កីឡាអន្តរជាតិ
អន្តរជាតិ
Sir Bobby Charlton វីរបុរស Man Utd មាន​ជំងឺ​វង្វេង​
02, Nov 2020 , 11:29 pm        
រូបភាព
Sir Bobby Charlton វីរបុរស Manchester United និង​ជម្រើសជាតិ​អង់គ្លេស រកឃើញថា​មាន​ជំងឺ​វង្វេងស្មារតី​។​


​ភរិយា​របស់លោក Charlton អ្នកស្រី Norma បានបញ្ជាក់​ពី​អាការ​ជំងឺ​ស្វាមី​របស់លោក​ស្រី​ទៅ​កាសែត​អង់គ្លេស Telegraph នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​។​
 
Sir Bobby ដែល​ជួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លើក​ពាន World Cup លើកដំបូង​ក្នុង​ឆ្នាំ ១៩៦៦ ធ្លាប់ជួយ Man Utd ឈ្នះ​ពានរង្វាន់​លី​គ​កំពូល​អង់គ្លេស​៣​សម័យ រួមទាំង European Cup (​សព្វថ្ងៃ Champions League) និង FA Cup ១​លើក អំឡុងពេល​រួមរស់​នៅ Old Trafford រយៈពេល​១៧​ឆ្នាំ​។​
 
​ក្រោយ​លឺដំណឹង​នេះ ក្លិប​រហស្សនាម​បិសាច​ក្រហម​បាន​សេចក្តីថ្លែងការណ៍​រួមមួយ​ថា​៖« អ្នក​រាល់គ្នា​នៅ Manchester United មានការ​សោកស្តាយ​ដែល​ជំងឺ​ដ៏​សាហាវ​នេះ​បានធ្វើ​ទុក្ខ​ដល់ Sir Bobby Charlton​។ យើង​បន្ត​ផ្តល់​ក្តី​ស្រឡាញ់ និង​ការគាំទ្រ​ដល់​លោក Sir Bobby និង​ក្រុមគ្រួសារ​របស់គាត់​ជានិច្ច​»​។​


 
Sir Bobby ដែល​សព្វថ្ងៃ​មាន​វ័យ ៨៣​ឆ្នាំ ជា​អ្នក​នៅ​រស់រានមានជីវិត​ពី​គ្រោះ​ធ្លាក់​យន្តហោះ​របស់​ក្រុម Man Utd នៅ​ក្រុង​មុយ​និ​ច ប្រទេស​អាល្លឺម៉ង់ កាលពី​ឆ្នាំ ១៩៥៨​។ បច្ចុប្បន្ន​លោក​ជា​នាយក​ផ្នែក​ម្នា​ក់នៅ​ក្លិប Man Utd ហើយ​ក្លិប​យក្ស​អង់គ្លេស​មួយ​នេះ​ថែមទាំង​ប្តូរ​ឈ្មោះ​ក្លិប​ទៅជា South Stand នៅ Old Trafford ដើម្បី​ជាការ​ផ្តល់​កិត្តិយស​ដល់​លោក​នៅ​ឆ្នាំ ២០១៦ ផង​។​
 
Sir Bobby បាន​បើក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ជួយ​ដល់​ជនពិការ​ដោយសារ​សង្គ្រាម​នៅ​កម្ពុជា​ទៀតផង ដែលមាន​ទីស្នាក់ការ​នៅ​ខេត្តពោធិ៍សាត់​៕
 

Tag:
 Sir Bobby Charlton
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com