ជាតិ
សេវា​ដឹកជញ្ជូន​ផ្លូវ​អាកាសចរ ធនធានទឹក និង​កសិកម្ម​រវាង​ក​ម្ពុ​ជា និង​ហុង​គ្រី ត្រូវបាន​ចុះហត្ថលេខា​
03, Nov 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ចំនួន​៣ រវាង​កម្ពុជា និង​ហុង​គ្រី ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ នៅ​ថ្ងៃទី​៣ វិច្ឆិកា​នេះ ក្រោយ​ជំនួប​រវាង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ភី​ធ័​រ ហ្សី​យា​តូ រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ថ្ងៃទី​៣ វិច្ឆិកា​នេះ​។​


​កិច្ចព្រមព្រៀង​ចំនួន​៣ រួមមាន​៖១ កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ,២ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី និង​ចុងក្រោយ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​។​
 
​ក្រៅពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំងនេះ ហុង​គ្រី ក៏​បើក​ការិយាល័យ​ស្ថានទូត​ហុង​គ្រី​ជា​ផ្លូវការ​នៅ​កម្ពុជា​ផង នៅ​ថ្ងៃទី​៣ វិច្ឆិកា ឆ្នាំ​២០២០​។ នេះ​បើតាម​លិខិត​របស់​ក្រសួងការបរទេស ដែល​បញ្ជាក់​ពី​ដំណើរ​ទស្ស​កិច្ច​របស់​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី លោក ភី​ធើ ស៊ី​ចា​តូ​(Péter Szijjártó)​។​
 
​កន្លងមក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ធ្វើដំណើរ​ទស្សនកិច្ច​២​ដង​មកហើយ នៅ​ហុង​គ្រី មុននឹង​លោក Janos Ader ប្រធានាធិបតី​ហុង​គ្រី មកកាន់​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០១៩ ។​
 
​កម្ពុជា និង​ហុង​គ្រី បានចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​លើកដំបូង តាំងពី​ឆ្នាំ​១៩៥៦​មកម្ល៉េះ​។ ប៉ុន្តែ​២០​ឆ្នាំក្រោយ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ក៏បាន​កាត់ផ្ដាច់​មួយរ​យៈ ដោយសារ​កម្ពុជា​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ដោយ​របប​ខ្មែរក្រហម នា​ឆ្នាំ​១៩៧៥​។ កម្ពុជា និង​ហុង​គ្រី ក៏បាន​ចាប់ផ្ដើម​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ឆ្នាំ​១៩៧៩ ក្រោយពី​ដួល​រំលំ​របប ប៉ុល ពត ៕

Tag:
 ការទូត​
  ហុង​គ្រី
© រក្សាសិទ្ធិដោយ thmeythmey.com