ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ពោះវៀន​កំពុងមាន​បញ្ហា​ហើយ បើ​អាកា​រៈទាំង​នេះ​លេច​ឡើ​
03, Nov 2020 , 8:59 pm        
រូបភាព
​ពោះវៀន​ជា​សរីរាង្គ​ចាំបាច់​បំផុត​មួយ​ក្នុង​រាងកាយ​ដែល​ទាំង​អាហារ​ចូល​និង​ចេញពី​រាងកាយ​ត្រូវ​ឆ្លងកាត់​។ ពោះវៀន​ក៏​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​រក្សា​និង​ផ្ដល់​ថាមពល​ដល់​រាងកាយ​ផងដែរ​។ ដូច្នេះហើយ​ទើប​ការរក្សា​ឱ្យបាន​នូវ​សុខភាព​ពោះវៀន​ប្រសើរ គឺជា​អ្វីដែល​យើង​គ្រប់គ្នា​ត្រូវធ្វើ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​អាច​លេចឡើង​នៅពេល​ពោះវៀន​មាន​បញ្ហា ៖

 
១. សក់​ជ្រុះ​កាន់តែខ្លាំង​
 
​សក់​ជ្រុះ​អាចជា​បញ្ហា​ទូទៅ​បំផុត​មួយ ប៉ុន្តែ​ប្រសិនបើ​សក់​ជ្រុះ​ខ្លាំងពេក ឬ​ក្នុង​បរិមាណ​ច្រើន ហើយ​អ្នក​អាច​សម្គាល់​ឃើញ​ចំណុច​ទំពែក​នោះ​វា​អាចជា​អាកា​រៈ​គួរឱ្យកត់សម្គាល់​នៃ​ភាពមិនប្រក្រតី​នៃ​សុខភាព​ពោះវៀន​។ ក្រៅពី​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​បញ្ហា​ពោះវៀន​ក៏​អាច​បណ្ដាលឱ្យ​សក់​ជ្រុះ និង​ប្រែជា​ស្ដើង​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ពោះវៀន​មាន​តួនាទី​ក្នុង​ការផលិត​វីតាមីន B7 ឬ​បាយ​អូ​ទីន​ដែល​ជួយ​ទប់ស្កាត់​សក់​ជ្រុះ​និង​ជំងឺ​ស្បែក​ផ្សេងៗ​។​
 
២. ភាពប្រែប្រួល​ឡើង​ចុះ​នៃ​ទម្ងន់​រាងកាយ​
 
​ពោះវៀន​ដែល​ដំណើរការ​មុខងារ​មិនបាន​ប្រក្រតី​នាំឱ្យ​រាងកាយ​មិនអាច​ទទួលបាន​នូវ​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់​តាម​តម្រូវការ​។ ជា​លទ្ធផល​នៃ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​អសមត្ថភាព​ក្នុងការ​គ្រប់​គ្រាង​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​ជាតិ​ខ្លាញ់​។ ដូច្នេះ​សុខភាព​ពោះវៀន​ចុះខ្សោយ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​កើន​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​នាំឱ្យ​ស្រក​ផងដែរ​។​
 
៣. ភ្លាមៗ​ស្រាប់តែ​ប្រតិកម្ម​នឹង​អាហារ​មួយចំនួន​
 
​ប្រព័ន្ធ​រំលាយ​អាហារ​ទទួលខុសត្រូវ​ក្នុងការ​បំបែក​អាហារ​និង​កម្ចាត់​រាល់​ជាតិពុល​ចេញពី​អ្វីដែល​ពួកយើង​បានទទួល​ទាន​ចូល​។ នៅពេល​ពោះវៀន​មាន​បញ្ហា​នោះ​រាងកាយ​មិនអាច​កម្ចាត់​ជាតិពុល​ពី​ក្នុង​អាហារ​ឡើយ​ដែលជា​លទ្ធផល​នៃ​ការ​ប្រតិកម្ម​នឹង​អាហារ​មួយចំនួន​ភ្លាមៗ​។ រោគសញ្ញា​នៃ​ប្រតិកម្ម​អាហារ​រួមមាន​ចង្អោរ​ចង់​ក្អួត ឈឺពោះ ឡើង​ជាតិ​ហ្គាស រមួល​ក្នុង​ពោះ និង​រាគ​ជាដើម​។​
 
៤. ឃ្លាន​មិន​ឈប់​
 
​ប្រសិនបើ​មិន​ប្រតិកម្ម​នឹង​អាហារ​ទេនោះ អ្នក​អាច​នឹង​ជួបប្រទះ​អា​ការៈផ្ទុយ​វិញ​ដោយ​ចេះតែ​ឃ្លាន​អាហារ​មួយចំនួន​មិន​ឈប់​។ នេះ​ក៏​ព្រោះតែ​ពោះវៀន​ដែលមាន​បញ្ហា​មិនអាច​ដំណើរការ​បំបែក​អាហារ​ដែល​ពួកយើង​ទទួលទាន​បាន​ត្រឹម​ត្រូវជា​លទ្ធផល​នៃ​អតុល្យភាព​។ អតុល្យភាព​នេះ​អាច​បណ្ដាលឱ្យ​អ្នក​ប្រែជា​ឃ្លាន​ខ្លាំង​ពិសេស​អាហារ​សម្បូរ​ជាតិ​ស្ករ​និង​ជាតិ​ខ្លាញ់​។​
 
៥. ពិបាក​គេង​លក់បាន​ស្កប់​
 
​ដើម្បី​គេង​លក់បាន​ស្កប់​យើង​ត្រូវការ​អ័រម៉ូន​សេ​រ៉ូ​តូ​នី​ន (serotonin) ដែលមាន​ប្រសិទ្ធភាព​ជួយ​រាងកាយ​ក្នុងការ​គ្រប់គ្រង​អារម្មណ៍​និង​រដ្ដ​នៃ​ការ​គេង​។ ហើយ​ប្រសិនបើ​ដំណើរការ​មុខងារ​ពោះវៀន​មិន​ប្រក្រតី​ទេនោះ​បញ្ហា​ពិបាក​គេង​នឹង​កើតឡើង​ដែល​បង្ក​ជា​ជំងឺ​គេង​មិន​លក់​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ងាយ​ប្រឈមមុខ​ជាមួយ​ជំងឺ​ផ្សេងៗ​។​
 
៦. ឈឺពោះ​រាគ​ញឹកញាប់​
 
​ពោះវៀន​មិនល្អ ឬ​មាន​បញ្ហា​មិនអាច​នឹង​បំបែក​អាហារ​បាន​ត្រឹមត្រូវ​ឡើយ​ដែលជា​លទ្ធផល​នាំឱ្យ​អ្នក​ត្រូវ​ចូល​បន្ទប់ទឹក​ញឹកញាប់​ដោយ​ឈឺពោះ​។ ក្រៅពី​រាគ រោគសញ្ញា​ដទៃទៀត​ដូចជា​ហើមពោះ​និង​ឡើង​ហ្គាស ឬ​ក្រហាយ​ទ្រូង ទល់លាមក​ក៏​អាច​កើតឡើង​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com