ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់​ចៀសផុត​ជំងឺ​បេះដូង កុំ​រំលង​អត្ថបទ​នេះ​
04, Nov 2020 , 6:59 am        
រូបភាព
​បញ្ហា​បេះដូង​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ការកើនឡើង​អត្រា​មរណៈភាព​ក្នុង​ពិភពលោក​។  មិន​ថា​អ្នក​ស្ថិតក្នុង​វ័យ​ប៉ុន្មាន ឬ​ភេទ​អ្វី​ក៏​នៅតែ​អាច​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​។ ប៉ុន្តែ​កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖

 
១. របប​អាហារ​សុខភាព​ល្អ​
 
​របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​បេះដូង​។ ចូរ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ស្រស់ៗ​ឱ្យបាន​ច្រើន ចៀសវាង​អាហារ​កែច្នៃ គ្រឿង​ស្រវឹង និង​អាហារ​ដែល​អាច​បង្កើន​ក​ម្រិ​ត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
 
២. រក្សា​ទម្ងន់​រាងកាយ​ត្រឹមត្រូវ​មួយ​
 
​ភាពធាត់​ជ្រុល​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​ផ្សេងៗ​រួមទាំង​ជំងឺ​បេះដូង​។ នេះ​ជា​មូលហេតុ​ដែល​អ្នក​គួរ​រក្សា​ឱ្យបាន​នូវ​ទម្ងន់​ត្រឹមត្រូវ​មួយ​។ ដូច្នេះ​កុំ​ភ្លេច​ជ្រើសរើស​របប​អាហារ​សុខភាព​ល្អ​និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។​
 
៣. ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​
 
​មិនមែន​មានន័យថា​អ្នក​ចាំបាច់​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ឡើយ​! ត្រឹមតែ​ការដើរ​យ៉ាងហោចណាស់ ៣០ នាទី​ក្នុង​មួយថ្ងៃ​ក៏​ប្រសើរ​ចំពោះ​សុខភាព​បេះដូង​ណាស់​ទៅហើយ​។ ការ​ជិះ​កង់​ក៏​ជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​ផងដែរ​! ការ​ជិះ​កង់​ជួយ​ពង្រឹង​សាច់ដុំ​បេះដូង បញ្ចុះ​សម្ពាធ​ឈាម និង​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ដែល​សុទ្ធតែជា​កត្តា​សំខាន់​ដើម្បី​រក្សាបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ​ចៀសផុត​ហានិភ័យ​នៃ​ជំងឺ​បេះដូង ឬ​សូម្បីតែ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​
 
៤. គេង​ឱ្យបាន​គ្រប់គ្រាន់​
 
​ការ​គេង​មិនបាន​គ្រប់គ្រាន់​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​គេង​ឱ្យបាន​យ៉ាងហោចណាស់ ៧ ម៉ោង​ក្នុង​មួយ​យប់​។​
 
៥. មិន​ជក់បារី​
 
​បញ្ឈប់​ការជក់បារី​និង​ការពារ​ខ្លួន​ពី​ការ​ហិត​ផ្សែង​បារី​អ្នកដទៃ​។ ការជក់បារី​ជះ​ផលប៉ះពាល​ដល់​ស​សៃ​ឈាម​ដែល​បង្ក​គ្រោះថ្នាក់​សុខភាព​បេះដូង​គួរឱ្យ​បារម្ភ​។ ដូច្នេះ​នៅពេល​ឈប់​ជក់បារី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នឹង​ត្រូវបាន​កាត់បន្ថយ​គួរឱ្យកត់សម្គាល់​។​
 
៦. រក្សា​សម្ពាធ​ឈាម​ប្រក្រតី​
 
​អ្នក​គួរ​ទិញ​ប្រដាប់​វាស់​សម្ពាធ​ឈាម ហើយ​ឧស្សាហ៍​តាមដាន​សម្ពាធ​ឈាម​របស់ខ្លួន​។ ប្រសិនបើ​មាន​ភាពមិនប្រក្រតី​កើតឡើង​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​
 
៧. គ្រប់គ្រង​ស្ត្រេ​ស​
 
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​សុខភាព​ជាច្រើន​រួមទាំង​ជំងឺ​បេះដូង​និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។ ស្ត្រេ​ស​បន្ថយ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ហើយ​ថែមទាំង​បណ្ដាលឱ្យ​រាងកាយ​បង្កើន​ការផលិត​អ័រម៉ូន cortisol និង epinephrine ដែល​បង្កបញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​។ កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​នេះហើយ​ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​បេះដូង​៕
 
​សម្គាល់​! បេះដូង​របស់​អ្នក គឺជា​សរីរាង្គ​សកម្ម​បំផុត​មួយ​ក្នុង​រាងកាយ​។ វា​ធ្វើការ​ពេញ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ដូច្នេះ​ការរក្សា​ឱ្យបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ គឺ​ចាំបាច់​ណាស់​។ ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ ទទួលទាន​អាហារ​សុខភាព​ល្អ និង​ព្យាយាម​គ្រប់គ្រង​ស្ត្រេ​ស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com