ជាតិ
​ជប៉ុន​ប្រកាស​ផ្តល់​គ្រឿង​ឥស្សរិយយស​ជូន លោក ស៊ន សំណាង អតីត​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​
03, Nov 2020 , 12:12 pm        
រូបភាព
​បណ្ឌិតសភា​ចា​រ្យ ស៊ន សំណាង អតីត​ប្រធាន និង​សាស្ត្រាចារ្យ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នឹង​ទទួលបាន​គ្រឿង​ឥស្សរិយយស​សម្រាប់​សរ​ទ​រដូវ​ឆ្នាំ​២០២០ ពី​រដ្ឋាភិបាល​ជប៉ុន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា​។​

 
​គ្រឿង​ឥស្សរិយយស​សម្រាប់​សរ​ទ​រដូវ​ឆ្នាំ​២០២០ (The Order of the Rising Sun, Gold Rays with Neck Ribbon) ដែល​ប្រកាស​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន ត្រូវបាន​ផ្តល់ជូន​សម្រាប់​បុគ្គល​ឆ្នើម​ដែល​រួមចំណែក ក្នុង​កិច្ចការ​សាធារណៈ ឬ ជាតិ និង​សមិទ្ធិផល​ដ៏​លេចធ្លោ​របស់​បុគ្គល​ទាំងនេះ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​នៅក្នុង​សង្គម​។ 
 
​សម្រាប់​លោក ស៊ន សំណាង ដែល​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន ទទួលស្គាល់​ចំពោះ​ការចូលរួម​វិភាគទាន​របស់លោក ក្នុង​កិច្ច​ការជំរុញ​នៃ​ការផ្លាស់ប្តូរ​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
«​បណ្ឌិតសភា​ចា​រ្យ ស៊ន សំណាង បាន​ចូលរួមចំណែក​ក្នុងការ​បណ្តុះបណ្តាល​មន្ត្រី​ការទូត​របស់​ស្ថានទូត​ជប៉ុន​ដែលជា​អ្នកជំនាញ​ភាសា​ខ្មែរ តាមរយៈ​ការផ្តល់​ឲ្យ​ស្នាក់នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក និង​ឱកាស​ផ្សេងទៀត​ដើម្បីឱ្យ​មន្ត្រី​ទាំងនោះ​មានការ​យល់ដឹង​កាន់តែ           ស៊ីជម្រៅ​អំពី​វប្បធម៌ និង​សង្គម​កម្ពុជា​»​។ នេះ​បើ​យោងតាម​ស្ថានទូត​ជប៉ុន ដោយ​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយយស នឹង​រៀបចំឡើង​នៅពេល​ខាងមុខ​៕ 
 

Tag:
 អប់រំ​
  ស៊ន សំណាង​
  ឥស្សរិយយស
© រក្សាសិទ្ធិដោយ thmeythmey.com