Rodrygo បានក្លាយជាវីរបុរសដើម្បីជួយ Real Madrid ទទួលបាន៣ពិន្ទុជាលើកដំបូងពីការប្រកួត Champions League ពូល B ក្រោយឈ្នះ Inter Milan ៣-២។ Ajax Amsterdam ដែលអវត្តមានកីឡាករ១១នាក់ដោយសារឆ្លង COVID-19 ក៏ស្គាល់ជ័យជម្នះលើកដំបូងផងដែរតាមរយៈការយកឈ្នះ FC Midtjylland ២-១។
នាជំនួបវគ្គសន្សំពិន្ទុពូល B នៅទីលានហ្វឹកហាត់ Alfredo Di Stefano នៅរាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ម្ចាស់ផ្ទះ Real Madrid បានបើកការនាំមុខ២គ្រាប់មុនដោយកីឡាករ Karim Benzema និង Sergio Ramos មុនពេល Lautaro Martinez និង Ivan Perisic ស៊ុតតាមស្មើឲ្យ Inter Milan ២-២ វិញ។ យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Rodrygo បានជួយក្រុមយក្សអេស្ប៉ាញទទួលបានជ័យជម្មះជាលើកដំបូងចំណោមការប្រកួត៣លើក ដោយការសម្រេចទីនៅនាទី៨០។
ជ័យជម្នះ ៣-២ លើក្រុមអ៊ីតាលី បានជួយក្រុមរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane ទទួលបាន៤ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៣ពូល B ខណៈ Inter Milan នៅបាតតារាងមាន ២ពិន្ទុ។ ក្នុងពូលនេះដែរ Shakhtar Donetsk ដែលបានយកឈ្នះ Real Madrid នៅជំនួបបើកឆាក បានរងបរាជ័យយ៉ាងអាម៉ាស់ក្រោយចាញ់ Borussia Moenchengladbach ក្នុងដីខ្លួនឯងដល់ទៅ ៦-០។
ក្រុមអ៊ុយក្រែន Shakhtar Donetsk ធ្លាក់មកចំណាត់ថ្នាក់ទី២វិញ ដោយរកបាន៤ពិន្ទុ ខណៈ Moenchengladbach របស់អាល្លឺម៉ង់ ឡើងទៅឈរកំពូលតារាងពូល B មាន៥ពិន្ទុ។
ដោយឡែក Ajax ឯណោះវិញ បើទោះជួបវិបត្តិកីឡាករកើត COVID-19 ដល់ទៅ១១នាក់ក្តី ក្រុមនៃលីគកំពូលហូឡង់នេះនៅតែអាចយកឈ្នះម្ចាស់ផ្ទះ Midtjylland ២-១ និងជាការទទួលបាន៣ពិន្ទុលើកដំបូងពីការប្រកួត៣លើកក្នុងពូល D ផងដែរ។
តាមរយៈជ័យជម្នះនេះ Ajax បានឡើងទៅលេខ២ពូល D វិញ ដោយមាន៤ពិន្ទុស្មើ Atalanta ដែលរងបរាជ័យធ្ងន់កក្រោមថ្វីជើង Liverpool ក្នុងលទ្ធផល ៥-០។ ក្រុមហង្សក្រហមនៅតែរក្សាក្រុមកំពូលតារាងដោយរកបាន៩ពិន្ទុពេញ ស្របពេល Midtjylland នៅបាតរាងគ្មានពិន្ទុរាប់នៅឡើយ។
លទ្ធផលគូដទៃក្នុងការប្រកួតក្នុងក្របខណ្ឌកំពូលអឺរ៉ុបនៅរាត្រីថ្ងៃទី១៣ ខែវិច្ឆិកាមាន៖
ពូល A
Lokomotiv Moscow ១-១ Atletico Madrid
Salzburg ២-៦ Bayern Munich
ពូល B
Shakhtar Donetsk ០-៦ Borussia Moenchengladbach
Real Madrid ៣-២ Inter Milan
ពូល C
FC Porto ៣-០ Marseille
Manchester City ៣-០ Olympiacos