ្ពោះទៅទិសខាងត្បូង។ 
 
ពេលលោកចាកចេញទៅឆ្ងាយផុតច្រើននាទី ក្រុមការងារអាជ្ញាធរជាតិអប្សរាបានប្រាប់យើងថា ផ្ទះរបស់លោកអ៊ំ ទិន ទើបតែត្រូវខ្យល់កន្ត្រាក់បោកបក់រលំប្រហែលជាពីរបីថ្ងៃមុនមកជួបសម្ភាសន៍ជាមួយក្រុមការងារយើងប៉ុណ្ណោះ៕
 

Tag:
 ប្រាសាទអង្គរ
  ទាវ ទិន
  បេតិកភណ្ឌវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com