កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​អា​ហ្ស​ង់​ទីន Maradona ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​
03, Nov 2020 , 10:42 am        
រូបភាព
​វីរបុរស​អា​ហ្ស​ង់​ទីន Diego Maradona ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ក្រុង La Plata នៃ​រដ្ឋ​Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ។ ប៉ុន្តែ​ជំងឺ​របស់​អតីត​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូបនេះ មិន​ត្រូវបាន​លម្អិត​ឡើយ​។​


Maradona ដែល​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​លើក​ពានរង្វាន់​ពិភពលោក World Cup នា​ឆ្នាំ​១៩៨៦​នោះ ត្រូវបាន​គេ​បញ្ជូនទៅ​គ្លីនិក​មួយកន្លែង ដោយសារ​មាន​បញ្ហា​សុខភាព ប៉ុន្តែ​មិន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នោះទេ​។ អតីត​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន ដែល​ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​ល្អ​អស្ចារ្យ គ្រប់ការ​ប្រកួត​នេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ធ្វើតេស្ត​សុខភាព​។​
 
​លោក​វេជ្ជបណ្ឌិត Leopoldo Luque ដែលជា​គ្រូពេទ្យ​ថែរក្សា​សុខភាព​ប្រចាំ​របស់​វីរ​បុស​អា​ហ្ស​ង់​ទីន​រូបនេះ បាន​និយាយថា Maradona មាន​សុខភាព​មិនសូវ​ល្អ មួយរយៈ​ពេលនេះ ដែល​នឹងត្រូវ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការតាមដាន​សុខភាព យ៉ាងហោចណាស់​៣​ថ្ងៃ​។​
 
​តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន Reuters ដែល​បាន​ស្រង់​សម្តី​លោក​វេជ្ជបណ្ឌិត Leopoldo Luque យ៉ាង​ដូច្នេះ​៖« Maradona គាត់​មាន​អារម្មណ៍​មិនសូវ​ល្អ ដែល​អាច​ប៉ះទង្គិច​ទៅដល់​សុខា​មាល​ភាព​ផ្នែក​ស្មារតី​។ គាត់​ត្រូវការ​ជំនួយ ដូច្នេះ​យើង​ត្រូវតែ​ជួយ​គាត់​ពេលនេះ​។​
 
​បច្ចុប្បន្ន Maradon គឺជា​គ្រូបង្វឹក​របស់​ក្លិប Gimnasia y Esgrima នៃ​ក្របខណ្ឌ​លី​គប្រ​ទេស​អា​ហ្ស​ង់​ទីន​។ អតីត​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន វ័យ​៦០​ឆ្នាំ​រូបនេះ តែង​តែង​ជួបប្រទះ​បញ្ហា​សុខភាព ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ជា​ញឹកញយ ជាច្រើន​ឆ្នាំ​មកនេះ ។ មូលហេតុ​ដែល​នាំ​ឱ្យអតីត​ខ្សែប្រយុទ្ធ Napoli ,Barcelona និង​Boca Juniors រូបនេះ ឧស្សាហ៍​ជួប​បញ្ហា​សុខភាព​នោះ ដោយសារ​ការរស់នៅ​ប្រើ​ជីវិត​បែប​ខ្ជះខ្ជាយ ។ នេះ​បើតាម Reuters​។​
 
​កាលពី​ខែមករា​ឆ្នាំ ២០១៩ អតីត​ខ្សែប្រយុទ្ធ​ក្រុម Napoli រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយសារ​មាន​បញ្ហា​ឈាម​ហូរ​ក្នុង​ពោះ​ខុស​ប្រក្រតី​។ កាលពី​អំឡុង World Cup ២០១៨ នៅ​រុស្ស៊ី Maradona ក៏​ធ្លាក់ខ្លួន​ឈឺ​ដែរ នៅពេល​អបអរ​ជ័យជម្នះ​អា​ហ្ស​ង់​ទីន យកឈ្នះ Nigeria ២​ទល់​១​។​
 
​មិនតែប៉ុណ្ណោះ Maradona ក៏​ធ្លាប់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​ឆ្នាំ ២០០៤ ដោយសារ​មាន​បញ្ហា​បេះដូង​និង​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​សារធាតុ​កូកាអ៊ីន​។ ក្រោយមក Maradona ក៏បាន​ទទួល​ការស្តារ​នីតិសម្បទា​គ្រឿងញៀន នៅ​ប្រទេស​គុយបា និង​អា​ហ្ស​ង់​ទីន មុនពេល​វះកាត់​ក្រពះ នៅ​ឆ្នាំ ២០០៥ ។ ឆ្នាំ​២០០៧ វីរបុរស​អា​ហ្ស​ង់​ទីន​រូបនេះ ក៏​ធ្លាប់បាន​ទៅពិនិត្យ​សុខភាព​ដែរ ក្រោយពី​ជួបប្រទះ​បញ្ហា​ប្រើប្រាស់​សារធាតុ​ស្រវឹង​ច្រើន​ហួស​៕

Tag:
 Maradona
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com