គន្លឹះសម្រាប់បក្សធំៗអាមេរិកទាំងពីរសាធារណរដ្ឋ និងប្រជាធិបតេយ្យ ដើម្បីយកជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី គឺដាក់មុខព្រួញលើរដ្ឋប្រទាញប្រទង់ (Swing State) ឬត្រូវបានស្គាល់ថា រដ្ឋពណ៌ស្វាយ។ រដ្ឋប្រទាញប្រទង់ទាំងនេះ គឺជាតំបន់ដែលគ្មានភក្តីភាពជាក់លាក់ទៅបក្សណាមួយ ហើយមានប្រវត្តិបោះឆ្នោតយោលទៅយោលមករវាងបេក្ខជនបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ។ រដ្ឋទាំងនេះ នឹងកំណត់ជោគវាសនាអ្នកឡើងទៅកាន់កាប់សេតវិមានអាមេរិក។
រដ្ឋប្រទាញប្រទង់ទាំង៨ ដែលអាចកំណត់អ្នកឈ្នះ ឬអ្នកចាញ់ក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០២០នេះ មានដូចជា រដ្ឋ Arizona (មាន១១ប្រតិភូតំណាង), រដ្ឋ Florida (២៩), រដ្ឋ Georgia (១៦), រដ្ឋ Michigan (១៦), រដ្ឋ Minnesota (១០), រដ្ឋ North Carolina(១៥), រដ្ឋ Pennsylvania (២០), និងរដ្ឋ Wisconsin(១០) ។
តើកត្តាអ្វីខ្លះកំណត់រដ្ឋមួយជារដ្ឋប្រទាញប្រទង់?
រដ្ឋប្រទាញប្រទង់ អាចផ្លាស់ប្តូរតាមវដ្តនៃការបោះឆ្នោតនីមួយៗ ហើយពួកវាអាចកំណត់ទៅបានដោយមើលទៅលើលទ្ធផលបោះឆ្នោតពីអតីតកាល ការស្ទាបស្ទង់មតិ និន្នាការនយោបាយ និងភាពខ្លាំង ឬភាពខ្សោយរបស់បេក្ខជនប្រធានាធិបតី ព្រមទាំងគោលនយោបាយពួកគេផងដែរ។ កត្ដាផ្សេងទៀត ដែលអាចមានឥទ្ធិពលលើការផ្លាស់ប្ដូរអត្តសញ្ញាណនៃរដ្ឋប្រទាញប្រទង់ គឺការប្រែប្រួលក្នុងចំនួនប្រជាជន និងប្រជាសាស្ត្រជាដើម។
ក្នុងឆ្នាំនេះ រដ្ឋ North Carolina, Florida, Michigan, Wisconsin និង Arizona អាចក្លាយជារដ្ឋដែលកំណត់លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិករវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន ។ ពួកវាជារដ្ឋដែលលោក ត្រាំ ធ្លាប់បានឈ្នះតិចតួចបំផុតទល់នឹងអ្នកស្រី ហ៊ីឡារី គ្លីនតុន ក្នុងឆ្នាំ២០១៦ ការរក្សាគ្រប់គ្រងរដ្ឋទាំងនេះ ជារឿងសំខាន់សម្រាប់ក្តីសង្ឃឹមជាប់ឆ្នោតអាណត្តិទី២របស់លោកត្រាំ។
គេសង្កេតឃើញថា ទាំងក្រុមឃោសនារបស់លោក បៃឌិន និងលោកត្រាំ សុទ្ធតែជះលុយយ៉ាងច្រើនសន្ធឹកលើការផ្សព្វផ្សាយ និងការធ្វើដំណើរទៅរដ្ឋប្រទាញប្រទង់ទាំង៦នេះ ហើយបេក្ខជនប្រធានាធិបតិទាំងពីរក៏សម្រុកធ្វើយុទ្ធនាការខ្លាំងនៅទីនេះផងដែរ។
រដ្ឋ ៣ រួមមានរដ្ឋ Wisconsin, រដ្ឋ Pennsylvania និងរដ្ឋ Michigan ដែលធ្លាប់ត្រូវបានចាត់ទុកជា ជញ្ជាំងខៀវ (Blue Wall) តែចុងក្រោយពួកវាត្រូវលោកត្រាំអូសទាញឲ្យក្លាយជារដ្ឋក្រហមវិញក្នុងការបោះឆ្នោតឆ្នាំ២០១៦។ «Blue Wall» ជាពាក្យនយោបាយដែលប្រើសំដៅលើរដ្ឋដែលបក្សប្រជាធិបតេយ្យរំពឹងខ្ពស់ថាឈ្នះ។ ចំណែក «រដ្ឋក្រហម» សំដៅរដ្ឋដែលបោះឆ្នោតឲ្យបក្សសាធារណរដ្ឋ ខណៈរដ្ឋខៀវ សំដៅរដ្ឋដែលបោះឆ្នោតឲ្យបក្សប្រជាធិបតេយ្យ។
យ៉ាងណាមិញ លោក បៃឌិន កំពុងនាំមុខការស្ទាបស្ទង់មតិក្នុងរដ្ឋ Michigan ដែលសម្បូរច្រើនទៅដោយពួកអាមេរិកស្បែកស រស់នៅជាយក្រុង សមាជិកក្រុមសហជីព និងសហគមន៍ពួកស្បែកខ្មៅអាមេរិក។ ប្រសិនបើលោក បៃឌិន ចាញ់ក្នុងរដ្ឋ Michigan នោះ វាពិបាកសម្រាប់លោកអាចឈោងចាប់តំណែងជាប្រធានាធិបតីអាមេរិកឆ្នាំនេះណាស់។
លោកស្រី ហ៊ីឡារី គ្លីនតុន ធ្លាប់សាងកំហុសធំមួយដោយមិនផ្តល់សារសំខាន់ដល់រដ្ឋ Wisconsin ពោលគឺអ្នកស្រីអត់ធ្លាប់ទៅធ្វើឃោសនានៅរដ្ឋនេះសូម្បីតែម្ដងអំឡុងឆ្នាំ២០១៦។ ចុងក្រោយអ្នកស្រី ចាញ់លោកត្រាំក្នុងរដ្ឋនេះ ទោះការស្ទាបស្ទង់មតិថាលោកស្រីនាំមុខក៏ដោយក្ដី។
មុនឆ្នាំ២០១៦ រដ្ឋ Pennsylvania ធ្លាប់ជារដ្ឋបក្សប្រជាធិបតេយ្យ ដោយមានសហគមន៍ឧស្សាហកម្មដែកថែប និងធ្យូងថ្មច្រើន និងមានចំណងជ្រាលជ្រៅជាមួយសហជីពពាណិជ្ជកម្ម។ លោក ត្រាំ បានសម្រុកធ្វើឃោសនាខ្លាំងនៅទីនោះក្នុងឆ្នាំ២០១៦ ដោយសន្យាស្ដារអាជីវកម្មជីករ៉ែ និងបង្កើតការងារឧស្សាហកម្មបន្ថែម ហើយលោកបន្តធ្វើបែបនេះម្ដងទៀតក្នុងការបោះឆ្នោតឆ្នាំ២០២០នេះ។ ចំណែក លោក បៃឌិន កើតក្នុងរដ្ឋនេះ ហើយលូតលាស់ក្នុងទីក្រុង Scranton ដែលបច្ចុប្បន្នប្រជាជនអាមេរិករស់នៅទីនេះ ភាគច្រើនជាអ្នកគាំទ្រលោក។
រដ្ឋ៣ទៀត ដែលប្រទាញប្រទង់ខ្លាំងក្នុងការបោះឆ្នោតឆ្នាំ២០២០នេះគឺ Florida, Arizona និង North Carolina ។ ជាទូទៅ រដ្ឋ Florida ជារដ្ឋអភិរក្សនិយម តែក៏មានប្រជាសាស្ត្រចម្រុះផងដែរ។ ចាប់តាំងពីឆ្នាំ ១៩៦៤មក បេក្ខជនណាមួយដែលឈ្នះរដ្ឋ Florida តែងឈ្នះសេតវិមាន តែលើកលែងឆ្នាំ១៩៩២ ចេញ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ បក្សប្រជាធិបតេយ្យ អត់ឈ្នះរដ្ឋ Arizona តាំងពីឆ្នាំ១៩៩៦មក តែកំណើនប្រជាជនឡាទីន ដែលផ្លាស់ទីពីរដ្ឋ California និងក្រុមនិស្សិតអាមេរិក អាចអូសទាញរដ្ឋនេះទៅកាន់បក្សប្រជាធិបតេយ្យវិញបាន។ ចំណែក North Carolina ធ្លាប់ជារដ្ឋបក្សសាធារណរដ្ឋយូរឆ្នាំហើយ ។ ពួកគេបោះឆ្នោតឲ្យបក្សសាធារណរដ្ឋក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដល់ដើមឆ្នាំ២០០០។ ជំហរនេះ បានប្រែប្រួលរនៅពេលលោក អូបាម៉ា ឈ្នះក្នុងឆ្នាំ២០០៨ ។
ម្យ៉ាងប្រជាសាស្ត្ររបស់រដ្ឋ North Carolina កំពុងផ្លាស់ប្តូរផងដែរ។ មនុស្សជាច្រើនមកពីរដ្ឋបក្សប្រធាធិបតេយ្យជាប្រពៃណី កំពុងផ្លាស់ទីទៅកាន់រដ្ឋនេះ។ ចង់ឬមិនចង់ ទម្លាប់បោះឆ្នោតក្នុងរដ្ឋនេះ គឺបែងចែងរវាងទីប្រជុំជន និងជនបទ។ ក្នុងឆ្នាំ ២០១៦ ពួករស់នៅជាយក្រុង បោះឆ្នោតឲ្យលោកត្រាំ ។
បេក្ខជនណានាំមុខក្នុងការស្ទាបស្ទង់មតិក្នុងរដ្ឋប្រទាញប្រទង់ទាំងនេះ?
អតីតអនុប្រធានាធិបតី ចូ បៃឌិន នាំមុខលោកត្រាំ ៦,៨ ពិន្ទុក្នុងការស្ទាបស្ទង់មតិថ្នាក់ជាតិ ដោយលោកទទួលបាន ៥០,៧ភាគរយទល់នឹង៤៣,៩ភាគរយ ។ នេះបើតាមវេបសាយ RealClearPolitics (RCP) នៅថ្ងៃទី៣ ខែវិច្ឆិកា។
លោក បៃឌិន ក៏មានប្រៀបលើលោកត្រាំ ក្នុងរដ្ឋប្រទាញប្រទង់ទាំង៨នេះផងដែរ ដោយការស្ទាបស្ទង់មតិបង្ហាញថា ការនាំមុខរបស់លោកបៃឌិន ដោយសារលោកទទួលការគាំទ្រពីក្រុមនិស្សិតអាមេរិកដែលចេញទៅបោះឆ្នោតថ្មីថ្មោង។ យ៉ាងណាមិញ លោក ត្រាំ បន្តអះអាងថា ការស្ទាបស្ទង់មតិទាំងនេះគឺខុស ហើយលោកនឹងបន្តយកជ័យជម្នះដូចឆ្នាំ២០១៦។
បច្ចុប្បន្ន ពលរដ្ឋអាមេរិកជិត១០០លាននាក់ហើយ បានបោះឆ្នោតរួចរាល់ ដែលនេះជាង២ភាគ៣នៃអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦។
តើប្រធានាធិបតីត្រូវជ្រើសរើសដោយរបៀបណា?
ប្រធានាធិបតី និងអនុប្រធានាធិបតី ពុំត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីសំណាក់ប្រជាជនអាមេរិកនោះទេ (Popular Vote)។ ជំនួសមកវិញ តំណែងកំពូលទាំងពីរនេះ នឹងត្រូវជ្រើសរើសដោយប្រតិភូតំណាង ឬជាភាសាអង់គ្លេសហៅថា Elector តាមរយៈ ប្រព័ន្ធបោះឆ្នោតដែលពឹងផ្អែកលើក្រុមប្រតិភូតំណាង ឬជាភាសាអង់គ្លេសហៅថា « Electoral College»។ ដំណើរការនេះ គឺមានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរិក។
ក្រោយប្រជាជនអាមេរិកបោះឆ្នោតសម្រាប់បេក្ខជនប្រធានាធិបតីដែលពួកគេពេញចិត្ត នៅតាមមណ្ឌលពួកគេរួចរាល់ សន្លឹកឆ្នោតទាំងនេះត្រូវបានរាប់តាមរដ្ឋពួកគេរៀងៗខ្លួន។ សម្រាប់រដ្ឋអាមេរិកចំនួន៤៨ បូកនឹងរដ្ឋធានីវ៉ាស៊ីនតោន បេក្ខជនដែលមានសំឡេងច្រើនជាងគេ នឹងកើបយកសំឡេងឆ្នោតពីប្រតិភូទាំងអស់តែម្ដងនៅក្នុងរដ្ឋដែលខ្លួនឈ្នះនោះ។ ដោយឡែក រដ្ឋ Maine និង Nebraska ចាត់ចែងចំនួនប្រតិភូតាមរយៈប្រព័ន្ធសមាមាត្រទៅតាមសំឡេងឆ្នោតដែលទទួលបាន។
រដ្ឋអាមេរិកនីមួយៗ មានចំនួនប្រតិភូ ស្មើនឹងចំនួនសមាជិកសភាអាមេរិកទាំងពីរ (បូកទាំងសភាតំណាង និងព្រឹទ្ធសភា) ដែលរដ្ឋខ្លួនមាន ។ ជាឧទាហរណ៍ រដ្ឋកាលីហ្វ័រនីញ៉ាមាន ប្រតិភូរហូតដល់ ៥៥ នាក់ ដែលច្រើនជាងបង្អស់ ដោយតាមពីក្រោយដោយរដ្ឋ Texas មានប្រតិភូសរុប ៣៨នាក់ ហើយទីក្រុង ញូវយ៉ក មាន២៩នាក់។ ទាំងបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ សុទ្ធតែមានបេក្ខជនប្រតិភូតំណាងបក្សខ្លួន។
ឧទាហរណ៍ រដ្ឋកាលីហ្វ័រនីញ៉ា មានចំនួនប្រតិភូសរុប ៥៥នាក់។ បើលោក ត្រាំ មានសំឡេងច្រើនជាងលោក បៃឌិន ក្នុងរដ្ឋនេះ លោក ត្រាំ នឹងទទួលបានប្រតិភូទាំង៥៥នាក់តែម្ដង។
បេក្ខជនប្រធានាធិបតីអាមេរិក ត្រូវការសំឡេងឆ្នោតយ៉ាងតិច ២៧០ សន្លឹកពីប្រតិភូដែលស្មើជាងពាក់កណ្ដាលនៃប្រតិភូសរុប (៥៣៨នាក់) ដើម្បីឈ្នះការបោះឆ្នោតអាមេរិក។ ជាធម្មតា លទ្ធផលឈ្នះចាញ់បានប្រកាសនាយប់ថ្ងៃបោះឆ្នោត ក្នុងខែវិច្ឆិកា ក្រោយប្រជាជនបោះឆ្នោតចប់រួចរាល់។ ក៏ប៉ុន្តែ ការបោះឆ្នោតតាមរយៈប្រព័ន្ធប្រតិភូតំណាង ជាក់ស្ដែង រៀបចំឡើងនៅពាក់កណ្ដាលខែធ្នូ នៅពេលក្រុម ប្រតិភូជួបគ្នាក្នុងរដ្ឋពួកគេរៀងៗខ្លួន។
ក៏មានករណីពិសេសផងដែរ គឺនៅពេលដែលបេក្ខជនប្រធានាធិបតីឈ្នះការបោះឆ្នោតតាមប្រព័ន្ធប្រតិភូតំណាង តែចាញ់ការបោះឆ្នោតសាកលក្នុងចំណោមប្រជាជនអាមេរិក។ ករណីបែបនេះកើតឡើងចុងក្រោយនៅក្នុងឆ្នាំ២០១៦ រវាងលោក ត្រាំ និងអ្នកស្រី គ្លីនតុន។ កាលនោះ ក្នុងការបោះឆ្នោតជាសាកលទូទាំងសហរដ្ឋអាមេរិក អ្នកស្រី គ្លីនតុន បានទទួលសំឡេងគាំទ្រច្រើនជាងលោក ត្រាំ។ ប៉ុន្តែបញ្ហានៅត្រង់ថា លោក ត្រាំ ទទួលបានសំឡេងពីប្រតិភូតំណាងច្រើនជាងអ្នកស្រី គ្លីនតុន។
ម្យ៉ាងទៀត ប្រសិនបើគ្មានបេក្ខជនប្រធានាធិបតីណា ទទួលបានសំឡេងភាគច្រើនតាមរយៈការបោះឆ្នោតតាមប្រព័ន្ធប្រតិភូតំណាងទេ ការជ្រើសរើសប្រធានាធិបតីនឹងធ្លាក់ទៅដល់ដៃសភាតំណាងវិញ។ នៅទីនោះ សមាជិកសភាតំណាងអាមេរិក នឹងជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីក្នុងចំណោមបេក្ខជនកំពូល៣នាក់។ ចំណែក ព្រឹទ្ធសភា នឹងបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតីអាមេរិកថ្មីក្នុងចំណោមបេក្ខជនកំពូល២នាក់។ ករណីនេះកើតឡើងម្ដងប៉ុណ្ណោះ ដោយក្នុងឆ្នាំ១៨២៤ សភាតំណាងអាមេរិក បានបោះឆ្នោតរើសលោក John Quincy Adams ជាប្រធានាធិបតី៕