កីឡាជាតិ
ជាតិ
លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ស្នើ​ឲ្យ​គ្រឹះស្ថានសិក្សា រៀបចំ​ឲ្យ​មាន​កន្លែង​ហ្វឹកហាត់​កីឡាវាយកូនឃ្លីលើតុ​
03, Nov 2020 , 10:29 pm        
រូបភាព
លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា, រូបភាពពី Cambodia SEA Games 2023
លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា, រូបភាពពី Cambodia SEA Games 2023
ដោយ:
លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ចង់ឃើញ​សា​សា​រៀន និង​គ្រឹះស្ថានសិក្សា​នានា ក្លាយជា​កន្លែង​បណ្តុះបណ្តាល​ធនធាន​កីឡាករ​វាយ​កូនឃ្លី​តុ​។ លោក ចាត់ទុក​សាលារៀន​ជា​ប្រភព​ផ្តល់​ធនធាន​កីឡាករ​ដ៏​សំខាន់​សម្រាប់​សហព័ន្ធ​ក្នុង​ដំណើរ​ត្រៀម​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣​។​

 
​ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បានលើកឡើង​ពី​គុណសម្បត្តិ​របស់​សាលារៀន​និង​គ្រឹះស្ថានសិក្សា​នានា ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​កីឡាករ​កីឡាការិនី​ប្រកបដោយ​គុណភាព​ខ្ពស់​។ ទន្ទឹមនឹងនេះ លោក ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ និង​គ្រឹះស្ថានសិក្សា​ទាំង​ឯកជន និង​រដ្ឋ ជួយ​សម្របសម្រួល និង​រៀបចំ​ឲ្យ​មាន​ជា​កន្លែង​ហ្វឹកហាត់​លើ​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ​។ 
 
​ការស្នើ​នេះ ធ្វើឡើង​ក្រោយ លោក យល់ថា មានតែ​សាលា​ប៉ុណ្ណោះ ដែលជា​ប្រភព​ផ្តល់​ធនធាន​កីឡាករ​ដ៏​សំខាន់​សម្រាប់​សហព័ន្ធ​ខ្លួន ក្នុង​ដំណើរ​ឆ្ពោះទៅ ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ម្យ៉ាងទៀត លោក សង្កេតឃើញថា នៅតាម​សាលា និង​គ្រឹះស្ថានសិក្សា​ភាគច្រើន​ពុំ​សូវ​មាន​កន្លែង​ហ្វឹកហាត់​កីឡាវាយកូនឃ្លីលើតុ​នោះទេ​។ 
 
«​ខ្ញុំ​សូម​ពា​វ​នាវ​ដល់​លោកនាយក​វិទ្យាល័យ សាកលវិទ្យាល័យ និង​គ្រឹះស្ថានសិក្សា​ទាំងអស់​នៅ​កម្ពុជា សូមជួយ​យកចិត្តទុកដាក់ និង​បង្កលក្ខណៈ បង្ក​លទ្ធភាព ឬ​រៀបចំ​កន្លែង​តាម​គ្រឹះស្ថានសិក្សា​របស់ខ្លួន ដើម្បី​ឲ្យ​មាន​កីឡាវាយកូនឃ្លីលើតុ​។ យើងខ្ញុំ​យក់​ថា សាកលវិទ្យាល័យ វិទ្យាល័យ និង​គ្រឹះស្ថានសិក្សា គឺជា​ថ្នាល​ដ៏​សំខាន់បំផុត ដែល​អាច​បង្កលក្ខណៈ​ឲ្យ​កីឡាវាយកូនឃ្លីលើតុ​មានការ​រីកចម្រើន​»​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ស្នើ​បែបនេះ​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​លើក​ទី​១ កាលពីពេល​កន្លងទៅ​ថ្មីៗ​។ 
 
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រូបនេះ អះអាងថា លោក នឹង​ជួយ​គាំទ្រ និង​លើក​ទឺ​ក​ចិត្ត​ដល់​គ្រឹះស្ថានសិក្សា​ណា ដែល​រៀបចំ​ឲ្យ​មាន​ជា​កន្លែង​ហ្វឹកហាត់​កីឡាវាយកូនឃ្លីលើតុ​នៅ​គ្រឹះស្ថានសិក្សា​របស់ខ្លួន​។ ប៉ុន្តែ លោក មិនបាន​បញ្ជាក់​លម្អិត​ពាក់ព័ន្ធ​ការជួយ​គាំទ្រ​លើ​ផ្នែក​អ្វីខ្លះ​នោះទេ​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ក៏បាន​លើក​ពី​សារសំខាន់ និង​គុណសម្បត្តិ​របស់​កីឡាវាយកូនឃ្លីលើតុ​។ លោក​អះអាងថា កីឡា​វាយ​កូនឃ្លី​តុ​មិន​ត្រឹមតែ​ជួយ​ឲ្យ​មនុស្ស​មាន​ភាពរហ័សរហួន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ពង្រឹង​ផ្នែក​ស្មារតី និង​ការចងចាំ​បានល្អ​ទៀតផង​។ ជាពិសេស ធ្វើ​ឲ្យ​កីឡាករ​ចេះ​អត់ធ្មត់ និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្ងប់​។ 
 
​ជាមួយគ្នានេះ លោក ក៏បាន​បង្ហាញ​ពី​គម្រោង​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​កីឡាការិនី ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម និង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ​។ ក្នុងនោះ​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​តុ​កម្ពុជា នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៨​រូប ឲ្យ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ចិន​រយៈពេល​វែង​។ គម្រោង​នេះ គ្រោង​ធ្វើឡើង​នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១ ប្រសិនបើ​ស្ថានភាព​ឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ​៕ 
 
 
 

Tag:
 វាយ​កូនឃ្លី​លើ​តុ​
  គៀត ច័ន្ទ​ថា​រិ​ទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com